ខេត្តតាកែវ ៖ មុខសញ្ញាជូញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវចុះបង្ក្រាបបានជាមួយ និងវត្ថុតាងយកមកកសាងសំណុំរឿង បញ្ជូនឡើងតុលាការកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ។
ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ដោយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវដែលដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវផងដែរ ។
ករណីនេះតាមការឲ្យដឹងពីលោកមេបញ្ជាការរងបានប្រាប់ថា កម្លាំងលោកបានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់មួយករណី នៅចំណុចភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ និងបានឃាត់ខ្លួនជនសង្ស័យបានមានឈ្មោះ ហោ សុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ ជាមួយគ្នានោះកម្លាំងលោកបានដកហូតបានវត្ថុតាងមានម្សៅក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ ទម្ងន់០,៣០ក្រាម និងទូរស័ព្ទចំនួន១គ្រឿងផងដែរ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដែលកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបបាននោះត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ