រាជធានីភ្នំពេញ ៖ ការធ្វើដំណើរក្រៅប្រទេសភាគច្រើន ក្រៅពីគិតគូរលើការចំណាយស្នាក់នៅ សេវាដឹកជញ្ជូន និងម្ហូបអាហារជាដើមនោះ តម្លៃសំបុត្រយន្ដហោះក៏ជាបញ្ហាចោទមួយដែរ ប៉ុន្ដែមានពេលខ្លះតម្លៃសំបុត្រទៅមក (Round Trip) របស់ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនអាចធូរថ្លៃ ជាងជើងហោះហើរក្នុងស្រុកទៅទៀត ប្រសិនជាយើងដឹងថា តើគួរទិញសំបុត្រនៅពេលណា ឬធ្វើយ៉ាងណានោះ ។
តាមបទពិសោធន៍ក្នុងនាមជាប្រតិបត្តិករទេសចរណ៍ឈានមុខគេនៅកម្ពុជា លោក ហូ វណ្ឌី នាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ World Express Tours & Travel បានចែករំលែកចំណេះដឹងទាក់ទងនឹងឱកាសដែលអាចទិញសំបុត្រយន្ដហោះបានក្នុងតម្លៃទាបនេះ ។
ថ្លែងប្រាប់សហការីនិពន្ធសារព័ត៌មានកោះសន្ដិភាព នារសៀលថ្ងៃទី២៥ កក្កដា នាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍រូបនេះបានឲ្យដឹងថា មានឱកាសមួយចំនួនដែលអនុញ្ញាតឲ្យបងប្អូនខ្មែរអាចទិញសំបុត្រយន្ដហោះបានក្នុងតម្លៃដ៏ពិសេសនេះ។
លោកមានប្រសាសន៍យ៉ាងដូច្នេះ ៖« ឱកាសដែលអតិថិជនអាចទទួលបានសំបុត្រយន្ដហោះក្នុងតម្លៃពិសេសនោះ គឺទីមួយ- យើងត្រូវស្វែងរកព័ត៌មានដែលក្រុមហ៊ុនអាកាសចរណ៍គេបញ្ចុះតម្លៃ។ ទីពីរ- យើងត្រូវកក់សំបុត្រឲ្យបានយូរ មុនថ្ងៃដែលយើងធ្វើដំណើរ និងទីបី- ការទិញកញ្ចប់ទស្សនកិច្ចមានន័យថា ជាការរៀបចំបញ្ចូលគ្នាជាកញ្ចប់តែម្ដង ក្នុងនោះរួមមានតម្លៃសំបុត្រ, ការស្នាក់នៅ និងម្ហូបអាហារជាដើម » ។
ក្រៅពីចំណុចខាងលើនេះ ពេលវេលានៃការចេញដំណើរក៏ជារឿងដ៏ទាក់ទាញមួយដែរ តួយ៉ាងប្រសិនបើជ្រើសរើសចំរដូវកាលឈប់សម្រាក រដូវបុណ្យប្រពៃណីជាតិនៃបណ្ដាប្រទេសគោលដៅនោះ ពិសេសគឺរដូវវិសមកាលអន្តរជាតិដែលចាប់ផ្ដើមពីខែវិច្ឆិកា ដល់ខែមករា បើទោះបីជាយើងទិញសំបុត្រទុកមុនយូរថ្ងៃ ក៏នៅតែមានតម្លៃខ្ពស់ដែរ ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកហូ វណ្ឌី។
បទពិសោធន៍ស្រដៀងគ្នានេះដែរ បើតាមភ្នាក់ងារលក់សំបុត្រយន្ដហោះនៅក្រុមហ៊ុន VLK Royal Tourism Co Ltd បានឲ្យដឹងនៅថ្ងៃដដែលនេះថា ការទិញសំបុត្រយន្ដហោះបានក្នុងតម្លៃទាបនោះ គឺវាអាស្រ័យលើកត្តាសំខាន់ៗមួយចំនួន ពិសេសអ្នកដំណើរគួរដឹងថា ក្រុមហ៊ុនអាកាសចរណ៍ណាខ្លះមានតម្លៃទាប ហើយតាមដានរាល់កម្មវិធីបញ្ចុះតម្លៃនានានៅក្នុងវេបសាយ ឬ Facebook Page របស់ក្រុមហ៊ុនជាដើម ។ ជាមួយគ្នានេះ ការទិញសំបុត្រទុកមុនរយៈពេលច្រើនខែឡើងទៅ, ការទិញសំបុត្រតាមអនឡាញ, ការធ្វើដំណើរចំរដូវកាលបញ្ចុះតម្លៃ និងជ្រើរើសពេលវេលានៃជើងហោះហើរ ក៏អាចឲ្យយើងទិញសំបុត្របានក្នុងតម្លៃទាបដែរ ។
លោក ស៊ន គឹមហុង ភ្នាក់ងារលក់សំបុត្រយន្ដហោះរូបនេះ មានប្រសាសន៍ថា ៖« ជាទូទៅ ក្រុមហ៊ុនអាកាសចរណ៍ខ្លះមានតម្លៃទាបតែម្ដងដូចជា AirAsia ជាដើម ហើយមានកម្មវិធីបញ្ចុះតម្លៃរហូតតែម្ដងដែលតែងចុះផ្សាយតាមវេបសាយ ឬ Facebook Page របស់ក្រុមហ៊ុន ដែលអនុញ្ញាតឲ្យយើងដឹងលម្អិតពីតម្លៃ, ថ្ងៃចេញដំណើរ និងលក្ខខណ្ឌផ្សេងៗទៀត ។ ដូច្នេះយើងត្រូវតាមដានព័ត៌មានក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ។
មួយវិញទៀត ការទិញសំបុត្រទុកមុនច្រើនខែចាប់ពីកន្លះឆ្នាំឡើង និងការទិញសំបុត្រតាមអនឡាញពីក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់ ក៏អាចទទួលបានតម្លៃសំបុត្រទាបដែរ ប៉ុន្ដែការទិញសំបុត្រតាមអនឡាញនេះ វាជួបបញ្ហាបន្ដិច ហើយជារឿយអ្នកដំណើរតែងរត់រកក្រុមហ៊ុនភ្នាក់ងារលក់សំបុត្រឲ្យជួយដោះស្រាយ ។
លោកថា ៖ « យើងទទួលស្គាល់ថា ការទិញសំបុត្រតាមអនឡាញ វាមានតម្លៃថោកជាងតិចតួចមែន ប៉ុន្ដែគុណវិបត្តិនោះគឺពេលមានបញ្ហាអ្វីមួយ យើងធ្វើអ្វីអត់បានទេ តួយ៉ាងបើចង់ដូរជើងហោះហើរ គឺអ្នកដំណើរចាំបាច់ត្រូវទៅជួបក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់តែម្ដង ហើយបើកើតឡើងចំថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យទៀត ក្រុមហ៊ុនអត់ធ្វើការ អីចឹងគឺគាត់ខកខានការធ្វើដំណើរតែម្ដង តែបើទិញតាមរយៈក្រុមហ៊ុនភ្នាក់ងារលក់សំបុត្រ យើងអាចជួយដោះស្រាយបាន។ យ៉ាងច្រើន គាត់អស់ថ្លៃតែដូរថ្ងៃទេ ហើយបើរសំបុត្រនោះដូរថ្ងៃ free ទៀត គឺមិនចំណាយអ្វីទាំងអស់ »។
តាមការសិក្សាមួយដោយផ្អែកលើការប្រមូលទិន្នន័យពីទីភ្នាក់ងារទេសចរណ៍ចំនួន៥០០កន្លែងនៅសហរដ្ឋអាមេរិកដែលបានចេញផ្សាយដោយ money.usnews.com បានបង្ហាញស្រដៀងគ្នានឹងការលើកឡើងរបស់អ្នកជំនាញខាងលើនេះថា មានកត្តាមួយចំនួនដែលអនុញ្ញាតឲ្យលោកអ្នកទិញសំបុត្រយន្ដហោះក្នុងតម្លៃទាបបាន ក្នុងនោះរួមមាន ៖
១-ការទិញសំបុត្រយន្ដហោះ មុនយ៉ាងតិច៧សប្ដាហ៍ឡើងទៅ ៖ ប្រសិនបើពួកគេទិញយ៉ាងតិច៥០ថ្ងៃ មុនពេលចេញដំណើរ នឹងទទួលបានការបញ្ចុះតម្លៃច្រើន ។
២- ការជ្រើសរើសពេលវេលានៃការហោះហើរ ៖ តម្លៃសំបុត្រយន្ដហោះដែលថោកជាងគេបំផុតនោះជាទូទៅ គឺជើងហោះហើរពេលព្រឹកព្រលឹម ព្រោះអ្នកដំណើរត្រូវភ្ញាក់ និងចេញដំណើរមកព្រលាននៅម៉ោង៤ទៀបភ្លឺ ។ បន្ទាប់មក គឺនៅម៉ោងអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច ព្រោះជាពេលវេលាមួយដែលគេហៅថា «ឃ្លានហោះហើរ» ។ ចំណែកអ្នកដំណើរមិនចង់ហោះហើរពេលនេះទេ ព្រោះវាជាពេលវេលាមិនស្រណុកចិត្តដោយសារហេវហត់ ។
៣- ការដឹងពីការបញ្ចុះតម្លៃពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ ៖ ជាទូទៅ ក្រុមហ៊ុនអាកាសចរណ៍តែងតែបញ្ចេញតម្លៃពិសេសរបស់ពួកគេនៅយប់ថ្ងៃច័ន្ទ ដោយសារក្រុមហ៊ុនចង់ឲ្យភ្នាក់ងារលក់សំបុត្រឲ្យបានច្រើនពេញមួយសប្ដាហ៍ ហើយតម្លៃដែលល្អបំផុតនោះគឺនៅថ្ងៃអង្គារ និងថ្ងៃពុធ ពេលថ្ងៃត្រង់ ឬពេលល្ងាច ។
៤- អ្នកធ្វើដំណើរគួរតាមដានកម្មវិធីបញ្ចុះតម្លៃរបស់ក្រុមហ៊ុន ឬឧស្សាហ៍ឆែកអ៊ីម៉ែល ៖ ក្រុមហ៊ុនអាកាសចរណ៍នានាតែងតែមានកម្មវិធីបញ្ចុះតម្លៃពិសេសសម្រាប់គោលដៅហោះហើររបស់ពួកគេ ។ ដូច្នេះគោលដៅណាដែលមានតម្លៃទាប ក្រុមហ៊ុនតែងតែផ្សព្វផ្សាយនៅតាមបណ្ដាញសារព័ត៌មាន ឬផ្ញើអ៊ីម៉ែលមកផ្ទាល់ខ្លួនតែម្ដង ៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
ចែករំលែកព័តមាននេះ