បាងកក ៖ សម្រាប់បងប្អូនដែលធ្វើដំណើរកំសាន្តទេសចរណ៍ក្រៅប្រទេសញឹកញាប់ គឺពោរពេញដោយបទពិសោធន៍ក្នុងការចាយវាយលុយកាក់ឲ្យត្រូវទិសដៅ ។ យ៉ាងណាមិញសម្រាប់អ្នកទេសចរខ្មែរដែលធ្វើដំណើរជាលើកដំបូងទៅកាន់ទីក្រុងបាងកក ប្រទេសថៃ សម្រាប់ទេសចរណ៍សុខភាព ហើយមិនចង់ខ្ជះខ្ជាយលុយខុសទិសដៅ ដើម្បីភ្លករសជាតិអាហារ និងជីវិតបែបស៊ីវិល័យនៃប្រទេសជឿនលឿនមួយនេះ ដូច្នេះនេះជារឿង៥យ៉ាងដែលលោកអ្នកត្រូវធ្វើពេលទៅដល់ទីក្រុងបាងកក ៖
ក- ភ្លករសជាតិអាហារតាមដងផ្លូវ ៖ ការញ៉ាំអាហារនៅតូបលក់តាមដងផ្លូវ គឺមានតម្លៃធូរថ្លៃជាងអាហារអាហារដ្ឋានទំនើបៗ។ ក៏ប៉ុន្តែម្ហូបអាហារតាមដងផ្លូវនៅទីក្រុងបាងកក កំពុងតែពេញនិយមបំផុតពីភ្ញៀវបរទេស និងអ្នកស្រុក ហើយរសជាតិមានគ្រប់យ៉ាងគ្រប់ជម្រើស ។ សម្រាប់តម្លៃប្រហែលពី 60 បាតទៅ 100 បាត អ្នកអាចរកឃើញអាហារថៃទាន់សម័យដែលមានរសជាតិឆ្ងាញ់នៅក្នុងបរិយាកាសតាមដងផ្លូវនៅទីក្រុងបាងកក។
លោកស្រី ស្រីផុន ផេកាណាន់ដាណា (Sripon Bhekanandana) អនុប្រធាននាយកដ្ឋានប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកនៃអាជ្ញាធរទេសចរណ៍ថៃ (Tourism Authority of Thailand) បានឲ្យដឹងថា អាហារតាមដងផ្លូវ (Street Foods) គឺកំពុងទទួលបានការពេញនិយមបំផុតនៅប្រទេសថៃ ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។
ខ- ចូលទិញឥវ៉ាន់នៅផ្សារតំបន់ ប្រាទូណាម (Pratunam Markets) ៖ អ្នកអាចទិញសំលៀកបំពាក់ និងគ្រឿងអលង្ការគ្រប់ប្រភេទ ក្នុងតម្លៃថោកជាងនៅតាមទីផ្សារទំនើបជាច្រើន។ ហេតុដូច្នេះហើយផ្សារលក់ដុំ និងលក់រាយនៅ Pratunam គឺទាក់ទាញបានអ្នកទេសចរណ៍ជាច្រើនទៅជាវឥវ៉ាន់ ។ នៅក្នុងតំបន់ប្រាទូណាម គឺជាតំបន់ទេសចរដ៏ពេញនិយមជាងគេនៅបាងកក ជាពិសេសអាជីវករខ្មែរតែងតែទៅយកទំនិញនៅផ្សារប្រាទូណាម ។
គ- ត្រូវចរចាតម្លៃទំនិញ ៖ សម្រាប់តម្លៃដំបូងនៃឥវ៉ាន់ដែលដាក់លក់នៅតាមផ្សារនានាក្នុងក្រុងបាងកក គឺមិនមែនសុទ្ធជាតម្លៃទីផ្សារនោះទេ (មិនមែនតម្លៃលក់ពិតប្រាកដ) ដូច្នេះអ្នកត្រូវឆ្លាតវ៉ៃក្នុងការចរចាតម្លៃជាមុនទើបប្រសើរ ជាជាងត្រូវចំណាយលុយអស់ច្រើនឥតប្រយោជន៍។ ជាបទពិសោធន៍ អ្នកអាចដើរចេញទៅហាងផ្សេងៗទៀត បើសិនមិនទទួលបានតម្លៃសមរម្យក្រោយការចរចាតម្លៃឥវ៉ាន់ដែលអ្នកចង់ទិញ ។
ឃ- ទៅកំសាន្តនៅរដូវមិនសូវសំបូរភ្ញៀវ (Low Season) ៖ ថ្លៃសណ្ឋាគារ ផ្ទះសំណាក់ក៏ដូចជាខុនដូ នៅបាងកក គឺប្រែប្រួលពេញមួយឆ្នាំ តែវាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ។ ប្រសិនបើអ្នកចង់សន្សំប្រាក់លើកន្លែងស្នាក់នៅ អ្នកគួរទៅកំសាន្ត ឬពិនិត្យសុខភាព នៅទីក្រុងបាងកកក្នុងរដូវវស្សា (ពីខែឧសភា ដល់ខែកញ្ញា) ព្រោះពេលនោះតម្លៃនៃកន្លែងស្នាក់នៅ គឺធ្លាក់ចុះប្រមាណជា 50% បើធៀបនឹងរដូវកាលសំបូរភ្ញៀវ (High Season) ។ ស្តាប់ទៅគួរឱ្យចាប់អារម្មណ៍នៅពេលដំបូង ប៉ុន្ដែត្រូវដឹងថា «រដូវវស្សា» មិនមានន័យថា វាតែងតែភ្លៀងរហូតនោះទេ ។
ង- ទិញប័ណ្ណធ្វើដំណើរសម្រាប់តាមរថភ្លើង BTS Skytrain (ប្រភេទ Rabbit) ៖ ប្រសិនបើអ្នកមានគម្រោងទៅកម្សាន្តនៅទូទាំងទីក្រុងបាងកក អ្នកគួរតែប្រើរថភ្លើងលើអាកាស (BTS Skytrain) ដែលបច្ចុប្បន្នមានពីរខ្សែធំៗ គឺខ្សែរថភ្លើងលើអាកាស ខ្សែស៊ុគុមវីត និងខ្សែរថភ្លើងលើអាកាស Silom ដែលខ្សែរថភ្លើងលើអាកាស គឺភ្ជាប់ទៅតំបន់កំសាន្ត និងទីផ្សារទំនើបជាច្រើនសម្រាប់ shopping ។ ការធ្វើដំណើរតែម្ដង មានតម្លៃចន្លោះពី 15 ទៅ 45 បាត ប៉ុន្តែអ្នកអាចទិញកាតទន្សាយ (Rabbit Card) មួយដែលមានការធ្វើដំណើរបានចំនួនកំណត់មួយ ជាមួយតម្លៃថេរ 21 បាត៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
ចែករំលែកព័តមាននេះ