ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មធ្យោបាយ​ណាមួយ​ដែល​អ្នក​គួរ​ជ្រើសរើស​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ បើ​ចង់​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ប្រទេស​ថៃ លោក​អ្នកមាន​ពីរ​ជម្រើស គឺ​តាម​យន្ដហោះ និង​រថយន្ដក្រុង ។ ម​ធ្យោ​យ​បាយ​ទាំង​ពីរ​នេះ ថ្វី​ដ្បិតតែ​មួយ​រត់​លើគោក…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ បើ​ចង់​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ប្រទេស​ថៃ លោក​អ្នកមាន​ពីរ​ជម្រើស គឺ​តាម​យន្ដហោះ និង​រថយន្ដក្រុង ។ ម​ធ្យោ​យ​បាយ​ទាំង​ពីរ​នេះ ថ្វី​ដ្បិតតែ​មួយ​រត់​លើគោក និង​មួយ​លើ​វេហា តែ​វា​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​ដូច​គ្នា ។ ដើម្បី​ផ្ដល់​ជា​គំនិត​ក្នុង​ការ​សម្រេចចិត្ត​ជ្រើស​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​លោក​អ្នក យើង​សូម​លើក​យក​ហេតុផល​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​មធ្យោបាយ​ទាំង​ពីរ​នេះ​មក​បង្ហាញ​ជូន​​ដូច​​ខាងក្រោម ៖

I- គុណសម្បត្តិ​តាម​ផ្លូវអាកាស ៖ ពលរដ្ឋ​ភាគច្រើន​តែង​គិត​ថា មិន​ហ៊ាន​ជិះ​យន្ដហោះ​ទេ ព្រោះ​វា​មាន​លក្ខណៈ​ស្មុគស្មាញ ចំណាយ​ច្រើន ហើយ​ជើង​មិន​ជាប់​ដី​ទៀត តែ​សូម​ទាញ​​ចំណាប់អារម្មណ៍​ថា ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​វា​មិន​ពិបាក​ដូច​ការ​គិត​នោះ​ទេ គ្រាន់​តែ​តឹងរ៉ឹង​ផ្នែក​ប្រព័ន្ធ​សន្ដិសុខ និង​សុវត្ថិភាព​ជាង​បន្ដិច ។

ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ មិន​ថា ផ្លូវទឹក ផ្លូវគោក ផ្លូវដែក ឬ​ផ្លូវអាកាស​ទេ គឺ​ត្រូវ​បំពេញ​ឯកសារ​ដូច​គ្នា ។ អ្វី​ដែល​សំខាន់​យើង​មាន​លិខិតឆ្លងដែន​ដែល​មាន​សុពលភាព និង​សំបុត្រ​ធ្វើ​ដំណើរ​ដូច​ជា​សំបុត្រ​យន្ដហោះ ឬ​សំបុត្រ​រថយន្ដ​ក្រុង និង​មាន​បំពេញ​លិខិត​ស្នាម​មួយ​ចំនួន​ដូច​គ្នា ហើយ​ហេតុផល​ដែល​គួរ​ជិះ​យន្ដ​ហោះ​​នោះ​គឺ ៖

​១-​លឿន ៖ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ពិតជា​លឿន​ទាន់ចិត្ត​មែន ។ បើ​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ដក្រុង​ត្រូវ​ចំណាយពេល​យ៉ាងតិច​១០​ម៉ោង ប៉ុន្ដែ​បើ​ជិះ​យន្ដហោះ​យ៉ាង​យូរ​ត្រឹម​តែ​១​ម៉ោង​ប៉ុណ្ណោះ ។

​២- សុវត្ថិភាព ៖ ថ្វី​ដ្បិតតែ​ជើង​មិន​ជាប់​ដី តែ​វា​មាន​សុវត្ថិភាព​ជាង​ធ្វើ​ដំណើរ​តាម​ផ្លូវគោក ពិសេស​នៅ​ប្រទេស​យើង​តែ​ម្ដង ។ យោង​តាម​គេហទំព័រ Chance News ផ្សាយ​ថា ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​រយៈ​ចម្ងាយ​១.៦៩០​គីឡូម៉ែត្រ គ្រោះថ្នាក់​តិច​ជាង​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​ដែល​មាន​រយៈ​ចម្ងាយ​១៦៩​គីឡូម៉ែត្រ ។

៣-​មាន​ផា​សុខភាព ៖ ពិតមែន​ហើយ ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​មិន​ត្រឹមតែ​មាន​អារម្មណ៍​រំភើប អាច​មើល​ទេសភាព​ទីក្រុង ព្រមទាំង​ឃើញ​ដុំ​ពពក​សក្បុស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ផាសុកភាព​ទៀតផង ។ នៅ​លើ​យន្ដហោះ បុគ្គលិក​យកចិត្តទុកដាក់​អ្នកដំណើរ​ណាស់ ពិសេស​គឺ​បដិសណ្ឋារកិច្ច​ល្អ ធ្វើ​ឲ្យ​យើង​មាន​ភាព​កក់ក្ដៅ ។

​៤-​តម្លៃ ៖ ជា​ធម្មតា តម្លៃ​សំបុត្រ​យន្ដហោះ​មានការ​ឡើង​ចុះ និង​មានកម្ម​វិធី​ប្រ​ម៉ូ​សិន​ពិសេស​ជាដើម ។ បើសិនជា​អ្នក​នឹកឃើញ​ទៅ​ភ្លាម តម្លៃ​សំបុត្រ​ក៏​ថ្លៃ​តាម​ហ្នឹង​ដែរ ប៉ុន្ដែ​បើ​មាន​គម្រោង​មុន ឬ​ធ្វើ​ដំណើរ​ចំ​រដូវ​កាល​ក្រុមហ៊ុន​មាន​ប្រ​ម៉ូ​សិន​បញ្ចុះតម្លៃ ពិតជា​ប្រពៃ​ណាស់ ។ តាម​ធម្មតា សំបុត្រ​រថយន្ដក្រុង​ទៅ​មក និង​ថ្លៃ​សេវា​បំពេញ​លិខិត​ស្នាម​មួយ​ចំនួន អ្នក​ត្រូវ​ចំណាយ​ជាង​៥០​ដុល្លារ តែបើ​អ្នក​ជិះ​យន្ដហោះ​ចំ​ពេល​បញ្ចុះតម្លៃ ឬ​កក់​មុន​២​ឬ​៣​ខែ តម្លៃ​សំបុត្រ​ទៅ​មក អាច​នៅ​ចន្លោះ​ពី​៧០​ទៅ​ជាង​១០០​ដុល្លារ​ប៉ុណ្ណោះ។

បើ​ទោះបីជា​ការ​ធ្វើ​ដំណើរ​តាម​យន្ដហោះ​មើលទៅ​ចំណេញ​ពេលវេលា​ច្រើន និង​មាន​ផាសុកភាព បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ និង​ស៊ី​វិ​ល័យ ដូច​ការ​លើក​ឡើង​ខាងលើ​មែន តែ​ក៏​មាន​គុណ​វិបត្តិ​ខ្លះ​ដែរ ពិសេស​គឺ​អ្វី​ៗ​ត្រូវធ្វើ​ជា​ដំណាក់​ៗ ទម្រាំ​បាន​អង្គុយ​ក្នុង​យន្ដហោះ​ពិត​ជា​ខាំ​ចិត្ត​មែនទែន ហើយ​ពេល​មក​ដល់​ប្រទេស​វិញ ក៏​មិន​អាច​ចាកចេញ​ដោយ​ស្រួល​ៗ​ដែរ គឺ​ត្រូវ​បំពេញបែបបទ​ដើម្បី​បញ្ជាក់​ថា យើង​ពិតជា​បាន​ចូល​ប្រទេស​វិញ​តាម​ពេល​កំណត់​។

II គុណវិបត្តិ​តាម​ផ្លូវអាកាស ៖

១-​បំពេញបែបបទ​ច្រើន ៖ មិន​ត្រឹមតែ​មក​ដល់​ព្រ​លាន​ឲ្យ​បាន​មុន​២​ម៉ោង​ប៉ុណ្ណោះ​ទេ អ្នក​ត្រូវ​check-in និង​ត្រួត​ពិ​និ​ត ព្រមទាំង​បំពេញបែបបទ​ច្រើន ។ បើ​អ្នកជា​មនុស្ស​ធ្វើ​ដំណើរ​តាម​យន្ដហោះ​លើក​ទី​១ អ្នក​ត្រូវ​សួរនាំ​អ្នក​រួម​ដំណើរ​ខ្លះ ឬ​មន្ត្រី​ប្រចាំការ​នៅ​ព្រ​លាន​ជួយ ។

២-​អីវ៉ាន់​មួយ​ចំនួន​ត្រូវ​ហាមឃាត់ ៖ ពិត​មែនហើយ​របស់របរ​មួយ​ចំនួន​ដែល​អាច​បង្ក​ហានិភ័យ​ដល់​ប្រព័ន្ធ​សុវត្ថិភាព​នៃ​យន្ដហោះ គឺ​ត្រូវ​បាន​ហាមឃាត់​ដាច់ខាត ពិសេស​គ្រឿង​ងាយ​បង្ក​ឆាបឆេះ ឬ​ផ្ទុះ ។ ចំណែក​ទម្ងន់​ត្រូវ​បាន​កំណត់ បើសិនជា​លើស​ត្រូវ​គិតលុយ​តាម​គីឡូក្រាម ។

៣- តម្លៃ ៖ តម្លៃ​សំបុត្រ​យន្ដហោះ​ពិតជា​ថ្លៃ​ជាង​មែន ពិសេស​ពេល​ទិញ​សំបុត្រ​ភ្លាម​ៗ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ពុំ​អាច​មាន​លទ្ធភាព​។

៤-​ចង្អៀត​បន្ដិច ៖ នៅ​លើ​យន្ដហោះ គ្រប់កន្លែង​គឺ​ចង្អៀត​បន្ដិច​ហើយ​ទាំង​ផ្លូវ​ដើរ​, កៅអី និង​បន្ទប់ទឹក យើង​មិន​អាច​បំ​លាស់​ខ្លួន​បាន​ស្រួល​ដូច​លើគោក​ទេ ។

៥-​មិន​អាច​ឈប់ ឬ​ចុះ​ចត​គ្រប់​ទីកន្លែង​ដូច​រថយន្ដ​ទេ ៖ ការ​ធ្វើ​ដំណើរ​តាម​រថយន្ដក្រុង អ្នក​អាច​ឈប់​ត្រង់​ណា​ក៏​បាន​ដែរ តែ​តាម​ផ្លូវអាកាស លើកលែងតែ​មាន​ករណី​ចាំបាច់​បំផុត​ត្រូវ​បង្ខំ​ចុះ​ចត ។

៦-​មិន​អាច​ទៅ​ដល់​គោលដៅ​ចុង​ក្រោយ ៖ ការ​ធ្វើ​ដំណើរ​តាម​យន្ដហោះ អ្នក​ត្រូវ​ចំណាយ​ថែម​ទៀត​ទៅ​លើ​តាក់ស៊ី ឬ​រថភ្លើង ។

៧-​ឧបទ្ទវហេតុ​ធ្លាក់ ៖ បើ​ទោះបីជា​ការ​សិក្សា​រក​ឃើញ​ថា វា​មាន​សុវត្ថិភាព​ខ្ពស់​ជាង​ច្រើន​តែ​យូរ​ៗ​ម្ដង​មាន​ធ្លាក់ ឬ​បាត់ដាន​មួយ​ៗ​ដែរ ។

ដោយឡែក​ការ​ធ្វើ​ដំណើរ​តាម​រថយន្ដក្រុង​ក៏​ដូច​គ្នា​ដែរ អ្វី​ៗ​គ្រប់យ៉ាង​វា​មិន​រលូន​ទាំង​អស់នោះ​ទេ គឺ​មាន​ទាំង​គុណ​ស​ម្ប​តិ្ដ និង​គុណវិបត្តិ ដែល​យើង​សូម​លើក​មក​បង្ហាញ​ជូន​ដូច​ខាងក្រោម ៖

I- ចំពោះ​គុណសម្បត្តិ ៖ ការ​ធ្វើ​ដំណើរ​តាម​រថយន្ដក្រុង​ពិតជា​ចំណាយ​តិច​ជាង តាម​ផ្លូវអាកាស , នីតិវិធី​ចេញចូល​នៅ​ច្រក​ទ្វារ​អន្តរជាតិ​មិន​ស្មុគស្មាញ​ច្រើន , បុគ្គលិក​ក្រុម​ហ៊ុន​ជួយ​បំពេញ​ឯកសារ​ផ្សេង​ៗ​ដល់​អ្នកដំណើរ , អាច​មើល​ទេសភាព​តាម​ដងផ្លូវ , មើល​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​, ស្គាល់​ទីតាំង​ភូមិសាស្ត្រ​បាន​ច្រើន ពិសេស​គឺ​ទៅ​ដល់​គោលដៅ​ចុង​ក្រោយ​តែ​ម្ដង ។

II- គុណវិបត្តិ ៖ ទោះបីជា​ការ​ធ្វើ​ដំណើរ​តាម​រថយន្ដក្រុង​មានគុណ​សម្បត្តិ​ច្រើន​ក្ដី តែ​វា​ពិតជា​ធុញថប់​ជាមួយនឹង​ការ​ចំណាយពេល​យូរ​នៅ​លើ​រថយន្ដ​, ស្ទះចរាចរណ៍ និង​បារម្ភ​ពី​គ្រោះថ្នាក់​ច្រើន​ទៀត​ផង ។ ប្រសិនបើ​ក្នុង​រថយន្ដ​មាន​អ្នកដំណើរ​ពុល​ក្អួតចង្អោរ​ទៀត​នោះ វា​កាន់តែ​ពិបាក​ទ្រាំ និង​រាងចាល​ថែមទៀត ។

សរុប​មក​វិញ មធ្យោបាយ​ទាំង​ពីរ​នេះ​សុទ្ធតែ​ល្អ​ដូច​គ្នា ។ អ្វី​ដែល​សំខាន់​សូម​ជ្រើសរើស​ឲ្យ​សម​ស្រប​នឹង​ពេលវេលា កញ្ចប់​ថវិកា និង​ចំណង់​ចំណូលចិត្ត​របស់​អ្នក ។ ជា​ការ​ផ្ដល់​មតិ ប្រសិនបើ​លោក​អ្នកមាន​លទ្ធភាព​គ្រប់គ្រាន់ លោក​អ្នក​គួរតែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស វា​ជា​ជម្រើស​មួយ​ល្អ​ប្រសើរ ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ