ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​អចលនទ្រព្យ​រីករាយ​នឹង​ការ​កំណត់ប្លង់​គោល​រាជធានីភ្នំពេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្លង់​គោល​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុម័ត​ជា​ផ្លូវការ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន បាន​បែងចែក​ជា​តំបន់​ខុស​ៗ​គ្នា តាម​លក្ខណៈ​ប្រជាសាស្ត្រ សេដ្ឋកិច្ច និង​កំណើន​នគរូបនីយកម្ម ។ យោង​តាម​សេចក្តី​ព្រាង​ប្លង់​គោល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ប្លង់​គោល​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុម័ត​ជា​ផ្លូវការ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន បាន​បែងចែក​ជា​តំបន់​ខុស​ៗ​គ្នា តាម​លក្ខណៈ​ប្រជាសាស្ត្រ សេដ្ឋកិច្ច និង​កំណើន​នគរូបនីយកម្ម ។

យោង​តាម​សេចក្តី​ព្រាង​ប្លង់​គោល​រាជធានី​ភ្នំពេញ រាជរដ្ឋាភិបាល​បាន​កំណត់​លក្ខណៈ​វិនិច្ឆ័យ​លើ​ចំណុច​ដូច​ជា ទម្រង់​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ​, ការ​ដឹក​ជញ្ជូន​, ទីផ្សារ​អចលន​វត្ថុ​, ទីផ្សារ​អចលនទ្រព្យ​, សង្កាត់​មិន​រៀបរយ​,​ការ​កកើត និង​ការ​រីក​ចម្រើន​របស់​ទីក្រុង​ពី​ឆ្នាំ​១៨៥០ ដល់​ឆ្នាំ​១៩៩៣, លក្ខណសម្បត្តិ​រូបសាស្ត្រ និង​តួនាទី​លំហ​ក្រុង​, សន្ទុះ និង​បុគ្គ​លិកលក្ខណៈ​ភ្នំពេញ​, ទេសភាព និង​សមាស​ភាគ​ទីក្រុង​, កសិកម្ម និង​នគរូបនីយកម្ម​, ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​, មធ្យោបាយ និង​សេវា​សាធារណៈ​, និន្នាការ និង​ទស្សនវិស័យ​នៃ​នគរូបនីយកម្ម​ភ្នំពេញ និង​ទស្សនវិស័យ​សេដ្ឋកិច្ច​សង្គម និង​លំហ​ជាដើម ។

ប្លង់​គោល​រាជធានី​ភ្នំពេញ ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ​២០១៥ តាម​រយៈ​អនុក្រឹត្យ ស្តី​ពី «ការ​ដាក់​ឲ្យ​អនុវត្ត​ប្លង់​គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ ឆ្នាំ​២០៣៥ » ។

យោង​តាម​មាត្រា​២ នៃ​អនុក្រឹត្យ​លេខ​៧៧ អន​ប​ប្រក ចុះ​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១២ បាន​កំណត់​ថា ប្លង់​គោល​ប្រើប្រាស់​ដី​ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជា​ផែនការ​កំណត់​ចក្ខុវិស័យ​និង​យុទ្ធសាស្ត្រ​រួម សម្រាប់​ការ​អភិវឌ្ឍ ផ្នែក​រូប​វ័​ន្ត​ហេដ្ឋារចនាសម្ព័ន្ធ និង​គមនាគមន៍​សំខាន់​ៗ និង​ធ្វើ​សមាហរណកម្ម​ថ្នាក់​រាជធានី ថ្នាក់​ស្រុក ថ្នាក់​ខណ្ឌ​ទៅ​នឹង​តំបន់ និង​ថ្នាក់​ជាតិ​។

អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុ​ជាតិ​វង្ស បាន​ថ្លែង​ថា ៖« គោលដៅ​ប្រើ​ប្រាស់​ដី​រាជធានី​ភ្នំពេញ​ឆ្នាំ​២០៣៥ ជា​ឯកសារ​យុទ្ធសាស្ត្រ​បម្រើ​ឲ្យ​មហិច្ឆតា​របស់​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ មាន​គោលដៅ និង​ទស្សនវិស័យ​ដល់​ឆ្នាំ​២០៣៥ ក្នុង​ការ​គ្រប់គ្រង និង​តម្រង់​ទិស​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ព្រំប្រទល់​រដ្ឋបាល​រាជធានី និង​តំបន់​ប្រជុំជន​ពាក់ព័ន្ធ​ទាំង​ទ្បា​យ​នៅ​ជាប់​ជុំវិញ ឆ្លើយ​តប​បាន​នឹង​កំណើន​នៃ​ការ​វិនិយោគឯកជន និង​ចំនួន​ប្រជាជន​ក្នុង​រាជធានី តាម​រយៈ​ការ​តម្រង់​ទិស និង​ជំរុញ​ការ​វិនិយោគសាធារណៈ ស្រប​តាម​របប​សេដ្ឋកិច្ច​ទីផ្សារសេរី និង​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ » ។

លោក ម៉េ​ង ប៊ុ​ណ្ណា​រិ​ទ្ធ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ថា ក្នុង​ប្លង់​គោល​នេះ​បាន​រៀបចំ​រាជធានី​ភ្នំពេញ​ប្រមាណ​១៥​តំបន់​ខុស​ៗ​គ្នា ដូច​ជា តំបន់​ពាណិជ្ជកម្ម តំបន់​លំនៅ​ឋាន តំបន់ឧស្សាហកម្ម តំបន់កសិកម្ម និង​តំបន់​ដែល​ត្រូវ​អភិរក្ស ជាដើម ប៉ុន្តែ​នៅ​ពេល​ប្លង់​គោល​នេះ​ត្រូវ​សិក្សា​លម្អិត តំបន់​នីមួយ​ៗ​អាច​នឹង​មាន​ច្រើន​ជាង​នេះ អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង ។

នៅ​ពេល​សាកសួរ​ថា តើ​ទីក្រុង​ភ្នំពេញ​នឹង​ត្រូវ​ពង្រីក​បន្ថែម​ទៀត​ឬ​យ៉ាងណា លោក ម៉េ​ង ប៊ុ​ណ្ណា​រិ​ទ្ធ បាន​ថ្លែង​ថា ៖« នៅ​ពេល​នយោបាយ​កម្ពុជា​នៅ​តែ​មាន​ស្ថិរភាព សេដ្ឋកិច្ច​កម្ពុជា​​បន្ត​កើន​ទ្បើ​ង និង​មាន​កំណើន​នៃ​ការ​អភិវឌ្ឍ ការ​ពង្រីក​ក្រុង​អាច​ត្រូវ​ពិនិត្យ​តាម​ស្ថានភាព​ជាក់ស្តែង​រៀង​រាល់​៥​ឆ្នាំ​ម្តង » ។

លោក​បន្ថែម​ថា ៖« ប្លង់​របស់​យើង​អាច​មានការ​លម្អៀង ដូច្នេះ ការ​ពង្រីក​ទីក្រុង​នឹង​ត្រូវ​សិក្សា​ទ្បើ​ង​វិញ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​រីក​ចម្រើន​នគរូបនីយកម្ម និង​កំណើន​ប្រជាសាស្ត្រ » ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែង​ថា នេះ​ជា​ដំណឹង​ដ៏​ល្អ ដែល​យើង​បាន​រង់ចាំ​រាប់​ឆ្នាំ​មក​ហើយ ។ គ្រប់​ទីក្រុង​ធំ​ៗ​នៅ​តាម​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក សុទ្ធតែ​មាន​ប្លង់​គោល នៅ​ទ្បើ​យ​តែ​កម្ពុជា​មិន​ទាន់​មាន ។

ដូច្នេះ ការ​មាន​ប្លង់​គោល​ជា​ការ​ប្រសើរ​ណាស់ ព្រោះ​ទី​១ អាច​បង្ហាញ​ពី​រចនាសម្ព័ន្ធ​ទី​ក្រុង​ច្បាស់លាស់​ថា ត្រូវ​សាងសង់​អ្វី និង​ជា​ការ​ងាយស្រួល​ដែល​យើង​បង្ហាញ​ពី​ប្លង់​គោល​​ទីក្រុង​របស់​យើង​ទៅ​អ្នក​វិនិយោគ ។ ទី​២ អាច​ដឹង​ពី​តំបន់​ណា​ត្រូវធ្វើ​អ្វី និង​កសាង​អគារ​កម្ពស់​ប៉ុនណា ។ ទី​៣ អាច​កាត់​បន្ថយ​ការ​សាងសង់​សំណង់​អនាធិបតេយ្យ និង​ទី​៤ អាច​កាត់​បន្ថយ​ផល​រំខាន​នានា​លើ​ការ​សាងសង់​លំនៅ​ឋាន និង​ទ្រព្យសម្បត្តិ​សាធា​រណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ