ខេត្តសៀមរាប ៖ ករណីជនបរទេសម្នាក់បានស្លាប់ នាវេលាម៉ោងប្រហែល៥និង២០នាទីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរសៀមរាប ក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង-ខេត្តសៀមរាប មានជនជនបរទេសម្នាក់បានស្លាប់ ដោយសារជំងឺស្ទះសរសៃឈាមបេះដូង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ និងវេជ្ជបណ្ឌិត ក្នុងខេត្តសៀមរាប ។
តាមប្រភពពីនគរបាលជំនាញខេត្តបានប្រាប់ថា ជនរងគ្រោះឈ្មោះ LEE WOOSUNG ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខM៣៥៨៣៤៥៦២ជាភ្ញៀវទេសចរណ៍ ។ ដែលចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅបន្ទប់ជួលជាមួយមិត្តស្រី ឈ្មោះ ភាន់ សុផាន ជនជាតិខ្មែរ រស់នៅភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។
ប្រភពបានបញ្ជាក់ថា បើតាមការសាកសួរពីមិត្តស្រីឈ្មោះ ភាន់ សុផាន បានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅវេលាម៉ោងប្រហែល០៥និង០០នាទីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះមានអាការឈឺស្មាខាងស្តាំខ្លាំង ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរសៀមរាប រហូតដល់វេលាម៉ោង០៥និង២០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅ ។ ក្រោយពីជនរងគ្រោះស្លាប់ភ្លាមខាងមន្ទីរពេទ្យក៏បានសហការជាមួយកម្លាំងជំនាញឱ្យចុះមកជួយអន្តរាគមន៍ផងដែរ ។
សូមបញ្ជាក់ផងដែរថា ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆប ឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជំងឺស្ទះសរសៃឈាមបេះដូងពិតប្រាកដមែន ពុំមែនករណីឃាតកម្មអ្វីនោះឡើយ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងជំនាញយកទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរសៀមរាប ដើម្បីរង់ចាំការសម្រេចរបស់ក្រុមគ្រួសារ និងស្ថានទូត ជាមុនសិន ៕
ចែករំលែកព័តមាននេះ