ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជករ​ស្រូវ​អង្ករ​មានសុទិដ្ឋិនិយម​ចំពោះ​តម្លៃស្រូវ​ឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មានការ​បញ្ជា​ទិញ​អង្ករ​ពី​ខាងក្រៅ​ច្រើន អាជីវករ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​លើ​តម្លៃ​ស្រូវ​អង្ករ​ឆ្នាំ​នេះ​ថា វា​នឹង​ល្អ​ប្រសើរ ហើយ​តម្លៃនឹង​កើន​ឡើងជា​បន្តបន្ទាប់​ទៀត ស្រប​ពេល​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ត្រៀម​ទុនបម្រុង​សម្រាប់​ជួយ​ស្រោចស្រង់​លើ​តម្លៃ​ស្រូវ​នេះ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មានការ​បញ្ជា​ទិញ​អង្ករ​ពី​ខាងក្រៅ​ច្រើន អាជីវករ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​លើ​តម្លៃ​ស្រូវ​អង្ករ​ឆ្នាំ​នេះ​ថា វា​នឹង​ល្អ​ប្រសើរ ហើយ​តម្លៃនឹង​កើន​ឡើងជា​បន្តបន្ទាប់​ទៀត ស្រប​ពេល​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ត្រៀម​ទុនបម្រុង​សម្រាប់​ជួយ​ស្រោចស្រង់​លើ​តម្លៃ​ស្រូវ​នេះ​ផង​ដែរ ។

បើ​តាម​លោក យ៉​ន សុវណ្ណ ប្រធាន​ក្រុមហ៊ុន​អង្ករ​បាយ័ន សៀ​រៀល (Bayon Cereal) ដែល​ជា​អ្នកជំនួញ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ឆ្នើម​មួយ​រូប​នៅ​កម្ពុជា បាន​បង្ហាញ​ពី​ទស្សនៈ​របស់​លោក​ផ្ទាល់​ថា នៅ​ឆ្នាំ​នេះ តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ នឹង​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន ស្រប​ពេល​មានការ​បញ្ជា​ទិញ​ច្រើន​ពី​ខាងក្រៅ​ប្រទេស ដូច​ជា មក​ពី​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​មួយ​ចំនួន​នៅ​សហគមន៍​អឺរ៉ុប ។

លោក​បន្ត​ថា នៅ​ឆ្នាំ​នេះ បណ្ដា​ទីផ្សារ​ប្រទេស​ដែល​មាន​តម្រូវការ​អង្ករ​បាន​កើនឡើង​ច្រើន​ដូច​ជា នៅ​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ជាដើម ។ ដូចនេះ បើសិនជា​តម្រូវការ​កើនឡើង​នោះ តម្លៃ​អាច​នឹង​ល្អ​ប្រសើរ​ឡើង​ជាង​ឆ្នាំ​មុន ។ លោក​ថា ៖«​បច្ចុប្បន្ន ការ​បញ្ជា​ទិញ​អង្ករ គ្រាន់តែ​ពី​ក្រុមហ៊ុន​ខ្ញុំ​មួយ មាន​បរិមាណ​ជាង​៣​ពាន់​តោន​ទៅ​ហើយ តែ​សម្រាប់​ស្រូវ​ដែល​ខ្ញុំ​បាន​ទិញ​ពី​កសិករ​មក​វិញ គឺ​បាន​ត្រឹមតែ​ជាង​២​ពាន់​តោន​ប៉ុណ្ណោះ ។ ទាំងនេះ វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​តម្រូវការ​ក្រៅប្រទេស និង​តម្រូវការ​ពី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ផង​ដែរ ។ ម្យ៉ាងទៀត នៅ​លើ​ពិភពលោក អ្នក​ទទួលទាន​អង្ករ​មាន​រាប់​ពាន់​លាន​នាក់ តែ​អង្ករ​ដែល​ផលិត​បាន​តែ​ជាង​៧០០​លាន​តោន​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ ហើយ​អង្ករ​ល្អ​ដូច​នៅ​កម្ពុជា ក៏​មាន​តិចតួច​ទៅ​ទៀត » ។

លោក​បន្ថែម​ថា កម្ពុជា គឺជា​ប្រទេស​ដែល​មាន​សណ្ឋាន​ដី​អំណោយផល​ខ្ពស់​ដល់​ដំណាំ​ស្រូវ​ល្អ​បំផុត​នៅ​លើ​ពិភពលោក ។ ជាក់ស្ដែង កន្លង​មក អង្ករ​កម្ពុជា​បាន​យក​ទៅ​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ផលិត​ស្រូវ​ជា​ច្រើន ហើយ​អង្ករ​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ជា​អង្ករ​ឆ្ងាញ់ និង​មានគុណ​ភាព​ជាងគេ ។ ចាប់តាំងពី​ពេល​នោះ​មក ទីផ្សារ​អង្ករ​របស់​កម្ពុជា​ក៏​កាន់តែ​ល្បី​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជា​ពិសេស អង្ករ​សែន​ក្រអូប ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​ជំរុញ​ឲ្យ​កសិករ​ផលិត​អង្ករ​នេះ​បាន​កាន់តែ​ច្រើន​ផង​ដែរ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ ។
លោក​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​តម្លៃ​ស្រូវ​នៅ​កម្ពុជា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហាក់​ស្ថិត​នៅ​កម្រិត​មួយ​ទាប ក្រោយមក រាជរដ្ឋាភិបាល​ក៏​បាន​បញ្ចេញ​ថវិកា​សម្រាប់​ទប់ទល់​ជាមួយនឹង​តម្លៃ​ស្រូវ​កុំ​ឲ្យ​ធ្លាក់​ទាប ទើប​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​ហក់​ងើបឡើង​វិញ ជា​ពិសេស ទីផ្សារ​ស្រូវ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ។ ចំពោះ​ឆ្នាំ​នេះ​ក៏​ដូច​គ្នា​ដែរ តម្លៃ​ស្រូវ​នឹង​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ ហើយ​វា​នឹង​ងើបឡើង​បន្ត​ទៀត ស្រប​តាម​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ។ លោក​ថា ៖« បច្ចុប្បន្ន តម្លៃ​ស្រូវ​ដែល​លោក​ទិញ​ចូល គឺ​ប្រមាណ​ពី​៧​ទៅ​៩​បាត​ទៅ​ហើយ ឬ​ស្មើនឹង​ជិត​១.០០០​រៀល ឬ​លើស​នេះ ក្នុង​១​គីឡូក្រាម » ។

គួរ​រំឭក​ថា ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​បង្វិលទុន​ចំនួន​៥០​លាន​ដុល្លារ ក្នុង​នោះ​៤៣​លាន​ដុល្លារ​ជា​កញ្ចប់​ថវិកា​ពិសេស​របស់​រដ្ឋ និង​៧​លាន​ដុល្លារ​ផ្សេង​ទៀត​ជា​ថវិកា​មូលនិធិ​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ ។
បើ​តាម​ការ​លើក​ឡើង​របស់​លោក កៅ​ថា​ច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​ថា កញ្ចប់​ថវិកា​នេះ គឺ​ដើម្បី​ទុក​ទម្លាក់​ទៅ​តាម​រោង​ម៉ាស៊ីនកិនស្រូវ​សម្រាប់​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ ។ ដូចនេះ តម្លៃ​ស្រូវ​របស់​កសិករ​ឆ្នាំ​នេះ មិន​ចោទ​ជា​បញ្ហា​ទេ យ៉ាង​ហោច​ណាស់ ក៏​កសិករ​ទទួល​បាន​តម្លៃ​តាម​ទីផ្សារ​ដែរ ។

គួរ​បញ្ជាក់​ថា ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុ​ទ្ធី​វុ​ធ ក៏​តែងតែ​អំពាវនាវ​ដល់​ប្រជា​កសិករ​ឲ្យ​ដាំ​ប្រភេទ​ស្រូវ​ណា​ដែល​មាន​ទីផ្សារ​នៅ​ក្រៅប្រទេស និង​អាច​លក់​បាន​តម្លៃ​ខ្ពស់ ។ ជាក់ស្ដែង ស្រូវ​សែន​ក្រអូប គឺជា​ប្រភេទ​ស្រូវ​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​នៅ​ក្រៅប្រទេស​។ ដូចនេះ លោក​សូម​ឲ្យ​កសិករ​ទាំងអស់​ងាក​មក​ផលិត​ស្រូវ​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ