តារាឆ្នើម Cristiano Ronaldo ដែលទើបផ្លាស់ពីក្លិប Real Madrid ទៅរកទ្រនំថ្មី Juventus មិនត្រឹមតែជាអត្តពលិករកចំណូលប្រចាំឆ្នាំបានច្រើនប៉ុណ្ណោះទេ ថែមទាំងជាកីឡាករចូលចិត្តធ្វើ និងចូលរួមកម្មវិធីសប្បុរសធម៌នានាទូទាំងពិភពលោកទៀតផង ។
ខាងក្រោមនេះ គឺជាសកម្មភាពទាំង៧យ៉ាងដ៏គួរឱ្យស្ញប់ស្ញែងរបស់ Ronaldo ដែលឆ្លៀតពេលបន្តិចបន្តួចរបស់ខ្លួនចូលរួមចែករំលែកដល់សង្គម ក្រៅពីការប្រកបអាជីពជាកីឡាករបាល់ទាត់ ៖
១-ពានស្បែកជើងមាស
កាលពីឆ្នាំ២០១១ កីឡាករ Ronaldo បានឈ្នះពានស្បែកជើងមាសទ្វីបអឺរ៉ុប បន្ទាប់ពីស៊ុតបាន៤០គ្រាប់ អំឡុងសម័យកាលគ្រូបង្វឹក Jose Mourinho បើទោះជាគ្រានោះក្លិប Real Madridបញ្ចប់ដោយស្ថិតនៅចំណាត់ថ្នាក់លេខ២នៃក្របខ័ណ្ឌ La Liga និងធ្លាក់ចេញពីឆេមពានលីគត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្តី ។
បន្ទាប់ពីទទួលបានពានស្បែកជើងមាសនេះ Ronaldo ក៏បានដាក់លក់ដេញថ្លៃរហូតបានតម្លៃ១,២លានផោន ហើយមូលនិធិនេះត្រូវបានផ្តល់ជូនសម្រាប់សាងសង់សាលារៀនជាច្រើននៅកាហ្សា (Gaza) ដែលជាតំបន់រងគ្រោះដោយសង្គ្រាម ។
២-ពានបាល់មាស The Ballon dÓr
ពាន The Ballon dÓr ដែល Ronaldo បានឈ្នះកាលពីឆ្នាំ២០១៣ ត្រូវបានដាក់លក់ដេញថ្លៃនៅទីក្រុងឡុងដ៏ប្រទេសអង់គ្លេស ដើម្បីប្រមូលមូលនិធិជួយសង្គ្រោះកុមារដែលរងការគំរាមកំហែងដល់អាយុជិវិត និងកុមារពិការភាព ។ ទឹកប្រាក់ចំនួន៥៣ម៉ឺនផោនបានពីការដាក់ដេញថ្លៃនេះ Ronaldo បានប្រគល់ជូនអង្គការ Make-A-Wish Foundation ដើម្បីទ្រទ្រង់មូលនិធិបន្ត ។
៣-ឯកអគ្គរដ្ឋទូត
Ronaldo គឺជាឯកអគ្គរដ្ឋទូតមួយរូបនៃអង្គការធំៗចំនួន៣រួមមាន អង្គការ Save the Children, Unicef និង World Vision ។ កាលពីឆ្នាំមុន Ronaldo បានផ្ញើសារមួយទៅកុមារដែលរងគ្រោះអំឡុងជម្លោះនៅស៊ីរី ដោយចាត់ទុកពួកគេជា “វីរបុសពិតប្រាកដ” និងលើកទឹកចិត្តពួកគេដោយសរសេរថា “ខ្ញុំនៅជាមួយអ្នកជានិច្ច” ។ Ronaldo ក៏បានធ្វើការបរិច្ចាគដោយសម្ងាត់មួយទៅអង្គការ Save the Children នាគ្រានោះផងដែរ ប៉ុន្តែលោកសុំឱ្យខាងអង្គការមិនបង្ហើបពីទំហំទឹកប្រាក់ ។
៤-ប្រាក់ចំណូលបន្ថែមពីអាជីពបាល់ទាត់
ក្នុងឆ្នាំ២០១៣ Ronaldo ត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមរបស់ UEFA Team of the Year ដោយទទួលបានទឹកប្រាក់ពីគណៈគ្រប់គ្រងបាលទាត់អឺរ៉ុបចំនួន១០ម៉ឺនអឺរ៉ូ ប៉ុន្តែគាត់ក៏បានបរិច្ចាគទឹកប្រាក់បន្ថែមនេះទៅកាកក្រហម ។
មិនត្រឹមតែប៉ុណ្ណោះ មួយឆ្នាំក្រោយមក Ronaldo ដែលជួយឱ្យក្លិប Real Madrid ឈ្នះឆេមពានលីគរដូវកាល២០១៣-២០១៤ជាលើកទី១០ក្នុងប្រវត្តិសាស្ត្រ ទទួលបានទឹកប្រាក់បន្ថែមពីក្លិបចំនួន៤៥ម៉ឺនផោន ប៉ុន្តែគាត់ក៏បែងចែកប្រាក់ទាំងនោះទៅអង្គការទាំងបីដែលលោកធ្វើជាអគ្គរដ្ឋទូតរួមមានអង្គការ Save the Children, Unicef និង World Vision ។
៥-ការលះបង់សាច់-ឈាមស្រស់
ដោយសារតែខ្លាចឆ្លងមេរោគប៉ះពាល់ដល់ការបរិច្ចាគឈាម Ronaldo ក៏រក្សាខ្លួនប្រាណរបស់គាត់ឱ្យល្អពោលគឺមិនចាក់សាក់ដូចកីឡាករដទៃ ។ គេតែងសង្កេតឃើញថា Ronaldo បរិច្ចាគឈាមជាញឹកញាប់ ហើយថែមទាំងចូលរួមក្នុងកម្មវិធីសប្បុរសធម៌ ដើម្បីលើកទឹកចិត្តឱ្យមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមកាន់តែច្រើនទៀតផង ។
ម្យ៉ាងទៀត ថ្មីៗនេះ Ronaldo បានចុះកិច្ចព្រមព្រៀងជាមួយសមាគមអ្នកស្ម័គ្រចិត្តមួយរបស់អុីតាលី ដើម្បីផ្តល់សិទ្ធិឱ្យពួកគេយករូប និងវីដេអូរបស់លោកទៅផ្សព្វផ្សាយពីការបរិច្ចាគឈាម ។ មិនត្រឹមតែប៉ុណ្ណោះ Ronaldo ក៏ធ្លាប់បរិច្ចាគខួរឆ្អឹងទៅឱ្យកូនប្រុសមិត្តរួមក្រុមជម្រើសជាតិព័រទុយហ្គាល់កីឡាករ Carlos Martins ផងដែរ ។
៦-ឧបត្ថម្ភសម្រាប់មូលនិធិគ្រោះធម្មជាតិ
កាលពីឆ្នាំ២០១៥ ប្រទេសនេប៉ាល់បានជួបគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរមួយ សម្លាប់មនុស្សប្រមាណ៩ពាន់នាក់ និងរបួសជាង២២ពាន់នាក់ ។ ក្រោយហេតុការណ៍នេះកើតឡើង ត្រូវបានគេរាយការណ៍ថា កីឡាករ Ronaldo បានបរិច្ចាគទឹកប្រាក់ចំនួន៥លានផោនទៅមូលនិធិមួយរបស់អង្គការ Save the Children ដើម្បីជួយដល់ប្រទេសនេប៉ាល់ ។
៧-មជ្ឈមណ្ឌលសង្គ្រោះជំងឺមហារីក
ដោយសារតែម្តាយរបស់ Ronaldo ជាជនរងគ្រោះជំងឺមហារីកមួយរូប ទើបធ្វើឱ្យលោកមិនដែលមើលរំលងក្នុងការជួយឧបត្ថម្ភដល់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺមហារីកទេ ។ ជាក់ស្តែងកាលពីឆ្នាំ២០០៧ Ronaldo បានបរិច្ចាគថវិកាចំនួន១២ម៉ឺនផោន ទៅមជ្ឈមណ្ឌលមួយកន្លែងនៅព័រទុយហ្គាល់ ៕
ចែករំលែកព័តមាននេះ