ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​អះអាង​ថា បញ្ហា​ទឹកជំនន់​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណាំ​កសិកម្ម​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ទឹកជំនន់ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​អះអាង​ថា ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេមេគង្គ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណាំ​កសិកម្ម​នោះ​ទេ ផ្ទុយ​ទៅ​វិញ ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ ខណៈ​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ទឹកជំនន់ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​អះអាង​ថា ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេមេគង្គ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណាំ​កសិកម្ម​នោះ​ទេ ផ្ទុយ​ទៅ​វិញ ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ថែម​ទៀត ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២ សីហា ថា ផ្ទៃដី​កសិកម្ម​ទំហំ​១៨.០០០​ហិ​កតា​បាន​រង​ផល​ប៉ះពាល់ ប៉ុន្តែ​ខូចខាត​តែ​ជាង​៣​ពាន់​ហិ​កតា​ប៉ុណ្ណោះ ក្នុង​នោះ​ខេត្តក្រចេះ​ខូចខាត​ដំណាំ​ស្រូវ​ទំហំ​៨៥៨​ហិ​កតា​, ខេត្តស្ទឹងត្រែង​បាន​ប៉ះពាល់​ជាង​១០០​ហិ​កតា និង​ខេត្ត​ត្បូងឃ្មុំ​បាន​រង​ផល​ប៉ះពាល់​៤៨៨​ហិ​កតា ។

លោក​បន្ត​ថា ក្រៅពី​នេះ ដំណាំ​រួម​ផ្សំ​មួយ​ចំនួន​ក៏​បាន​រង​ផល​ប៉ះពាល់​ផង​ដែរ ប៉ុន្តែ​ស្ថានភាព​ជា​ទូទៅ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ ។ លោក​បន្ត​ថា ៖« អ្វី​ៗ​មិន​មាន​ភាព​ធ្ងន់ធ្ងរ​ទេ ព្រោះ​យើង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ស្តារ​ឡើង​វិញ​ក្រោយ​ទឹកជំនន់ ប៉ុន្តែ​យើង​ត្រូវ​រង់ចាំ​រហូត​ដល់​ទឹកជំនន់​ឈប់​ហក់​ឡើង ព្រោះ​ទឹក​ត្រូវ​ហក់​ឡើង​រហូត​ដល់​ខែកញ្ញា ខាង​មុខ » ។ លោក​បន្ត​ថា ៖« ជា​ទូទៅ ស្ថានភាព​បង្កបង្កើន​ផល​វិញ​មាន​ភាពល្អ​ប្រសើរ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន » ។

ជាក់ស្តែង រហូត​មក​ទល់​ពេល​នេះ ការ​ដាំ​ដុះ​សម្រេច​បាន​៨៨%​នៅ​ទូ​ទាំង​ប្រទេស ដែល​ស្មើនឹង​ផ្ទៃដី​២.២៣១.៨១៦​ហិ​កតា នៃ​ផ្ទៃដី​ដាំ​ដុះ​សរុប​២.៥១៣.៨៩៥​ហិ​កតា ក្នុង​នោះ​ដំណាំ​រួម​ផ្សំ​សម្រេច​បាន​៩២% និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​សម្រេច​បាន​១០២% ។ កសិកម្ម ជា​វិស័យ​ធំ​មួយ​ដែល​រួមចំណែក​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ដោយ​វិស័យ​នេះ​បាន​គ្របដណ្តប់​ប្រមាណ​ជាង​២០%​នៃ​ផលទុនជាតិ​សរុប ។
ទោះជា​យ៉ាងណា វិស័យ​នេះ​កំពុង​ផ្លាស់​ប្តូរ​របត់​ថ្មី​មួយ តាម​រយៈ​ទំនើប​កម្ម​ឧបករណ៍​កសិកម្ម ដោយ​ទំហំ​ការ​ប្រើប្រាស់​ពលកម្ម​បាន​ថយ​ចុះ​ពី​ជាង​៨០% មក​នៅ​ត្រឹម​ប្រមាណ​៤០% នា​ឆ្នាំ​២០១៨​នេះ ។

លោក​ឧកញ៉ា ភួ ពុ​យ ប្រធាន​សម្ព័ន្ធ​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា បាន​ថ្លែង​ថា ពិតជា​មាន​ផល​ប៉ះពាល់​តិចតួច​ពី​ទឹកជំនន់ តែ​មិន​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​ការ​សាបព្រោះ​ស្រូវ​វស្សា​ទើប​ចាប់ផ្តើម ។ កម្រិត​ទឹក​ប៉ុណ្ណេះ​មិន​បង្ក​ជា​បញ្ហា​ណាមួយ​នោះ​ទេ ប៉ុន្តែ​វា​នឹង​បង្ក​ឲ្យ​ស្រូវ​កាន់តែ​ល្អ​ថែម​ទៀត ដូច​ពាក្យចាស់​លោក​ពោល​ថា «​រាំង​មួយ​ក្បង់ លង់​មួយ​ថាំង​» ។ លោក​បន្ត​ថា ៖« ការ​បង្កបង្កើន​ផល​ស្រូវ​នឹង​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន សម្រាប់​ក្របខ័ណ្ឌ​ទូ​ទាំង​ភូមិភាគ​ពាយ័ព្យ​នៃ​ប្រទេស » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ