ខេត្ដបាត់ដំបង ៖ ដោយមិនអាចរង់ចាំការសន្យាដែលមិនឃើញធ្វើពីសំណាក់ថៅកែផ្សារបឹងឈូកទាក់ទិននឹងការរៀបចំជួសជុលផ្លូវថ្នល់ ឬសណ្ដាប់ធ្នាប់ផ្សារបឹងឈូកឡើងវិញ និងមិនអាចទទួលរងការរិះគន់អំពីភាពកខ្វក់នៅតំបន់ផ្សារបឹងឈូកដែលធ្វើឱ្យខូចសោភ័ណភាពក្នុងក្រុងបាត់ដំបងទាំងមូលពីសំណាក់ប្រជាពលរដ្ឋ និងមន្ដ្រីនានានោះ នៅព្រឹកថ្ងៃទី២០ មេសា អាជ្ញាធរក្រុងបានបង្ខំឱ្យថៅកែរផ្សារប្រើគ្រឿងចក្រឈូសឆាយសំអាតតាមដងផ្លូវនានាក្នុងតំបន់ផ្សារបឹងឈូកដោយដឹកនាំបញ្ជាដោយផ្ទាល់ពីលោកអ៊ុយ រី អភិបាលក្រុងបាត់ដំបង។លោកអ៊ុយ រី ប្រាប់កោះសន្ដិភាពនៅការដ្ឋាននោះថា “បើយើងមិនចុះធ្វើ ឬពិនិត្យដោយផ្ទាល់ទេ គឺថៅកែផ្សារនៅតែចចេស មិនព្រមធ្វើតាមកិច្ចសន្យាដដែល ។
នេះគឺយើងគ្រាន់តែចាប់ផ្ដើមជំហានដំបូងប៉ុណ្ណោះ ដែលយើងជំរុញឱ្យក្រុមហ៊ុនផ្សារបឹងឈូកត្រូវតែប្រើគ្រឿងចក្រឈូសឆាយសំអាតថ្នល់នានាក្នុងតំបន់អភិវឌ្ឍន៍ផ្សារបឹងឈូកនេះ ហើយយើងបន្ដរៀបចំសណ្ដាប់ធ្នាប់ទៀត” ។តំបន់ផ្សារបឹងឈូកមានទំហំផ្ទៃដីចំនួន ៦៥.៩១៧ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍ដោយក្រុមហ៊ុន “គឹម ហុក ហេង” ដែលមានលោកតាន់ ឈុន ជា ប្រធាន ។ ក្រុមហ៊ុននេះបានបន្ដកាន់កាប់អាណត្ដិទី២ដែលមានរយៈពេល៤៥ឆ្នាំចាប់ពី ឆ្នាំ២០០២ តទៅ បន្ទាប់ពីអាណត្ដិទី១ត្រូវ បានបញ្ចប់ដែលមានរយៈពេល១០ឆ្នាំ ។ នៅក្នុងកិច្ចសន្យានៃអាណត្ដិទី២នេះ ក្រុមហ៊ុន មានទឹកប្រាក់សំរាប់វិនិយោគផ្សារចំនួន១លានដុល្លារ ហើយត្រង់ប្រការ៥ក្រុមហ៊ុន ត្រូវធានាទាំងស្រុងអំពីគុណភាព និងសុវត្ថិភាពនៃការសាងសង់ និងជួសជុលសំណង់ដោយអនុវត្ដតាមបទដ្ឋានបច្ចេកទេសមាន ការតាមដានត្រួតពិនិត្យពីគណៈកម្មការចំរុះ របស់ខេត្ដ ។
ក្នុងករណីមានការខូចខាតដែលបណ្ដាលមកពីគុណភាព ឬខុសលក្ខណៈ បច្ចេកទេសក្រុមហ៊ុននេះត្រូវតែជួសជុលទាំងស្រុង ដោយពុំទាមទារបញ្ចុះតំលៃ ឬបង្កើនរយៈពេលធ្វើអាជីវកម្មឡើយ ប៉ុន្ដែកន្លងមកក្រុមហ៊ុននេះមិនបានគោរពនូវកិច្ចសន្យានោះឡើយ បើទោះជាមានការស្នើសុំពីសំណាក់អាជ្ញាធរឱ្យធ្វើការជួសជុលផ្លូវ ឬរៀបចំសណ្ដាប់ធ្នាប់ក៏ក្រុមហ៊ុននេះមិនស្ដាប់ដែរ ។បើតាមការពិនិត្យជាក់ស្ដែងនៅតំបន់ផ្សារបឹងឈូកនេះនៅរដូវវស្សាពួកអាជីវករដូចលក់នៅក្នុងបឹង ។ ប្រព័ន្ធលូមានការកកស្ទះធ្វើឱ្យមានភាពកខ្វក់យ៉ាងខ្លាំងនៅតាមដងផ្លូវនានា។ លោកអ៊ុយ រី អភិបាលក្រុងបាត់ដំបងបានរិះគន់ជាបន្ដបន្ទាប់ដល់ក្រុមហ៊ុន របស់លោកតាន់ ឈុន នេះ ។ លោកអភិ បាលក្រុងធ្លាប់ប្រាប់ថា ក្រុមហ៊ុនគឹម ហុក ហេង ធ្វើនំអត់ម្សៅ ។ ទឹកប្រាក់១លានដុល្លារសំរាប់វិនិយោគ គឺមានតែនៅលើក្រដាសកិច្ចសន្យា ប៉ុន្ដែការពិតគ្មានសោះ ។ ក្រុមហ៊ុននេះប្រមូលតែប្រាក់ពីពួកអាជីវករប៉ុន្ដែមិនបាន គោរពកិច្ចសន្យារបស់ខ្លួនជាមួយអាជ្ញាធរខេត្ដទេ ។
ផ្សារបឹងឈូកមានឈ្មោះថា ជា ផ្សារដែលអភិវឌ្ឍន៍ តែតាមពិតអន់ជាងផ្សារ នានាដែលគ្មានការអភិវឌ្ឍទៅទៀត ។លោកអ៊ុយ រី បានថ្លែងកាលពីព្រឹកថ្ងៃទី ២០ មេសា ថា “យើងត្រូវតែបង្ខំឱ្យក្រុម ហ៊ុននេះចាប់ផ្ដើមការងាររបស់ខ្លួន ។ជំហាន ដំបូងនេះយើងឱ្យធ្វើការឈូសសំអាតយកដី ចេញពីថ្នល់ ហើយយើងបន្ដរៀបចំសណ្ដាប់ ធ្នាប់ផ្សារទៀត” ។ ជាមួយគ្នានេះលោក សំណូមពរដល់ពួកអាជីវករឱ្យចូលរួមជាមួយ អាជ្ញាធរផងដែរក្នុងការរៀបចំសណ្ដាប់ធ្នាប់ ព្រោះពេលនេះត្រូវការអភិវឌ្ឍក្រុងឱ្យមាន សោភ័ណភាពល្អ ។ ដូច្នេះត្រូវតែធ្វើមិនអាច ទុកឱ្យផ្សារបឹងឈូកស្ថិតក្នុងស្ថានភាពកខ្វក់ រហូតទេ ។លោកតាន់ ឈុន ប្រធានក្រុមហ៊ុនគឹម ហុកហេង និងជាថៅកែផ្សារបឹងឈូកមិន អាចទំនាក់ទំនងសុំការបំភ្លឺបានទេកាលពី ព្រឹកថ្ងៃទី២០ មេសា ប៉ុន្ដែបុគ្គលិកផ្សារប្រាប់ ថា លោកតាន់ ឈុន មានជំងឺកំពុងសំរាក ព្យាបាលនៅប្រទេសបារាំង ។
ចែករំលែកព័តមាននេះ