ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​ចាប់ផ្ដើម​រំលេច​អគារ​ខ្ពស់​ៗ​នៅ​តំបន់​មាត់សមុទ្រ

5 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​អគារ​ខ្ពស់​ៗ​នៅ​មាត់សមុទ្រ​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ បាន​ចាប់ផ្ដើម​លេច​រូបរាង​ជា​បណ្ដើរ​ៗ​ហើយ ខណៈ​គម្រោង​មួយ​ចំនួន​ទៀត​បាន​ប្រកាស​សាងសង់​ជា​បន្ដបន្ទាប់ ដែល​នឹង​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​កាន់តែ​មាន​សក្ដានុពល​ទាក់ទាញ​ការ​វិនិយោគ និង​ទេសចរណ៍​ថែម​មួយ​កម្រិត​ទៀត ។ ការ​រីក​ចម្រើន​នេះ ដោយ​សារ​តែ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​,…

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​អគារ​ខ្ពស់​ៗ​នៅ​មាត់សមុទ្រ​ក្នុង​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ បាន​ចាប់ផ្ដើម​លេច​រូបរាង​ជា​បណ្ដើរ​ៗ​ហើយ ខណៈ​គម្រោង​មួយ​ចំនួន​ទៀត​បាន​ប្រកាស​សាងសង់​ជា​បន្ដបន្ទាប់ ដែល​នឹង​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​កាន់តែ​មាន​សក្ដានុពល​ទាក់ទាញ​ការ​វិនិយោគ និង​ទេសចរណ៍​ថែម​មួយ​កម្រិត​ទៀត ។ ការ​រីក​ចម្រើន​នេះ ដោយ​សារ​តែ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​, គោលនយោបាយ​ផ្លូវ​មួយ ខ្សែ​ក្រវាត់​​មួយ និង​គោលនយោបាយ​ផ្លូវ​សូត្រ​សមុទ្រ​របស់​ចិន ដែល​កំពុង​ទាក់ទាញ​វិនិយោ​គិន និង​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​យ៉ាងច្រើន ។

បើ​តាម​លោក លី មិន (Li Min) ដែល​កំពុង​វិនិយោគ​លើ​គម្រោង ព្រី​ន​ស៍ ធាន ស៊ី វ៉ា​ន នៅ​ឆ្នេរ​ជ័យ​ជំនះ បាន​ឲ្យ​ដឹង​ថា ក្រុងព្រះសីហនុ គឺជា​ទីក្រុង​កំពង់​ផែ​សមុទ្រ​ធំ​ជាងគេ និង​ជា​ទី​ក្រុង​ធំ​ទី​២​នៃ​ប្រទេស​កម្ពុជា បន្ទាប់​ពី​រាជធានី​ភ្នំពេញ ហើយ​ការ​សាងសង់​គម្រោង​អគារ​​ថ្មី​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​ការ​វិនិយោគ និង​ទេសចរ​ជនជាតិ​ចិន ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា​ជា​បន្ដបន្ទាប់ ។

លោក​បន្ដ​ថា ៖« ការ​បណ្តាក់ទុន​ផ្ទាល់​ពី​អន្តរជាតិ​ជា​ច្រើន​នៅ​ក្រុង​នេះ​កំពុង​តែ​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី តាម​រយៈ​ការ​អភិវឌ្ឍ​ទៅ​ជាទី​ក្រុង​អន្ដរជាតិ ដែល​មាន​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​, សណ្ឋាគារ​លំដាប់​ផ្កាយ​, មជ្ឈមណ្ឌល​ទិញ​ទំនិញ​, តំបន់​កម្សាន្ត​លំដាប់​កំពូល និង​ភោជនីយ​ដ្ឋាន​អាហារ​ល្បី​ៗ ជាដើម ដែល​បាន​និង​កំពុង​ប្រមូលផ្តុំ​នៅ​ទីក្រុង​មួយ​នេះ ធ្វើ​ឲ្យ​ក្លាយជា​ទីក្រុង​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ » ។

អភិបាលខេត្ដ​ព្រះ​សីហ​នុ លោក យន្ដ មីន បាន​ថ្លែង​កាលពី​អំឡុង​ដើមខែ​កក្កដា កន្លង​មក​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ពិសេស​គឺ​ចុងឆ្នាំ​២០១៧ ដើមឆ្នាំ​២០១៨ អ្នក​វិនិយោគ​ជាតិ​-​អន្ដរជាតិ​ចូល​មក​សិក្សា​ស្វែងរក​ឱកាស​វិនិយោគ និង​ដាក់​ទុន​រកស៊ី​ជា​បន្ដបន្ទាប់​លើ​វិស័យ​នានា ដូច​ជា ឧស្សាហកម្ម​ទេសចរណ៍ ក្នុង​នោះ​វិស័យ​សំណង់ បាន​បង្ហាញ​រូបរាង​លេចធ្លោ​ច្រើន​ជាងគេ ទាំង​តូច ទាំង​ធំ​នៅ​ពាសពេញ​ខេត្ដ ដែល​មាន​អគារ​ធំ​ៗ ខ្ពស់​ៗ​រាប់​សិប​ជាន់ ។

លោក​បន្ដ​ថា ៖« វឌ្ឍនភាព​របស់​ខេត្ដ នៃ​ការ​កើនឡើង​សំណង់ និង​អ្នក​វិនិយោគ​នេះ គឺ​ដោយសារ​កត្ដា​ធំ​ៗ២ គឺ​កត្ដា​សន្ដិភាព ដែល​បាន​ផ្ដល់​សុវត្ថិភាព​ក្នុង​ការ​កសាង និង​ប្រកប​​របរ​រកស៊ី​ដោយ​សេរី ព្រមទាំង​កត្ដា​ច្បាប់ ដែល​ការពារ​ប្រជាពលរដ្ឋ អ្នក​វិនិយោគ​ប្រកបដោយ​ស្ថិរភាព​សម្រាប់​បរិស្ថាន​វិនិយោគ​នៅ​ក្នុង​ខេត្ដ ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស​កម្ពុជា » ។ លោក​ថា ៖« កំណើន​សំណង់​នេះ ក៏​បាន​បង្ហាញ​នូវ​ផល​វិជ្ជមាន​ច្រើន គឺ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​របស់​ខេត្ដ​ផង​ដែរ » ។

ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា លោក​បណ្ឌិត​សុក ស៊ី​ផា​ន់​ណា បាន​ថ្លែង​ថា ខេត្ត​ព្រះ​សីហ​នុ នឹង​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ទី​២​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដោយសារ​ខេត្ត​នេះ​មាន​សក្តានុ​ពល​យ៉ាង​ខ្លាំង ដែល​បាន​និង​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ ។ ខេត្ត​នេះ​មាន​សក្តានុពល​ដោយសារ​មាន​ព្រ​លាន​យន្តហោះ​អន្តរជាតិ​, កំពង់​ផែ​ទឹក​ជ្រៅ​តែ​មួយ​គត់​នៅ​កម្ពុជា​, ផ្លូវ​រថភ្លើង និង​មាន​ផ្លូវគោក ពិសេស​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ខេត្ត​នេះ​នា​ពេល​ខាង​មុខ ។

រាជរដ្ឋាភិបាល​បាន​កំណត់​យុទ្ធសាស្ត្រ​របស់​ខ្លួន ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ តាម​រយៈ​គោលនយោបាយ​ឆ្នាំ​២០១៧-២០២៥ នឹង​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង គ្រប់គ្រង​ដោយ​រដ្ឋបាល​ពិសេស ។ ទន្ទឹម​នឹង​នេះ ខេត្ត​ព្រះ​សីហ​នុ នឹង​បង្កើត​ក្រុង​មួយទៀត គឺ​ក្រុង​កោះ​រ៉ុ​ង ក្នុង​ទិស​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ។

ជាមួយ​គ្នា​នេះ ក្រោម​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​កម្ពុជា​-​ចិន ភាគី​ចិន​បាន​កំណត់​​យក​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​ខេត្ត ស្ថិត​ក្នុង​យុទ្ធសាស្ត្រ ផ្លូវ​សូត្រ​សមុទ្រ​របស់​ខ្លួន គឺ​ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត និង​ខេត្ត​កែប ដែល​ជា​ផ្លូវ​ស្រប​តាម​មាត់សមុទ្រ​ពី​ខេត្តកោះកុង រហូត​ដល់​ខេត្ត​កែប អាច​នឹង​ចាប់ផ្តើម​ស្ថាបនា​នៅ​ពេល​អនាគត ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ដ​ព្រះ​សីហ​នុ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សំណង់​តូច​ធំ​ក្នុង​ឆ្នាំ​២០១៧ មានការ​កើនឡើង​ច្រើន ជា​​លទ្ធផល​ជិត​៣០% ធៀប​ទៅ​នឹង​ឆ្នាំ​មុន ។ ជាមួយ​គ្នា​នឹង​ការ​កើនឡើង​នៃ​សំណង់​នេះ​ដែរ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​បរិស្ថាន​ផង​ដែរ ដោយសារ​ម្ចាស់​ការ​ដ្ឋាន​មួយ​ចំនួន​មិន​បាន​ស្ដាប់​ធ្វើ​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ដ ដោយនៅ​បន្ដ​សាងសង់​ខ្វះ​លក្ខណៈ​បច្ចេកទេស ដូច​ជា ការដ្ឋាន​គ្មាន​របង​បិទ​បាំង និង​យក​ចិញ្ចើម​ផ្លូវ​ដាក់​សម្ភារៈ​សំណង់ ជាដើម ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ