ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​៣​កំពត​-​ភ្នំពេញ និង​កំពត​-​ខេត្ត​ព្រះ​សីហ​នុ​ខូចខាត​ធ្ងន់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ គួរ​ឲ្យ​អនិច្ចា​ផ្លូវជាតិ​លេខ​៣ កំពត​ភ្នំពេញ និង​កំពត​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយ​នឹក​ស្មាន​មិន​ដល់ និង​មិន​ធ្លាប់​មាន​សោះ​តាំងពី​មុន​មក ។ ផ្លូវជាតិ​លេខ​៣…

ខេត្តកំពត ៖ គួរ​ឲ្យ​អនិច្ចា​ផ្លូវជាតិ​លេខ​៣ កំពត​ភ្នំពេញ និង​កំពត​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយ​នឹក​ស្មាន​មិន​ដល់ និង​មិន​ធ្លាប់​មាន​សោះ​តាំងពី​មុន​មក ។

ផ្លូវជាតិ​លេខ​៣ ចាប់ពី​ព្រំប្រទល់​ខេត្តតាកែវ​ផ្លូវបំបែក​គូស​ចេញ​ទៅ​ផ្លូវ​លេខ​៣១ តាម​ផ្លូវ​តានី ស្រុក​អង្គរ​ជ័យ រហូត​ឆ្លង​ចូល​ផ្លូវ​លេខ​៣៣ ចេញពី​ស្រុក​កំពង់ត្រាច​ឆ្លងកាត់​ខេត្ត​កែប ក៏​ត្រូវ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ជា​ច្រើន​កន្លែង​ផង​ដែរ ។ រីឯ​ចេញពី​ផ្លូវបំបែក​គូស​មក​កាត់​ស្រុក​ឈូក រហូត​ដល់ទី​រួម​ខេត្តកំពត និង​ចេញពី​ក្រុង​កំពត​រហូត​ទៅ​ដល់​វាល​រេញ​ព្រំប្រទល់​ខេត្ត​ព្រះ​សីហ​នុ​ក៏​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ។ ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​រិះគន់​លើ​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​ធ្វើ​ផ្លូវ​កន្លង​មក​នោះ​ថា ធ្វើ​អត់​ស្តង់ដា​បច្ចេកទេស​ត្រឹមត្រូវ​ទើប​ផ្លូវជាតិ​ប៉ុន្មាន​ខ្សែ​ដែល​ឆ្លងកាត់​ខេត្តកំពត​នេះ រង​ការ​ខូចខាត​យ៉ាងដំណំ​ដូច​គ្នា​យ៉ាងនេះ ។

ប្រភព​ខ្លះ​ទៀត​បាន​រិះគន់​ថា មក​ពី​រថយន្ត​ផ្ទុកទំនិញ​លើស​ចំណុះ ទើប​បណ្តាល​ឲ្យ​ផ្លូវ​ខូច​ដូច្នេះ ហើយ​គួប​ផ្សំ និង​ឆ្នាំ​នេះ​ភ្លៀង​ក៏​ធ្លាក់​ជាប់​ទើប បណ្តាល​ឲ្យ​ផ្លូវ​ដែល​ទើប និង​កសាង​ហើយ​ថ្មី​ៗ​ត្រូវ​រថយន្ត​ដឹក​ធ្ងន់​ហួស​ចំណុះ ឆ្លងកាត់​ជា​ញឹកញាប់​ផង​នោះ ទើប​បណ្តាល​ឲ្យ​ផ្លូវ​ដាច់​ជា​បន្តបន្ទាប់ ។ ហើយ​នៅ​ក្នុង​នោះ​ផង​ដែរ​ពេល​ខូច​តិចតួច​ជួសជុល​មិនកើត​ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ជាប់​រហូត​ទើប​បណ្តាល​ឲ្យ​ខូចខាត​កាន់តែ​ខ្លាំង​ទៅ​ៗ​រហូត​ដល់​ពេល​នេះ គឺ​ផ្លូវជាតិ​ស្ទើរ​ក្លាយជា​ផ្លូវឌឿងហែម​ទៅ​ហើយ ។ ចំណុច​នៃ​ការ​ខូចខាត​ផ្លូវជាតិ​លេខ​៣​នេះ​ផង​ដែរ មាន​ប្រភព​ព័​ត៌​មួយ​ចំនួន​បាន​ផ្តល់​ការ​វិភាគ​ឲ្យ​ឃើញ​ពី​ផល​ប៉ះពាល់​ខ្លះ​ៗ​ក្នុង​កំឡុង​ខែកក្កដា ដែល​មាន​គ្រោះ​ទឹកជំនន់ បាន​កាត់​ផ្តាច់​ផ្លូវជាតិ​លេខ​៤ ជា​ច្រើន​កន្លែង ហើយ​មិន​អាច​ធ្វើ​ចរាចរណ៍​ដឹក​ទំនិញ​បាន គឺ​ផ្លូវជាតិ​លេខ​៤ បាន​ផ្អាក​ការ​ធ្វើ​ចរាចរណ៍ ហើយ​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​ត្រូវ​បង្វែរ​មក​ធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៣​មួយ​រយៈ​វិញ​ផង​នោះ ទើប​បណ្តាល​ឲ្យ​ផ្លូវ​ដែល​ទើប និង​កសាង​ថ្មី​ខាងលើ​នេះ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដូច្នេះ ។

ការ​ខូចខាត​ផ្លូវ​ខាងលើ​នេះ​ផង​ដែរ កាលពី​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ ២០១៨​កន្លង​មក លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លោក​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ចុះ​ពិនិត្យ​ផ្ទាល់ ដើម្បី​សិក្សាការ​ខូចខាត​ផ្លូវជាតិ​លេខ​៣​នេះ និង​ត្រូវ​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើការ​ជួសជុល​ជា​បណ្តោះអាសន្ន​នៅ​មុន​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នា​ពេល​កន្លង​មក​ផង​ដែរ ។

ជុំវិញ​ការ​ស្តារ​ជា​ថ្មី​ផ្លូវជាតិ​លេខ​៣​នេះ លោក​ពេជ្រ រ​ដ្ឋា អនុប្រធាន​មន្ទីរ​សារ​ធា​រណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ស្តារ និង​សាងសង់​ថ្មី​នូវ​ផ្លូវជាតិ​លេខ​៣​នេះ​ជា​បន្ទុក​ទទួលខុសត្រូវ​របស់​ក្រសួង​ដែល​ត្រូវ​ទទួល​ធ្វើ ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ផ្លូវជាតិ​លេខ​៣ ចាប់ពី​ផ្លូវបំបែក​គូស​មក​ដល់​ក្រុង​កំពត​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ដេញថ្លៃ​ធ្វើ​មួយ​ចំណែក ។

រីឯ​មួយ​ផ្នែក​ទៀត​ចាប់ពី​ក្រុង​កំពត​រហូត​ទៅ​ដល់​ផ្លូវបែក​វាល​រេញ​ព្រំប្រទល់​ខេត្ត​ព្រះ​សីហ​នុ​ក៏​ក្រុមហ៊ុន​ចិន​មួយ​ក្រុមហ៊ុន​ផ្សេង​ទៀត​ជា​អ្នក​ដេញថ្លៃ​ធ្វើ ។ លោក​បាន​បន្ត​ថា ហើយ​ការ​ស្តារ​ឡើង​វិញ​ផ្លូវជាតិ​លេខ​៣​ដែល​ក្រុមហ៊ុន​ចិន​ធានា​ធ្វើ​នេះ គឺ​ធ្វើ​នៅ​ខែតុលា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

លោក ពេជ្រ រ​ដ្ឋា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មុន និង​ស្តារ​ផ្លូវ​នេះ​ឡើង​វិញ​ក្រុមហ៊ុន​ចិន​ដែល​ដេញថ្លៃ​បាន​នោះ​ត្រូវ​ជួសជុល​ជា​បណ្តោះអាសន្ន ដើម្បី​បង្ក​ការ​ងាយស្រួល​ដល់​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​មិន​អំណោយផល គឺ​ភ្លៀង​ធ្លាក់​ជាប់​រហូត​ទើប​ក្រុមហ៊ុន​ដែល​ត្រូវធ្វើ​ផ្លូវ​នោះ​ត្រូវ​អាក់​ខានមិនបាន​ជួសជុល​បណ្តាល​ឲ្យ​ផ្លូវ​កាន់តែ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​យ៉ាងនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ