ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការិយាល័យ​បោះ​ឆ្នោត​១០​កន្លែង​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ការិយាល័យ​បោះ​ឆ្នោត​ចំនួន​១០​កន្លែង​នៅ​ស្រុក​សៀម​ប៉ា​ង​បាន​រង​នូវ​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ជន់​លិច ហើយ​ឃុំ​តា​ឡា​ត ស្រុក​សេ​សាន អាច​រៀបចំ​ដំណើរការ​នៅ​ទីតាំង​ចាស់​ដោយសារ​កម្ពស់​ទឹកបាន​ស្រក​ចុះ​វិញ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក ម៉ែ​ន គង់ នាយករង​រដ្ឋបាល​សាលាខេត្ត​និង​ជា​អ្នកនាំពាក្យ​នៃ​សាលា​ខេត្តស្ទឹងត្រែង​កាលពី​រសៀល​ថ្ងៃ​ទី​២៧​…

ខេត្តស្ទឹងត្រែង ៖ ការិយាល័យ​បោះ​ឆ្នោត​ចំនួន​១០​កន្លែង​នៅ​ស្រុក​សៀម​ប៉ា​ង​បាន​រង​នូវ​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ជន់​លិច ហើយ​ឃុំ​តា​ឡា​ត ស្រុក​សេ​សាន អាច​រៀបចំ​ដំណើរការ​នៅ​ទីតាំង​ចាស់​ដោយសារ​កម្ពស់​ទឹកបាន​ស្រក​ចុះ​វិញ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក ម៉ែ​ន គង់ នាយករង​រដ្ឋបាល​សាលាខេត្ត​និង​ជា​អ្នកនាំពាក្យ​នៃ​សាលា​ខេត្តស្ទឹងត្រែង​កាលពី​រសៀល​ថ្ងៃ​ទី​២៧​ ក​ក្ក​ដា​ ឆ្នាំ​២០១៨​។

លោក ម៉ែ​ន គង់ បាន​បញ្ជាក់​បន្ថែម​ថា ស្ថានភាព​ទឹក​នៅ​កម្រិត​ធម្មតា​បើ​ធៀប​កាលពីព្រឹក​ត្រឹម​១២,៤០​ម៉ែត្រ ចំណែក​ប្រជាពលរដ្ឋ​ដែល​បាន​ជម្លៀស​ស្ថិត​ក្នុង​ស្ថិតិ​ជាង​មួយ​ពាន់ពីរ​រយ​គ្រួសារ​ដដែល ។ លោក​បន្ត​ថា​ក្នុង​ករណី​ទឹកជំនន់​នេះ​ដែរ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ឡើយ រួម​ទាំង​សត្វពាហនៈ បន្ទាប់​ពី​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ក្បែ​ភូមិករ​របស់​ពួក​គាត់​នោះ​។

លោក​បន្ត​ថា​ ការិយាល័យ​ដែល​ជន់​លិច​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន ប្រសិនបើ​ការិយាល័យ​ណា​ដែល​ប្រជាពលរដ្ឋ​អាច​មាន​លទ្ធភាព​ទៅ​បោះ​បាន​នឹង​សម្រួល​ទៅ​តាម​នោះ​តែ​ប្រសិនបើ​មិន​អាច​ទៅ​បោះ​បាន គណៈ​
ក​ម្មា​ការ​នឹង​ស្នើ​រក​ទីតាំង​ដើម្បី​ដំណើរការ​បោះ​ឬ​ដាក់​ការិយាល័យ​នៅ​ទីទួល​សុវត្ថិភាព​នោះ​តែ​ម្តង​។

អធិការ​នគរបាល​ស្រុក​សៀម​ប៉ា​ង លោក​ជឹ​ម អេ​ន បានអោយ​ដឹង​ថា ប្រជាពលរដ្ឋ​ដែលជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​មាន​ជាង​មួយ​ពាន់​ពីរ​រយ​គ្រួសារ​នៅ​ទីតាំង​ផ្សេង​គ្នា ហើយ​អាជ្ញាធរ​ខេត្ត​ដឹកនាំ​ដោយ​លោក​អភិបាលខេត្ត​បាន​ចុះ​ជួយ​អន្តរាគមន៍ និង​នាំ​អំណោយ​ឃី​ត​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​មួយ​កញ្ចប់ ជាង​នេះ​ទៅ​ទៀត មាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ជួយ​ផ្តល់ឱសថ​សម្លាប់​មេរោគ​ក្នុង​ទឹក ឱសថ​សំខាន់​ៗ ព្រមទាំង​មុង​សុវត្ថិភាព​ផង​ដែរ​។

លោក ហង់ កុង ប្រធាន​គណៈ​ក​ម្មា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាន​បញ្ជាក់​ថា​ការិយាល័យ​បោះ​ឆ្នោត​នៅ​ស្រុក​សៀម​ប៉ា​ង​សរុប​ចំនួន​១០​កន្លែង​រង​ផល​ប៉ះពាល់ ក្នុង​នោះ​៤​កន្លែង​បាន​លិច និង​៦​កន្លែង​ទៀត​ត្រៀម​លិច ។ លោក​បន្ត​ថា ក្នុង​ចំណោម​ការិយាល័យ​៤​កន្លែង​ដែល​បាន​លិច​នោះ រួម​មាន​សាលារៀន​កែង​ញ៉ៃ​ការិយាល័យ​លេខ​០០៦៩​​នៅ​ឃុំ​សេ​កុង​ប្តូរ​ទៅ​វត្ត​កែង​ញ៉ៃ សាលាឆទាន​ច​ន្ទុ ឃុំ​សេ​កុង​ការិយាល័យ​លេខ​០០៧៤​ប្តូរ​ទៅ​សាលារៀន​ច​ន្ទុ​។ ឃុំ​សន្តិភាព​សាលារៀន​ទាក់ទាម​ការិយាល័យ​លេខ​០០៧៧​ប្តូរ​ទៅ​ទីទួល​សាលាឃុំ និង​ឃុំ​ថ្មកែវ សាលារៀន​ខាន់​ឌឿ​ន​ការិយាល័យ​លេខ​០០៩៥​ពុំ​ទាន់​មាន​កន្លែង​ប្តូរ​នៅឡើយ​ទេ​។

ចំណែក​ការិយាល័យ​ដែល​ត្រៀម​លិច​មាន​ការិយាល័យ​លេខ​០០៨៣, ០០៨៤, ០០៨៥, ០០៨០​ស្ថិត​ក្នុង​ឃុំ​ស្រែ​សំបូរ និង​ការិយាល័យ​លេខ​០០៩១, ០០៩២ ស្ថិត​ក្នុង​ឃុំ​ថ្មកែវ កំពុង​រង​ការគំ​រាម​កំហែង​ដោយ​កម្រិត​ទឹក​។​លោក​បន្ថែម​ទៀត ថា​នៅ​ឃុំ​តា​ឡា​ត​ការិយាល័យ​លេខ​០០២៦​ស្ថិត​នៅ​សាលា​បឋម​សិក្សា​ខ្សាច់​ថ្មី​ធំ​រង​នូវ​ការ​ជន់​លិច​ដែរ តែ​ទឹក​ស្រក​វិញ​អាច​នឹង​ដំណើរការ​បាន​ធម្មតា រីឯ​ស្រុក​សៀម​បូក​មាន​ផ្លូវ​ពីរ​ខ្សែ​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត​ត្រូវ​ទឹក​ជន់​លិច​។

តាម​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​គិត​ត្រឹម​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា​ ឆ្នាំ​២០១៨​នេះ​ ទឹក​ទន្លេសេកុង​បន្ត​ហក់​ឡើង​កម្ពស់​១២,៤៦​ម៉ែត្រ​លើស​កម្រិត​ប្រកាស​អាសន្ន​ជិត​មួយ​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ