រាជធានីភ្នំពេញ ៖ ស្របពេលការមកដល់នៃភ្ញៀវទេសចរអន្តរជាតិកំពុងមានកំណើនខ្លាំង ពិសេសភ្ញៀវទេសចរចិន ធ្វើឲ្យកម្ពុជាកំពុងប្រឈមនឹងកង្វះខាតការផ្គត់ផ្គង់សេវាមួយចំនួនដូចជា សណ្ឋាគារ, ម្ហូបអាហារ និងសេវាដឹកជញ្ជូន ជាដើម ។ នេះបើតាមអនុប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសបានលើកឡើង ។
ក្នុងពិធីដាក់ឲ្យប្រើប្រាស់ «មជ្ឈមណ្ឌលផ្សព្វផ្សាយ និងផ្ដល់ព័ត៌មានទេសចរណ៍ខេត្តក្វាងស៊ី» ប្រចាំនៅកម្ពុជា លោក ប្រាក់ វុទ្ធី អនុប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិមានប្រមាណ៥,៦លាននាក់ ក្នុងនោះអ្នកទេសចរចិនមានរហូតទៅដល់១,២លាននាក់ កើនឡើងរហូតដល់៤៧,៩% ហើយឆ្នាំនេះ កម្ពុជារំពឹងថា ភ្ញៀវទេសចរចិននឹងកើនឡើងដល់២លាននាក់។ កំណើននេះ បានធ្វើឲ្យកម្ពុជាកំពុងជួបបញ្ហាប្រឈមខ្លះដែរ ពិសេសគឺការផ្គត់ផ្គង់សេវាមួយចំនួនដូចជា បន្ទប់ស្នាក់នៅ, ម្ហូបអាហារ និងមធ្យោបាយធ្វើដំណើរ ។ ទោះបីយ៉ាងណា តាមរយៈវិស័យឯកជនដែលជាដៃគូមិនអាចខ្វះបាន កំពុងតែផ្ដោតលើការសាងសង់សណ្ឋាគារ, រមណីយដ្ឋាន និងភោជនីយដ្ឋាននានា ដើម្បីឆ្លើយតបនឹងកំណើននេះ ។
លោក ប្រាក់ វុទ្ធី មានប្រសាសន៍ថា ៖«អ្នកទេសចរចិនមានការកើនឡើងយ៉ាងខ្លាំង ធ្វើឲ្យកម្ពុជាយើងបានជួបប្រទះនូវបញ្ហាមួយចំនួនផងដែរ ដោយយើងមិនមែនទទួលតែទេសចរចិនមួយទេ គឺទេសចរពីប្រទេសផ្សេងទៀត ហើយបញ្ហាដែលជួបនោះមាន ការស្នាក់នៅ, ការហូបចុក និងការធ្វើដំណើរផ្សេងៗទៀត » ។
ទោះបីយ៉ាងនេះក្ដី លោកថា ៖« កម្ពុជាយើងកំពុងកសាងសណ្ឋាគារផ្សេង និងកំពុងអភិវឌ្ឍន៍ ព្រមទាំងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀត ដូចជា រមណីយដ្ឋាន, ភោជនីយដ្ឋាន និងអាកាសយានដ្ឋាន ជាដើម ដើម្បីឆ្លើយតបនឹងកំណើននេះ » ។ លោកបន្ដថា នៅឆ្នាំ២០១៨នេះ ក៏ជាខួបនៃទំនាក់ទំនងការទូតលើកទី៦០រវាងកម្ពុជា-ចិន ផងដែរ ក្នុងនោះកម្ពុជាបានក្លាយជាប្រទេសកិត្តិយសក្នុងការចូលរួមតាំងពិព័រណ៍អាស៊ាន-ឆាយណា អុីចស្ពូរ លើកទី១៥ ដែលនេះជាសញ្ញាមួយដ៏សំខាន់ ក្នុងការជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែមានកំណើនថែមទៀត ។
អគ្គនាយករងនៃគណៈកម្មាធិការទេសចរណ៍ចិន ខេត្តក្វាងស៊ី លោកស្រី HU JING BO បានមានប្រសាសន៍ដែរថា កម្ពុជាជាប្រទេសមានវប្បធម៌វ័យចំណាស់ និងមានសក្ដានុពលទេសចរណ៍សម្បូរបែប ដូចជា បឹងទន្លេសាប ដែលលាតសន្ធឹងល្វឹងល្វើយ, ប្រាសាទអង្គរវត្ត ដែលមានកេរ្តិ៍ឈ្មោះល្បីពេញសកលលោក ព្រមទាំងមានឆ្នេរដ៏ស្រស់ស្អាត ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានតំបន់ទេសចរណ៍ធម្មជាតិដែលគួរឲ្យទាក់ទាញជាច្រើនទៀត ហើយកម្ពុជាជាប្រទេសដែលសម្បូរទៅដោយធនធានរ៉ែ និងជាតំបន់ត្រូពិកផងដែរ ។ លោកស្រីថ្លែងថា ៖« ប្រទេសកម្ពុជាគឺជាមិត្តភក្តិដ៏ល្អ ស្មោះត្រង់ ក៏ដូចជាដៃគូសហការដ៏ល្អមួយ ហើយសម្រាប់តំបន់ស្វយ័តក្វាងស៊ី ជាតំបន់មួយស្ថិតនៅភាគនិរតីនៃប្រទេសចិន ជិតព្រំប្រទល់ប្រទេសវៀតណាម មានទេសភាពស្រស់ស្អាត ស្រស់បំព្រង ហើយខេត្តក្វាងស៊ី ក៏ជាតំបន់មួយដែលមានផ្ទៃក្រឡាជាប់នឹងតំបន់ធនធាន និងទេសចរណ៍សម្បូរបែបដែរ។ ដូច្នេះ ការបើកមជ្ឈមណ្ឌលផ្សព្វផ្សាយ និងផ្ដល់ព័ត៌មានទេសចរណ៍ខេត្តក្វាងស៊ី នាពេលនេះ នឹងជួយឲ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែជិតស្និទ្ធ ពិសេសជួយឲ្យវិស័យទេសចរណ៍នៃប្រទេសទាំងពីរមានកំណើនឡើងថែមមួយកម្រិតទៀត»។
លោកស្រីថ្លែងថា ៖« ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្តក្វាងស៊ីបានយកចិត្តទុកដាក់ទៅលើការផ្សព្វផ្សាយវិស័យទេសចរណ៍ និងបានចាត់ទុកវិស័យទេសចរណ៍ក្នុងការអភិវឌ្ឍ មានការដើរកម្សាន្តតាមសមុទ្រចិន, ដំណើរកម្សាន្តបែបអេកូឡូស៊ីទេសចរណ៍ ដែលបានធ្វើឲ្យកិត្តិនាមខេត្តក្វាងស៊ីល្បីឈ្មោះពេញពិភពលោក » ។
គួរកត់សម្គាល់ថា ចំនួនអ្នកទេសចរមកទស្សនានៅខេត្តក្វាងស៊ី និងស្នាក់នៅកាលពីឆ្នាំ២០១៧ មានចំនួន៥លាននាក់ ហើយកម្ពុជា ក៏ជាប្រភពទេសចរដ៏សំខាន់មួយដែរ ។ ក្នុងនោះ ភ្ញៀវទេសចរកម្ពុជាទៅកាន់ខេត្តក្វាងស៊ីមានចំនួនជាង១,៣ម៉ឺននាក់ មានកំណើន៥៨,១% ហើយនៅពាក់កណ្តាលដើមឆ្នាំ២០១៨នេះ មានចំនួន៨.៨១៥នាក់ ស្មើនឹងកំណើន៤៤,៨%
ចែករំលែកព័តមាននេះ