ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​រថយន្ត​ថ្មី​ៗ​នៅ​កម្ពុជា​មាន​កំណើន​តិចតួច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដំឡើង​ពន្ធ​លើ​រថយន្ត​ថ្មី​ៗ និង​បន្ត​អនុ​ញ្ញាត​​ឲ្យ​រថយន្ត​ជជុះ ឬ​រថយន្ត​មួយ​ទឹក ពី​ប្រទេស​ក្រៅ​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា ការ​លក់​រថយន្ត​ថ្មី​ៗ​ពី​បណ្ដា​ក្រុមហ៊ុន​នាំ​ចូល​នានា ហាក់​ជួប​បញ្ហា​ជាមួយនឹង​តម្លៃ​ឡើង​ខ្ពស់​ជាង​មុន ដែល​ធ្វើ​ឲ្យ​ការ​លក់​មាន​កំណើន​តិចតួច ប៉ុន្តែ​ទោះជា​យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដំឡើង​ពន្ធ​លើ​រថយន្ត​ថ្មី​ៗ និង​បន្ត​អនុ​ញ្ញាត​​ឲ្យ​រថយន្ត​ជជុះ ឬ​រថយន្ត​មួយ​ទឹក ពី​ប្រទេស​ក្រៅ​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា ការ​លក់​រថយន្ត​ថ្មី​ៗ​ពី​បណ្ដា​ក្រុមហ៊ុន​នាំ​ចូល​នានា ហាក់​ជួប​បញ្ហា​ជាមួយនឹង​តម្លៃ​ឡើង​ខ្ពស់​ជាង​មុន ដែល​ធ្វើ​ឲ្យ​ការ​លក់​មាន​កំណើន​តិចតួច ប៉ុន្តែ​ទោះជា​យ៉ាងណា នៅ​តែ​កើន​ឡើង​​ដដែល ។

លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា និង​ជា​សមាជិក​របស់​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចំពោះ​តួលេខ​លក់​រថយន្ត​ជា​រួម​សម្រាប់​ប្រទេស​កម្ពុជា នៅ​តែ​មិន​ទាន់​ទទួល​បាន​ទេ ក៏​ប៉ុន្តែ​សម្រាប់ អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​លក់​រថយន្ត​ប្រណីត​ៗ និង​ថ្មី​ៗ​នៅ​លើ​ទីផ្សារ​កម្ពុជា​ជា​ច្រើន​ម៉ាក​នោះ នៅ​តែ​មាន​កំណើន​ល្អ​ប្រសើរ​ដដែល ប៉ុន្តែ​ក៏​មាន​បញ្ហា​មួយ​ចំនួន​ផង​ដែរ ។

លោក​បន្ត​ថា សម្រាប់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ក្នុង​រយៈពេល​ជាង​កន្លះ​ឆ្នាំ​នេះ មាន​កំណើន​ប្រមាណ​២០​ទៅ​៣០% បើ​ធៀប​នឹង​ឆ្នាំ​មុន ក៏​ប៉ុន្តែ​លោក​ទទួលស្គាល់​ថា ចាប់​តាំង​ពី​រាជរដ្ឋាភិបាល​បាន​អនុវត្ត​ពន្ធ​ថ្មី បាន​ធ្វើ​ឲ្យ​អតិថិជន​ហាក់​រារែក​លើ​ការ​សម្រេចចិត្ត​ភ្លាម​ៗ​ក្នុង​ការ​ទិញ​រថយន្ត​ថ្មី​ៗ​ប្រើប្រាស់ ។ លោក​ថា ៖« វា​ហាក់ដូចជា​ពិបាក​លក់​ជាង​ឆ្នាំ​មុន​បន្តិច ព្រោះ​អតិថិជន​របស់​យើង​ហាក់​មានចិត្ត​រារែក ដោយសារ​តែ​តម្លៃ​រថយន្ត​ក៏​បាន​ឡើងថ្លៃ ពីព្រោះ​ពន្ធ​បាន​ឡើងថ្លៃ​ជាង​មុន » ។

លោក​បន្ថែម​ថា អ្វី​ដែល​ជា​កង្វល់ និង​ជា​បញ្ហា​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​នោះ គឺ​ការ​បន្ត​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​រថយន្ត​ជជុះ ឬ​រថយន្ត​មួយ​ទឹក មក​​កាន់​ទីផ្សារ​នេះ​កាន់តែ​ច្រើន ។ កត្តា​ទាំងនេះ វា​មិន​មែនមាន​បញ្ហា​សម្រាប់​តែ​ពាណិជ្ជ​កម្ម​ក្នុង​វិស័យ​រថយន្ត​ថ្មី​ៗ​នោះ​ទេ តែ​វា​ក៏​ជា​បញ្ហា​សម្រាប់​ប្រទេស​ទាំងមូល​ផង​ដែរ ។

ជាក់ស្ដែង ដូចដែល​បានឃើញ​ស្រាប់​ហើយ រថយន្ត​ខ្លះ​កំពុង​តែ​រត់​សុខ​ៗ បែរជា​មាន​បញ្ហា​​បច្ចេកទេស​, ឆេះ​រថយន្ត បញ្ហា​ទៅ​លើ​ប្រព័ន្ធ​ហ្វ្រាំង និង​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដងផ្លូវ និង​ការ​បុក​រះ ជាដើម​។ លោក​និយាយ​ថា ៖« ក្នុង​នាម​ជា​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា តែងតែ​ស្នើ និង​អំពាវ​នាវ​​ដល់​រាជរដ្ឋាភិបាល​ឲ្យ​មាន​ចំណាត់ការ​លើ​ការ​នាំ​ចូល​រថយន្ត​ជជុះ​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា » ។

លោក ប៉ែន ពិសិដ្ឋ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​លក់​រថយន្ត Chevrolet នៅ​កម្ពុជា ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា ចាប់តាំងពី​ដើមឆ្នាំ ២០១៨​នេះ​មក ការ​លក់​រថយន្ត Chevrolet គ្មាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ បើ​ទោះបីជា​ឆ្នាំ​នេះ កម្ពុជា​បាន​រៀបចំ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក៏​ដោយ ក៏​ប៉ុន្តែ​កំណើន​នេះ បើ​ធៀប​នឹង​ឆ្នាំ​មុន មិនសូវ​ជា​ច្រើន​ប៉ុន្មាន​ទេ ។ ជាក់ស្ដែង ការ​លក់​រថយន្ត Chevrolet ក្នុង​ទីផ្សារ​កើនឡើង​តែ​ប្រមាណ​ពី​១៥​ទៅ​២០%​ប៉ុណ្ណោះ ។

លោក​​បន្ត​ថា អ្វី​ជា​បញ្ហា​សម្រាប់​ការ​លក់​រថយន្ត​នៅ​ឆ្នាំ​២០១៨​នេះ គឺ​កត្តា​ពន្ធ​បាន​ឡើង​ថ្លៃ ហើយ​លោក​ក៏​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ពិចារណា​លើ​ការ​បញ្ចុះ​ពន្ធ​ឲ្យ​នៅ​ទាប ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​លទ្ធភាព​ទិញ​រថយន្ត​ថ្មី​ៗ និង​មានគុណ​ភាព​ប្រើប្រាស់​បាន​ច្រើន ពីព្រោះ​ការ​ប្រើប្រាស់​រថយន្ត​ថ្មី វា​សន្សំ​សំចៃ​ខ្ពស់ និង​អាច​ជួយ​ការពារ​បរិស្ថាន​បាន​ល្អ​ផង​ដែរ ។

អ្នកស្រី អ៊ុ​ន កញ្ញា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន HGB ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា ការ​លក់​រថយន្ត​ថ្មី​ឆ្នាំ​នេះ ខុស​ពី​ឆ្នាំ​មុន ដោយ​ឆ្នាំ​នេះ ការ​លក់​ហាក់​មាន​កំណើន​តិចតួច ពីព្រោះ​រថយន្ត​ត្រូវ​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន ។ ដូចនេះ ទើប​អតិថិជន​ដែល​ចង់​ផ្លាស់​ប្តូរ​ស៊េរី​រថយន្ត ឬ​អតិថិជន​ចង់​ទិញ​រថយន្ត​ថ្មី​ប្រើប្រាស់ គឺ​នៅ​ស្ទាក់ស្ទើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ