រាជធានីភ្នំពេញ ៖ ក្រោយការបោះឆ្នោតមានគណបក្សមិនបានអាសនៈខ្លះប្រកាសថា ការបោះឆ្នោតមិនត្រឹមត្រូវទាំងស្រុង តែចំណែកគណបក្សសញ្ជាតិកម្ពុជាបានចេញសេចក្តីថ្លែងថា បក្សសញ្ជាតិកម្ពុជា (គ.ស.ក) សង្កេតឃើញថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់តាំងពីព្រលឹមមិនទាន់ដល់ម៉ោង៧ផងមានប្រជាពលរដ្ឋមកតម្រង់ជួររង់ចាំយ៉ាងច្រើនកុះករប្រកបដោយសេចក្តីរីករាយ និងមានរបៀបរៀបរយនៅតាមការិយាល័យបោះឆ្នោតរៀងៗខ្លួន ។
គណបក្សសញ្ជាតិកម្ពុជាបានកត់សម្គាល់ឃើញថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខែកក្កដា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយរលូនគ្មានការរំខាន គ្មានការរារាំង គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ ដោយសេរីត្រឹមត្រូវ ស្មើភាព តម្លាភាព យុត្តិធម៌ ទទួលយកបាន និងមានភាពល្អប្រសើរជាងអាណត្តិមុនៗ ។
គណបក្សសញ្ជាតិកម្ពុជាបានថ្លែងថា ៖ «គណបក្សសញ្ជាតិកម្ពុជាសូមកោតសរសើរ និងថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគ្រប់ភាគីពាក់ព័ន្ធដែលមានការសហការនៅក្នុងដំណើរការបោះឆ្នោតនេះ» ៕
ចែករំលែកព័តមាននេះ