ជួយ​មើល​ៗ​ផង​…​កំពុង​ខ្ទេច​ជា​បណ្តើរ​ៗ​ហើយ (​មាន​វី​ដេ​អូ​)


ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​បាន​និយាយ​ខ្សឹបខ្សៀវ​គ្នា​ថា ក្រុមហ៊ុន​ដឹក​ដី​ឯកជន​មួយ​កំពុង​តែ​បំផ្លាញ​​ផ្លូវ​សាធារណៈ​ជា​ច្រើន​កន្លែង ខណៈ​ដឹក​ដី​កូនភ្នំ​មួយ​កន្លែង ស្ថិត​នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​ដឹក​ជញ្ជូន​ដី​លក់​នេះ​បណ្តាល​ឱ្យ​ធ្លាក់​នៅ​លើ​ផ្លូវ​រអិល​ដល់​ពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​តាម​ផ្លូវ​អាច​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ និង​បណ្តាល​ឱ្យ​ហុយ​កំទេច​ដី​ប៉ះពាល់​ដល់​ផ្ទះ​របស់​ពួក​គាត់​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​ជីក​កកាយ​ដី​លក់​ខាងលើ​បានឱ្យ​ដឹង​ថា គេ​ឃើញ​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​ឯកជន​មួយ​បាន​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​ដី​កូនភ្នំ​ដឹក​លក់​យ៉ាង​គគ្រឹក​គគ្រេង​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។ តែ​គេ​មិន​ទាន់​ឃើញ​មាន​ខាង​មន្ទីរ​ពាក់ព័ន្ធ ឬ​អាជ្ញា​ធរ​ចុះ​ទៅ​ណែនាំ ឬ​ហាមឃាត់​នោះ​ឡើយ ។

ប្រភព​បន្ត​ទៀត​ថា ការ​ដឹក​ដី​លក់​របស់​ក្រុមហ៊ុន​នេះ​បាន​ផលប្រយោជន៍​តែ​ខ្លួនឯង​តែ​បាន​ប៉ះពាល់​ដល់​គេឯង​ជា​ច្រើន ព្រោះ​ធ្វើ​ឱ្យ​ផ្លូវ​ក្រាល​កៅស៊ូ​វ​ជា​ច្រើន​កន្លែង​ទទួល​រង​ការ​ខូចខាត​ស្រុត និង​ដក់​ទឹក​ពេល​ភ្លៀង​ធ្លាក់​មក​ក៏​អាច​នឹង​ធ្វើ​ឱ្យ​ខូចខាត​កាន់តែ​ច្រើន​ថែម​ទៀត បើសិនជា​គ្មាន​អ្នក​អើពើ​ចុះ​ទៅ​ត្រួតពិនិត្យ​មើល និង​ធ្វើការ​ហាមឃាត់​នោះ​ទេ ។

លើស​ពី​នេះ រថយន្ត​ទាំងអស់​ខាងលើ​បាន​ធ្វើ​ឱ្យ​ធូលី​ដី​ហុយ​ចូល​ទៅ​ក្នុងផ្ទះ​របស់​ពួក​គាត់​លំបាក​ក្នុង​ការ​ដកដង្ហើម និង​ធ្វើ​ឱ្យ​កុមារ​តូច​ៗ​ក្លាយទៅជា​កើត​ជម្ងឺ​រលាក​បំពង់​.​ក និង​រលាក​ផ្លូវដង្ហើម​ផង​ដែរ ។ ពួក​គាត់​ក៏​សំណូមពរ​ឱ្យ​អាជ្ញាធរ រៀបចំ​ជួសជុល​ផ្លូវ​ដែល​ខូចខាត​ខាងលើ​ជា​ប្រញាប់​កុំ​ទុក​ឱ្យ​ខូចខាត​យូរ​អាច​នឹង​បណ្តាល​ឱ្យ​ខូច​កាន់តែ​ច្រើន​ទៅ​ៗ ខណៈ​យក​ទៅ​ជួសជុល​ផ្លូវ​ខាងលើ​នេះ​ជាក់​ជា​មិន​ខាន ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ការ​ជីក​កកាយ​កូនភ្នំ​ខាងលើ​ម្ចាស់​គេ​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ ហើយ​ភ្នំ​ខាងលើ​មិនមែន​ជា​ភ្នំ​អភិរក្ស​នោះ​​ទេ អាច​ឱ្យ​ឈ្មួញ​ជីក​កកាយ​ដឹក​យក​ទៅ​លក់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បាន ។

រីឯ​លោក សុខ សួន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន​វិញ​បានឱ្យ​ដឹង​ថា ខាង​លោក​បាន​ចុះ​ទៅ​ពិនិត្យ និង​ហាម​មិន​ឱ្យ​បន្ត​ជីក​កកាយ​ទៀត​ម្តង​រួច​ទៅ​ហើយ ប៉ុន្តែ​បើសិនជា​ឃើញ​ក្រុមហ៊ុន​ខាង​លើ​នៅ​តែ​បន្ត​ដំណើរការ​ទៀត​ខាង​លោក​នឹង​ឱ្យ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ម្តងទៀត ។

បើ​តាម​លោក អ៊ា​ត សា​រ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ដែរ​ថា ខាង​លោក​ពិតជា​លំបាក​ដោះស្រាយ ដោយ​កំពុង​តែ​ជួប​ពិ​ក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត​ដើម្បី​ណែ​នាំ​​កុំឱ្យ​ក្រុមហ៊ុន​ដឹក​ដី​ខាងលើ​បើកបរ​ដឹក​ដី​ពេល​មេឃ​ភ្លៀង និង​កុំឱ្យ​ដឹក​ហួស​ទម្ងន់​ពេក ព្រោះ​ផ្លូវ​ខាង​លើ​កំពុង​តែ​ទទួល​រង​ការ​ខូចខាត​ជា​បណ្តើរ​ៗ​ហើយ បើ​ជួសជុល​ក៏​ត្រូវ​ចំណាយ​ថវិការដ្ឋ​អស់​ជា​​ច្រើន​ដែរ ។ ដូច្នេះ​លោក​នឹង​ដាក់​កម្លាំង​មន្ត្រី​ឱ្យ​ចុះ​តាមដាន បើ​ឃើញ​ដឹក​លើស​ទម្ងន់ និង​ដឹក​នៅ​​ពេល​ភ្លៀង​ទៀត នឹង​ធ្វើការ​ឃាត់​រថយន្ត​ទុក​សិន​មិន​ឱ្យ​ដំណើរការ​ទៀត​នោះ​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ