ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ណា​គួរ​ភ័យ​ថា អ្នក​អាច​មាន​មហារីក​ថ្លើម?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺមហារីក​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជា​រួម​ទៅ​មហារីក​ថ្លើម​នៅ​ដំណាក់កាល​ដំបូង​ៗ​ឥត​មាន​រោគ​សញ្ញា​អី​ទាំងអស់ ប៉ុន្តែ​ពេល​ដែល​ដុំ​មហារីក​ធំ វា​អាច​នឹង​ធ្វើ​អោយ​លេច​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា ការ​ឈឺ​ចាប់ ​និង​ការ​ចេញ​លឿង​ជាដើម​។ លោក អ៊ា​វ…

រាជធានី​ភ្នំពេញ ៖ គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺមហារីក​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជា​រួម​ទៅ​មហារីក​ថ្លើម​នៅ​ដំណាក់កាល​ដំបូង​ៗ​ឥត​មាន​រោគ​សញ្ញា​អី​ទាំងអស់ ប៉ុន្តែ​ពេល​ដែល​ដុំ​មហារីក​ធំ វា​អាច​នឹង​ធ្វើ​អោយ​លេច​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា ការ​ឈឺ​ចាប់ ​និង​ការ​ចេញ​លឿង​ជាដើម​។

លោក អ៊ា​វ សុខា ឯកទេស​ជំងឺមហារីក​និយាយ​ថា​ដុំ​មហារីក​នោះ​អាច​រីក​ធំ ដល់ ៥​សង់ទី​ម៉ែត្រ ឬ ៦​សង់ទីម៉ែត្រ ឬ ៧​សង់ទីម៉ែត្រ ហើយ​អ្នកខ្លះ​គឺ​មាន​ទំហំ​សាច់​មហារីក​ដល់ មួយ​តឹក​អី​។ ពេល​វា​ធំ​ទៅ​វា​ចាប់ផ្តើម​រលួយ​ក្នុង​រលួយ​ខាងក្នុង ដោយសារ​ឈាម​ទៅ​ចិញ្ចឹម​អត់​​ដល់​សាច់​ខាងក្នុង ។ ដល់​ពេល​សាច់ដុំ​មហារីក​រលួយ​ខាងក្នុង អ្នកជំងឺ​ចាប់ផ្តើម​ឈឺ។

លោកគ្រូ​ពេទ្យ​ជំនាញ​ឯកទេស​ខាង​ជំងឺមហារីក បន្ថែម​ថា​៖ «៨០ ភាគរយ​នៃ​អ្នកជំងឺ​មហា​រីក​ថ្លើម ដែល​មក​ជួប​អ្នកជំងឺ ដោយសារ​ហេតុផល​ឈឺ​នៅ​ក្រោម​ឆ្អឹងជំនីរ​ខាងស្តាំ ។ ទី​២ កាលណា​ដុំ​នឹង​វា​ធំ​ទៅ វា​សង្កត់​ទុយោ​បង្ហូរទឹក​ប្រមាត់ វា​ឲ្យ​ចាល់​ទឹកប្រមាត់ ដល់​អ​ញ្ចឹ​ង​ទៅ​វា​ឲ្យ​អ្នកជំងឺ​ចេញ​លឿង​ភ្នែក ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​ឲ្យ​អ្នកជំងឺ មក​រក​ពេទ្យ​ដែរ​»​។

ទី​៣ គឺ​អ្នកជំងឺ​ចេះ​តែ​ឆ្អល់​ៗ​ពោះ ហូប​អីចេះ​តែ​ក្អួត ហូប​អី​ទៅ​ចេះ​តែ​តឹង​ៗ​រំលាយ​អាហារ វា​យឺត ដល់​អ​ញ្ចឹ​ង​ទៅ​ធ្វើ​ឲ្យ​គាត់​ហូប​ឥត​បាន ដាក់​ក្អួត​ៗ​គាត់​ស្រក​គីឡូ​ស្រឺ​ត​ៗ រហូត​មួយ​ខែ​ស្រក​អស់ ១០ គីឡូក្រាម ទៅ ២០ គីឡូក្រាម នាំ​ឲ្យ​គាត់​ទៅ​ជា​អស់កម្លាំង​ខ្លាំង អ​ញ្ចឹ​ង​នេះ​ក៏​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​គាត់​មក​រក​ពេទ្យ ។ មួយទៀត​អ្នកជំងឺ​ចុះ​ស្គម​ដោយ​អត់​ដឹង​មូលហេតុ ជួនកាល​ទៅ​គាត់​ស្លេកស្លាំង​អស់កម្លាំង​ទៅ​ៗ ។ មូលហេតុ ៣ ឬ ៤ នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​គាត់​មក​ពេទ្យ ដែល​ជា​រោគ​សញ្ញា​ប្រកាស​អាសន្ន​ទៅ​ហើយ ។ ប៉ុន្តែ​នៅ​ពេល​ដែល​ចេញ​រោគ​សញ្ញា​អ​ញ្ចឹ​ង គឺជា​ជំងឺមហារីក​ថ្លើម ដំណាក់កាល​ចុង​ក្រោយ​បំផុត​ហើយ ។ អ្នកជំងឺ​នៅរ​ស់បាន​ប្រហែល​ខ្ទង់ ៦ ខែ​ទៅ ១០ ខែ​ទៀត តែ​ប៉ុណ្ណោះ​។

គ្រូពេទ្យ​ជំនាញ​បន្ថែម​ថា នៅ​ពេល​ដែល​វា​នៅ​មាន​ទំហំ ១ សង់ទីម៉ែត្រ ឬ ២ សង់ទីម៉ែត្រ អ្នកជំងឺ​អត់​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់​។ អ្នកជំងឺ ជូន​កាល​គ្រាន់តែ​ថា អ្នកជំងឺ​ដេក​អត់​សូវ​លក់ រាង​ខ្សេះ​ខ្សោះ​ៗ អ​ញ្ចឹ​ង​គាត់​អត់​បាន​គិត​ទៅ​ជំងឺមហារីក​ថ្លើម​ទេ គាត់​បែរជា​គិត​ថា បែប​មក​ពី ស្ត្រេ​ស​ពេក ពិបាកចិត្ត ។ ហើយ​គ្រូពេទ្យ​ជំងឺ​ទូទៅ ក៏​អត់​ដឹង​ដែរ ។

លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា បន្ត​ទៀត​ថា​៖ «​យើង​អាច​រក​ឃើញ ដោយសារ​យើង​ឲ្យ​ធ្វើ​អេកូ​ពោះ​ដោយ​ចៃដន្យ ។ ជួនកាល​គាត់​ឆ្អល់​ៗ​ពោះ ការ​រំលាយ​អាហារ​អត់​បាន​ល្អ ពេទ្យ​ឲ្យ​ធ្វើ​អេកូ មើល​លំពែង មើល​ថ្លើម ។ ដល់​ពេល​មើលទៅ​យើង​រក​ឃើញ​ដោយ​ចៃដន្យ​។ ក្រៅពី​នឹង​ដំណាក់កាល​ដំបូង​ៗ គឺ​ដូច​អ្នកជា​ធម្មតា គ្មាន​ដឹង​ទេ​» ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ