ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ស្ដាប់មើល៍​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​និយាយ​អ្វី​ខ្លះ​រឿង​ប្រាក់ខែ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ប្រាក់ខែ​របស់​កីឡាករ​កីឡាការិនី​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​ដាក់​បញ្ចូល​ក្នុង​ក្រុម​ជម្រើសជាតិ ពួក​គាត់​ភាគច្រើន​បាន​ប្រកាស​ថា ប្រសិន​បើ​ប្រាក់ខែ​នេះ ត្រូវ​បាន​សម្រួល​ឱ្យ​បាន​ច្រើន​ជាង​នេះ នោះ​ស្ថានភាព​ត្រៀម ខ្លួន​​នឹង​កាន់តែ​ប្រសើរ​ឡើង ។ កីឡាករ​-​កីឡាការិនី​ទាំងនោះ​បាន​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ប្រាក់ខែ​របស់​កីឡាករ​កីឡាការិនី​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​ដាក់​បញ្ចូល​ក្នុង​ក្រុម​ជម្រើសជាតិ ពួក​គាត់​ភាគច្រើន​បាន​ប្រកាស​ថា ប្រសិន​បើ​ប្រាក់ខែ​នេះ ត្រូវ​បាន​សម្រួល​ឱ្យ​បាន​ច្រើន​ជាង​នេះ នោះ​ស្ថានភាព​ត្រៀម
ខ្លួន​​នឹង​កាន់តែ​ប្រសើរ​ឡើង ។

កីឡាករ​-​កីឡាការិនី​ទាំងនោះ​បាន​អះអាង​ថា ស្ថានភាពប្រាក់ខែ​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា បច្ចុប្បន្ន​មិន​ទាន់​ល្អ​ដូច​ប្រទេស​ជិតខាង​នៅ​ឡើយ​ទេ ក្នុង​ពេល​មន្ត្រី​ពាក់ព័ន្ធ​ប្រកាស​ថា ប្រាក់ខែ​របស់​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​នឹង​ត្រូវ​ដំឡើង​បន្ត​បន្ទាប់​ស្រប​ទៅ​តាម​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​។

តាម​ការ​ទម្លាយ​ពី​មន្ត្រី​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​អះអាង​ថា កាលពី​ប៉ុន្មាន​​ឆ្នាំ​មុន ប្រាក់ខែ​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក មាន​ចំនួន​តែ​ប៉ុន្មាន​ម៉ឺន​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​បាន​ឡើង​ដល់​ជាង​១​លាន​រៀល​សរុប​ទាំង​ថ្លៃ​ធ្វើ​ដំណើរ និង​ថ្លៃ​អាហារ​ក្នុង​ពេល​ហ្វឹកហាត់​នោះ គឺជា​រឿង​ប្រសើរ​ខ្លាំង​ណាស់​។

យោង​តាម​ទិន្នន័យ កីឡាករ​កីឡាការិនី​ជម្រើស​ជាតិ​ក្នុង​ម្នាក់​ៗ​បន្ទាប់​ពី​ត្រូវ​បាន​ជ្រើស​រើស ទទួល​បាន​ប្រាក់ខែ​ជា​ប្រចាំ​ចំនួន​៦០​ម៉ឺន​រៀល ក្នុង​នោះ​ក៏​មាន​ប្រាក់​អាហារ​ប្រចាំ​ថ្ងៃ ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ សរុប​បាន​១​លាន​៨០​ម៉ឺន​រៀល ក្នុង​ពេល​ដែល​គ្រូបង្វឹក គឺ​បន្ទាប់​ពី​បូក​ថ្លៃ​អាហារ និង​ការ​ធ្វើ​ដំណើរ​ដូច​គ្នា ទទួល​បាន​មួយ​ខែ​១​លាន​៩០​ម៉ឺន​រៀល ។

លក្ខខណ្ឌ​ប្រាក់ខែ​នេះ មិនមែន​ផ្ដល់​ឱ្យ​គ្រប់​ខែ​ក្នុង​មួយ​ឆ្នាំ​នោះ​ទេ គឺ​បាន​លុះត្រាតែ​កីឡា​ក​រ កីឡាការិនី និង​គ្រូបង្វឹក ដែល​ត្រូវ​បាន​សហព័ន្ធ​នីមួយ​ៗ​ជ្រើសរើស​ក្នុង​រដូវ​កាល​ជម្រើស​​កីឡាករ​កីឡាការិនី​ជម្រើសជាតិ និង​លុះត្រាតែ​អ្នក​ដែល​បាន​ជាប់​មក​ហ្វឹកហាត់ ឬ​បំពេញ​តួនាទី​ទៀងទាត់​យ៉ាង​ហោច​ព្រឹក​២​ម៉ោង និង​ល្ងាច​២​ម៉ោង តាម​ការ​កំណត់​ប៉ុណ្ណោះ​។

អតីត​កីឡាការិនី ចូ​វ សុធា​រ៉ា ដែល​ក្នុង​ពេល​នេះ​បាន​ក្លាយជា​គ្រូបង្វឹក​ជម្រើសជាតិ បាន​អះអាង​ថា សម្រាប់​រូប​នាង​ប្រាក់ខែ​ដែល​រដ្ឋ​ផ្ដល់​ឱ្យ​គឺ​មិន​ចោទ​នោះ​ទេ ដោយសារ​តែ​នាង​​ក៏​ជា​គ្រូ​នៅ​ក្នុង​សាលា​រដ្ឋ ដែល​មាន​ប្រាក់ខែ​មួយ​កន្លែង​ទៀងទាត់​ផ្សេង​ទៀត​មក​ទប់។ ប៉ុន្តែ​សម្រាប់​កីឡាករ កីឡាការិនី​ដែល​ពឹង​តែ​លើ​ប្រាក់ខែ គឺ​នឹង​លំបាក ដោយសារ​តែ​ការ​ជាប់​ជា​កីឡាករ​ជម្រើសជាតិ គឺ​មិន​អាច​ឱ្យ​ពួក​គេ​ធ្វើការ​មួយ​ផ្សេង​បាន​ទេ ដោយ​សារ​តែ​លក្ខខណ្ឌ​តម្រូវ​ឱ្យមក​ហ្វឹកហាត់​ព្រឹក​២​ម៉ោង និង​ល្ងាច​២​ម៉ោង ដែល​មិន​អាច​ឱ្យ​ពួក​គេ​ទទួល​ការងារ​ផ្សេង​បាន​ដូច​នាង​ដែល​ជា​គ្រូ​សាលា​រដ្ឋ ហើយ​រង់​ចាំតែ​ចាយ​ប្រាក់ខែ​ពី​សហព័ន្ធ​តែ​មួយ​មុខ ។

នាង​ថា ប្រាក់ខែ​សរុប​១​លាន​៨​សែន​រៀល មិន​គ្រប់​តម្រូវការ​របស់​កីឡាករ​នោះ​ទេ ដោយ​សារ​តែ​ទឹកប្រាក់​នេះ គឺ​តម្រូវ​ឱ្យ​កីឡាករ​កីឡាការិនី​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ និង​ថ្លៃ​អាហារ​ប្រចាំ​ថ្ងៃ​ផង ដែល​មិនមែន​ជា​ប្រាក់​លើកទឹកចិត្ត​សុទ្ធសាធ ។ នាងថា កូន​សិស្ស​​របស់​នាង​ច្រើន​នាក់​ថ្ងូរ​ពី​ការ​លំបាក ប៉ុន្តែ​សម្រាប់​រូប​នាង គឺ​អត់​បញ្ហា​នោះ​ទេ អ៊ីចឹង​​ហើយ​ទើប​នាង​តស៊ូ​ហ្វឹកហាត់​នៅ​ក្នុង​សហព័ន្ធ​ចំបាប់​បាន​ជាប់​ជា​កីឡាការិនី​ជម្រើស​ជាតិ​រហូត​មក​ហើយ ដោយ​បាន​ទាំង​ក្លាយជា​អ្នករក​មេដាយ​ជូន​ជាតិ​បាន​ច្រើន​គ្រឿង​ទៀត​ផង​។ ប៉ុន្តែ​សម្រាប់កីឡាករ​ខ្លះ គឺ​ត្រូវ​បង្ខំចិត្ត​មក​ហាត់​ខ្លះ​អត់​ខ្លះ ហើយ​ភាគី​ខាង​លោកគ្រូ​អ្នកគ្រូ​ក៏​បិទ​ភ្នែក ដោយសារ​តែ​ស្ដាយ​សមត្ថភាព​របស់​ពួក​គាត់​មិន​ចង់​ឱ្យ​បាត់បង់​អ្នក​ល្អ ។

អ្នក​នាង​ថា គឺជា​រឿង​ពិបាក​បន្ទោស​ដោយសារ​តែ​កីឡាករ​កីឡាការិនី​ខ្លះ​គាត់​មាន​សមត្ថ​ភាព ប៉ុន្តែ​ដល់​ពេល​តម្រូវ​ឱ្យ​ពួក​គេ​មក​ហ្វឹកហាត់​ព្រឹក​២​ម៉ោង​ល្ងាច​២​ម៉ោង ហើយ​មិន​អាច​ធ្វើការ​កន្លែង​ផ្សេង​យក​លុយ​មក​ទប់​បាន ដោយ​ពឹង​តែ​ប្រាក់​ជាង​១​លាន​រៀល​នោះ គឺ​មិន​អាច​ឱ្យ​ពួក​គាត់​មក​ហ្វឹកហាត់​ដោយ​បេះដូង​បាន​ទេ ។

យ៉ាងណាមិញ អ្នក​នាង​ថា ប្រាក់ខែ​ជម្រើសជាតិ​ពេល​នេះ​គឺ​ខ្ពស់​ជាង​នាង​ធ្លាប់​ទទួល​បាន​​កាលពី​នៅ​ជា​កីឡាការិនី​ជម្រើសជាតិ​ឆ្ងាយ​ណាស់ ទើប​នាង​យល់​ថា ភាព​ខ្លាំង​របស់​​កីឡាករ​កម្ពុជា​លើ​ឆាក​អន្តរជាតិ គឺជា​រឿង​មិនធម្មតា បើ​ធៀប​នឹង​កីឡាករ​បរទេស ដែល​គេ​មាន​ប្រាក់ខែ​រាប់រយ​ដុល្លារ ហើយ​រស់​យ៉ាង​ស្រួល​ដោយ​រង់​ចាំតែ​ហ្វឹកហាត់ ដែល​ផ្ទុយ​ពី​កីឡាករ​កម្ពុជា​ត្រូវ​ស្វះ​ស្វែងរក​ការងារ​ផ្សេង​ដូច​ជា​នាង​ត្រូវ​បង្រៀន​នៅ​សាលា​រដ្ឋ​ផង ហើយ​ត្រូវ​ទទួល​បង្ហាត់​សិស្ស​ផង ដើម្បី​បាន​ចំណូល​បន្ថែម​មក​ទប់ ។

ម្យ៉ាង​អាជីព​កីឡាករ​មិន​អាច​ហូប​ចុក​ធម្មតា​ៗ​ដូច​ជា​មនុស្ស​ធម្មតា​បាន​ទេ គឺ​ត្រូវ​ហូប​សាច់ ហូប​របស់​ប៉ូវ​ៗ ទើប​នាង​បញ្ជាក់​ថា បើ​ឱ្យ​នាង​គិត​គឺ​ប្រាក់ខែ​១​លានជាង​សរុប​ទាំង​ថ្លៃ​បាយ មិន​គ្រប់គ្រាន់​សម្រាប់​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទេ ។ នាង​បន្ត​ថា បញ្ហា​ប្រាក់​ខែ​​នេះ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​នីមួយ​ៗ ដោយ​នាង​បញ្ជាក់​ថា ប្រសិនបើ​ស្ថានភាព​ប្រាក់ខែ​ទទួល​បាន​ច្រើន​ជាង​នេះ នោះ​បញ្ហា​ផ្លូវចិត្ត​របស់​កីឡាករ​ជម្រើសជាតិ ក៏​ប្រសើរ ហើយ​អ្នកមាន​ស្ថានភាព​ពិបាក​ដោយសារ​តែ​គ្មាន​ការ​ងារ​ពឹង​តែ​លើ​ប្រាក់ខែ​ពី​សហព័ន្ធ​តែ​មួយ​មុខ នឹង​កាន់តែ​មាន​កម្លាំងចិត្ត ហើយ​លែង​ខ្វល់​រឿង​ជីវភាព ។

អ្នក​នាង​មិន​ហ៊ាន​បញ្ចេញ​ទស្សនៈ​ថា ប្រាក់ខែ​ប៉ុន្មាន​ទើប​តម្រូវ​ចិត្ត​ស្ថានភាព​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​បាន​នោះ​ទេ ប៉ុន្តែ​អ្នក​នាង​ថា បើ​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ ដ្បិតថា​មិន​អាច​តាម​ទាន់​ប្រាក់ខែ​របស់​កីឡាករ​ជម្រើសជាតិ​បរទេស​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡា​ពិ​ក​កម្ពុជា ធ្លាប់​ថ្លែង​បញ្ជាក់​​ថា ប្រាក់ខែ​កីឡាករ​កីឡាការិនី​ដ្បិតថា​មិន​ទាន់​ល្អ​ប្រសើរ ក៏​ជួយ​សម្រួលការ​លំបាក​របស់​កីឡាករ​ជម្រើសជាតិ​បាន​ច្រើន​ផង​ដែរ​។ ប៉ុន្តែ​លោក​ថា ប្រាក់ខែ​ជម្រើស​ជាតិ​នេះ មិនមែន​កីឡាករ​ទទួល​បាន​ពេញ​មួយ​ឆ្នាំ​នោះ​ទេ គឺ​បាន​ត្រឹមតែ​ពេល​រដូវ​កាល​ប្រមូល​ជម្រើសជាតិ​ម្ដង​ៗដែល​មាន​រយៈពេល​៨​ទៅ​១០​ខែ​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ។

លោក​ថា ការ​ប្រមូល​កីឡាករ​មិន​ត្រូវ​បាន​កំណត់​ខែ​ដដែល​ៗ​ក្នុង​ឆ្នាំ​នីមួយ​ៗ​នោះ​ទេ ដោយ​​ក្នុង​ឆ្នាំ​ខ្លះ​ចាប់ផ្ដើម​ប្រមូល​ខែ​២ ហើយ​ឆ្នាំ​ខ្លះ​ក៏​ប្រមូល​ខែ​ផ្សេង​ពោល​គឺ​អាស្រ័យ​ទៅ​លើ​ព្រឹត្តិការណ៍​កីឡា ។ លោក​ថា មិនដឹង​ធ្វើ​យ៉ាងម៉េច​បើ​រាប់​ពី​ការ​ប្រមូល​មក​ហាត់​បំប៉ន រហូត​ដល់​ចេញ​ប្រកួត​ចប់​សព្វគ្រប់ គឺ​មាន​រយៈពេល​៨​ខែ និង​១០​ខែ ដែល​បាន​កំណត់ ដោយសារ​តែ​អូ​ឡាំ​ពិ​ក​កម្ពុជា ក៏​មិន​មាន​លុយ​ច្រើន​ដើម្បី​ចំណាយ ។

លោក​ធ្លាប់​បង្ហើប​ថា កីឡាករ​ជម្រើសជាតិ​ប្រចាំឆ្នាំ​ម្ដង​ៗ​មាន​ចំនួន​ជាង​៣០០​នាក់ និង​គ្រូ​ជាង​៣០​រូប ទើប​ជា​បន្ទុក​ដ៏​ធំ​ក្នុង​ការ​ចំណាយ បើ​ទោះជា​កីឡាករ និង​គ្រូបង្វឹក​ម្នាក់​ៗ ទទួល​​​បាន​ប្រាក់ខែ​ត្រឹមតែ​ជាង​១​លាន​រៀល​ជា​ថ្នូរ​នឹង​ការ​មក​ហាត់​២​ម៉ោង​ព្រឹក និង​២​ម៉ោង​​ល្ងាច ។ លោក​ថា គណៈ​ក​ម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កំពុង​ដុតដៃដុតជើង​ក្នុង​ការ​​ស្វែងរក​ជំនួយ​ដើម្បី​ដំឡើង​ប្រាក់ខែ​ឱ្យកីឡាករ​ជម្រើសជាតិ​ឱ្យ​បាន​កាន់តែ​ច្រើន​ជាង​បច្ចុប្បន្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ