ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​អាច​ឆ្លង​​ផុត​នោះ បើ​ក្លិន​ឈ្ងុយ​ចូល​ច្រមុះ​យ៉ាង​នេះ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​លក់​ចង្រិត កូន​កង្កែប ដឹកដឿ កន្តេះឡង់ និង​កន្ទាទូក នៅ​សង​ខាង​​ផ្លូវជាតិ​លេខ​២ ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តតាកែវ ប្រមាណ​ជាង​១០​កន្លែង…

រាជធានី​ភ្នំពេញ ៖ ទីតាំង​លក់​ចង្រិត កូន​កង្កែប ដឹកដឿ កន្តេះឡង់ និង​កន្ទាទូក នៅ​សង​ខាង​​ផ្លូវជាតិ​លេខ​២ ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តតាកែវ ប្រមាណ​ជាង​១០​កន្លែង ស្ថិត​នៅ​ភូមិ​ក្រសាំង ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជាប់​ព្រំប្រទល់​ខណ្ឌដង្កោ កាន់​តែ​​ល្បី​ខ្លាំង​ឡើង​ៗ ព្រោះ​អ្នកដំណើរ​ទៅ​មក​ភាគច្រើន​មិន​អាច​ឆ្លង​ផុត​ពី​ក្លិន​ឈ្ងុយ​នៃ​សត្វ​ល្អិត​បំពង​ទាំងនេះ​បាន​ឡើយ ។ ចំណែក​អ្នកលក់​វិញ ក៏​កំពុង​កាក់កប​នឹង​របរ​នេះ​ដែរ ដោយ​មាន​អ្នកខ្លះ​អះអាង​ថា គ្រាន់បើ​ជាង​ចំណាកស្រុក​ទៅ​ធ្វើ​កម្មករ​គេ ។

ស្ត្រី​ម្ចាស់​តូប​យីហោ «​ធា​រ៉ា​ខ្មែរ​» បាន​រៀបរាប់​ថា អ្នកស្រី​បាន​ចាប់​យកមុខ​របរ​នេះ​រយៈ​ពេល​៤​ឆ្នាំ​ហើយ ដោយ​កាល​ដំបូង​ឡើយ​មាន​តែ​៣​ទៅ​៤​កន្លែង​ប៉ុ​ណ្ណោះ ប៉ុន្ដែ​ក្រោយមក​ចេះ​​តែ​មាន​អ្នក​ចាប់​យក​របរ​នេះ​ជា​ហូរហែ រហូត​ដល់​បច្ចុប្បន្ន មាន​ជាង​១០​ទីតាំង​ឯណោះ ។

អ្នកស្រី​ថា ៖« ការ​ប្រកប​មុខរបរ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​មាន​ចំណូល​គួរសម​សម្រាប់​ចិញ្ចឹម​គ្រួសារ ដោយ​ពុំ​បាច់​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ព្រោះថា​មុខរបរ​នេះ​មិន​ហត់នឿយ​បុ​៉​ន្មា​ន​នោះ​ទេ ដោយ​គ្រាន់តែ​ទទួល​ទិញ​សត្វល្អិត​ទាំង​អស់នេះ​ពី​គេ មក​បំពង​ខ្លាញ់​ដាក់​លក់​នៅ​មុខ​តូប​ជា​ការ​ស្រេច » ។

អ្នកស្រី​ធា​រ៉ា បាន​បញ្ជាក់​ថា ៖« ដុក​ដឿ​នេះ ខ្ញុំ​ទិញ​ពី​ឈ្មួញ​នាំ​ចូល​ពី​ថៃ ។ ចំណែក​សត្វ​ចង្រិត​ដូង ចង្រិត​ព្រៃ និង​កន្ទាទូក ខ្ញុំ​ទិញ​ពី​ខេត្តកំពង់ធំ​ខ្លះ និង​ពី​ខេត្តតាកែវ​ខ្លះ ។ រីឯ​កូន​កង្កែប​, កន្តេះឡង់ គឺ​ទិញ​ពី​ខេត្តបាត់ដំបង ក៏​ប៉ុ​ន្តែ​របស់​ទាំងនេះ​ម៉ូ​យ​យក​មក​ដល់​កន្លែង​តែ​ម្តង ។ ចំពោះ​តម្លៃ​លក់​ចេញ គឺ​កូន​កង្កែប​១​កំ​ប៉ុ​ង​៥​ពាន់​រៀល​, ចង្រិត​ចិញ្ចឹម​១​កំ​ប៉ុ​ង​៨​ពាន់​រៀល​, ចង្រិតដូង​១​កំ​ប៉ុ​ង​១​ម៉ឺន​រៀល​, កន្តេះឡង់​១​កំ​ប៉ុង​៨​ពាន់​រៀល និង​ដុក​ដឿ​១​កំ​ប៉ុ​ង​៨​ពាន់​រៀល » ។

អ្នកស្រី​បញ្ជាក់​បន្ថែម​ថា ៖« នៅ​ថ្ងៃ​ធម្មតា លក់​បាន​ក្នុង​១​ថ្ងៃ​ពី​៧០​ម៉ឺន​រៀល​ទៅ​១​លាន​រៀល តែបើ​ថ្ងៃ​បុណ្យ​ទាន​វិញ ក្នុង​១​ថ្ងៃ​លក់​បាន​យ៉ាងតិច​៥​លាន​រៀល ហើយ​ភ្ញៀវ​ភាគ​ច្រើន​ចូល​ចិត្ត​ទិញ​ចង្រិត » ។

ស្រ​ដៀង​គ្នា​នេះ​ដែរ អ្នកស្រី គឹ​ម ឡា​ង ដែល​ប្រកបរ​បរដូច​គ្នា​នេះ បាន​ឲ្យ​ដឹង​ថា អ្នកស្រី​ចាប់​មុខរបរ​នេះ​ជាង​១០​ឆ្នាំ​ហើយ តាំងពី​ផ្លូវជាតិ​លេខ​២​មិន​ទាន់​កែ​លម្អ​ម្ល៉េះ ហើយ​កាល​ណោះ គឺ​មាន​តែ​តូប​អ្នកស្រី​មួយ​ទេ ដែល​មាន​លក់​ចង្រិត ដុក​ដឿ​, កន្តេះឡង់ និង​កន្ទា​ទូក គឺ​លក់ដាច់​ណាស់ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ ទីផ្សារ​បាន​បែកខ្ញែក​ច្រើន​ទៅ​ហើយ ដោយសារ​តែ​មាន​អ្នក​ប្រកប​របរ​នេះ​ច្រើន ។

អ្នកស្រី​ថា ៖« មុខរបរ​ពិតប្រាកដ​នេះ បាន​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ​សល់​លុយ​សាងសង់​ផ្ទះ​ដ៏​ធំ​មួយ​នៅ​ក្នុងភូមិ​ក្រសាំង ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង​នេះ ព្រមទាំង​ទិញ​ម៉ូតូ​ស៊េរី​ថ្មី​បាន​១​គ្រឿង​ថែម​ទៀត ហើយ​រាល់​ថ្ងៃនេះ វា​មិនសូវ​ពិបាក​ទេ ទំនិញ​ម៉ូយ​យក​មក​លក់​ដល់​ផ្ទះ យើង​គ្រាន់តែ​បំពង និង​ដាក់​គ្រឿង​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​តែ​ប៉ុ​ណ្ណោះ ជា​ការ​ស្រេច » ។

នៅ​រាជធានី​ភ្នំពេញ​វិញ មុខរបរ​លក់​សត្វល្អិត​បំពង​នេះ ភាគច្រើន​គឺ​ដាក់​លក់​លើ​រទេះ​រុញ ដើម្បី​ងាយស្រួល​ចល័ត ហើយ​ក៏​កំពុង​កាក់កប​ដែរ ដែល​ភាគច្រើន​លក់​នៅ​តាម​មាត់ទន្លេ ខាង​មុខ​ព្រះ​បរមរាជវាំង និង​ផ្លូវបំបែក​អតីត​ក្បាលស្ពាន​ហង្ស​ទៅ​កោះ​ពេជ្រ ។
ជា​ការ​ពិត សត្វល្អិត​បំពង​បច្ចុប្បន្ន ជា​អាហារ​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង មិន​ថា​នៅ​តាម​តំបន់​ទេសចរណ៍ តាម​ខេត្ត ឬ​ទីក្រុងឡើយ​។

និស្សិត​ម្នាក់​ដែល​កំពុង​ឈរ​ទិញ​ចង្រិត​នៅ​ចំណុច​ផ្លូវបំបែក​នេះ បាន​និយាយ​ថា រូបគេ​ចូល​ចិត្ត​មក​ដើរ​លេង​កម្សាន្ដ​នៅ​តំបន់​កោះ​ពេជ្រ ហើយ​តែងតែ​ទិញ​ចង្រិត​តា​ម៉ា​ប់​ហូប​រាល់ដង ព្រោះ​ស្នាដៃ​ផ្សំ​គ្រឿង​របស់​គាត់ បើ​បាន​សាក​ម្ដង​ហើយ កម្រ​ដើរ​ហួស​ណាស់ ។

និស្សិត​រូប​នេះ​បន្ដ​ថា ៖« កុំ​ស្មានថា មុខរបរ​អូស​រទេះ​លក់​ចង្រិត​នេះ មាន​ចំណូល​តិចតួច​ឲ្យ​សោះ​។ ជាក់ស្ដែង ខ្ញុំ​ស្គាល់​តា​ម៉ា​ប់លក់​ចង្រិត​នៅ​ផ្លូវបំបែក​នេះ​យូរហើយ គាត់​ថា យ៉ាង​​ហោច​ណាស់ ក៏​រកបាន​៣០០​ទៅ​៥០០​ដុល្លារ​ក្នុង​១​ថ្ងៃ​ដែរ ហើយ​គាត់​ជា​មនុស្ស​រួសរាយ​រាក់ទាក់ និង​មាន​ប្រជាប្រិយ​ណាស់​សម្រាប់​អ្នក​ចូល​ទិញ​ចង្រិត ឬអ្វី​ផ្សេង​ៗ​ពី​ហ្នឹង កម្រ​ដើរ​ហួស​រទេះ​របស់​គាត់​ណាស់ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ