រាជធានីភ្នំពេញ ៖ ក្រោយពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សាកសួរលោកគ្រូ និង អ្នកគ្រូ២នាក់ចប់ ពាក់ព័ន្ធពីបទលួច និងសមគំនិតលួចទឹកខ្មៅរបស់ គ.ជ.ប នៅវេលាម៉ោងប្រមាណ ៦ល្ងាច ថ្ងៃទី៣១ កក្កដា ជនត្រូវចោទគឺលោកគ្រូម្នាក់ និងអ្នកគ្រូម្នាក់ ត្រូវបានចៅក្រមស៊ើបសួរ បើកការជំនុំជម្រះផ្ទាល់ ហើយបានប្រកាសសាលក្រមភ្លាមៗ ផ្តន្ទាទោសម្នាក់៦ខែ តែទោសនោះត្រូវបានព្យួរទាំងអស់ ពោលគឺគ្រូបង្រៀនទាំងពីរនាក់ មិនត្រូវបានឃុំខ្លួនទេ ពេលបិទសវនាការ ត្រូវបានអនុញ្ញាតឲ្យមានសេរីភាពវិញ។
ជនជាប់ចោទម្នាក់ឈ្មោះ ទែន រតនា ភេទប្រុស អាយុ៤២ឆ្នាំ និងម្នាក់ឈ្មោះ ជា សុធារី ភេទស្រី អាយុ៤៦ឆ្នាំ ជាគ្រូបង្រៀននៅអនុវិទ្យាល័យ ជម្ពូវ័ន សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ជនជាប់ឈ្មោះ ជា សុធារី ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទលួច ចំណែកជនជាប់ឈ្មោះ ទែន រតនា ចោទប្រកាន់ពីបទ.សមគំនិតក្នុងអំពើលួច(លួចទឹកខ្មៅជ្រលក់ចង្អុលដៃរបស់ គ.ជ.ប)។ ប្រភព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេដឹងថា កាលពីព្រឹកថ្ងៃទី៣១ កក្កដា សមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យ បានបញ្ជូនគ្រូបង្រៀន ដែលជាជនជាប់ចោទ២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការធ្វើការសាកសួរ រឿងលួចទឹកខ្មៅជ្រលក់ចង្អុលដៃរបស់ គ.ជ.ប។
ប្រភពព័ត៌មានឲ្យដឹងទៀតថា ដំបូងសមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនអ្នកគ្រូ ជា សុធារី តែម្នាក់ទេ ប៉ុន្តែក្រោយមកការសាកសួរយកចម្លើយ អ្នកគ្រូបានជាប់ពាក់ព័ន្ធ ទៅនឹងលោកគ្រូម្នាក់ទៀត ទើបតំណាងអយ្យការតំរូវឲ្យសមត្ថកិច្ចមកទាំងពីរនាក់។ នៅសាលា ដំបូងរាជធានីភ្នំពេញ បានសង្កេតឃើញលោកគ្រូ និងអ្នកគ្រូត្រូវបានសមត្ថកិច្ចនាំទៅអង្គុយជិតគ្នា រង់ចាំការសាកសួរពីសំណាក់លោកព្រះរាជអាជ្ញារងកាន់សំណុំរឿងនោះ។ ពេលពួកគាត់អង្គុយក្បែរគ្នា ឮតែសំឡេងជជែកគ្នាខ្លាំងៗ អ្នកគ្រូបានដាក់បន្ទុកទៅលោកគ្រូថា បានជាគាត់លួចយកទឹកខ្មៅ គ.ជ.ប នោះ ដោយសារលោកគ្រូបានពឹងពាក់ឲ្យគាត់ជួយយកដបទឹកថ្នាំខ្មៅនោះមកជ្រលក់ដៃ ព្រោះលោកគ្រូជាប់រវល់មិនបានទៅបោះឆ្នោតនឹងគេ និងមិនមានស្នាមទឹកខ្មៅជាប់ចង្អុលដៃដូច ដូច្នោះបានជាគាត់យកឲ្យ។ ចំណែកលោកគ្រូវិញបានបដិសេធទៅនឹងសម្ដីអ្នកគ្រូ ដែលចោទប្រកាន់យ៉ាងដូច្នោះ។
ហើយលោកគ្រូក៏បានតបទៅអ្នកគ្រូវិញថា ខ្ញុំគ្រាន់តែនិយាយថា បើសិនជាខ្ញុំមិនបានទៅបោះឆ្នោត ខ្ញុំអាចសុំទឹកថ្នាំខ្មៅរបស់ គ.ជ.ប មកជ្រលក់ចង្អុលដៃបានអត់ ?។ សំឡេងលោកគ្រូ និងអ្នកគ្រូជជែកគ្នាហូរហែច្រើនជាងនេះទៀត ដែលម្នាក់ៗចង់ដោះបន្ទុករៀងខ្លួន។ ទោះជាយ៉ាងណាក្តីការរកឃើញនូវទោសកំហុស ដែលលោកគ្រូ និងអ្នកគ្រូបានប្រព្រឹត្ត តំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការ និងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ រហូតដល់វេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃដដែល។ សំណុំរឿងនេះត្រូវបានបើកសវនាការភ្លាមៗ និង បានផ្តន្ទាទោសជនជាប់ចោទទាំងពីរនាក់ ដូចបានរៀបរាប់ខាងលើ៕
ចែករំលែកព័តមាននេះ