រាជធានីភ្នំពេញ ៖ ការចាកចេញរបស់ប្រជាពលរដ្ឋមួយចំនួនទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេស ជាជាងទទួលសេវាក្នុងស្រុកបានធ្វើអោយប្រទេសកម្ពុជាខាតបង់លុយអស់ជាច្រើនរយលានដុល្លារជារៀងរាល់ឆ្នាំ។ នេះបើតាមការអះអាងរបស់អ្នកជំនាញផ្នែកសេដ្ឋកិច្ច។
លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting (EMC) មានប្រសាសន៍ថា ជាធម្មតាប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរកំសាន្តទៅក្រៅប្រទេសនានា ក៏ដូចជាដំណើរកំសាន្តទេសចរណ៍ធម្មតា ក៏គាត់ត្រូវចំណាយម្នាក់ៗប្រហែលជា ៥០០ ដុល្លារសហរដ្ឋអាមេរិក ។ ដូច្នេះការចាកចេញទៅពិនិត្យ និងព្យាបាលនៅក្រៅប្រទេស ដូចជាប្រទេសថៃ វៀតណាម ឬសិង្ហបូរី ជាដើមគឺប្រាកដជាច្រើនជាងនេះ ។
ជាក់ស្តែងសម្រាប់ប្រទេសថៃ គឺទទួលបានប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ២២ ម៉ឺននាក់ទៅទទួលសេវាពិនិត្យសុខភាព និងព្យាបាលជំងឺក្នុងឆ្នាំ២០១៧ ហើយក៏មានកំណើនប្រមាណជាង ១០% ធៀបនឹងឆ្នាំមុន ។ នេះបើតាមប្រសាសន៍របស់លោកស្រី សៅវ៉ាផា ចុងធីពង្ស (Saowapa Jongkitipong ) នាយកផ្នែកសុខាភិបាលអន្ដរជាតិនៃក្រសួងសុខាភិបាលសាធារណៈរបស់ថៃ ។
លោក ង៉ែត ជូ មានប្រសាសន៍ថា «ការដែលមានចំនួនប្រជាពលរដ្ឋ ប្រហែលជា ២២ ម៉ឺននាក់ទៅព្យាបាលជំងឺនៅប្រទេសថៃនឹង បើយើងធ្វើការប៉ាន់ស្មានថាយ៉ាងហោចណាស់ ជាធម្មតាអ្នកដែលគ្រាន់តែទៅធ្វើដំណើរទេសចរណ៍ធម្មតា គាត់ចំណាយម្នាក់ប្រហែលជា ៥០០ ដុល្លារ។ អញ្ចឹង ២២ ម៉ឺននាក់ គឺវាស្មើនឹង១១០លានដុល្លារ ហើយទំហំនេះគឺមានទំហំគួរសមដែរ ធៀបជាមួយនឹងទំហំសេដ្ឋកិច្ចរបស់កម្ពុជា ។ នេះជាការប៉ាន់ប្រមាណទាបបំផុត គឺម្នាក់ប្រហែលជា ៥០០ ដុល្លារ ។ ប៉ុន្តែតាមពិតការព្យាបាលជំងឺអាចអស់ប្រាក់ច្រើនជាងនេះទៅទៀត»។
ទីប្រឹក្សាសេដ្ឋកិច្ឋរូបនេះមានប្រសាសន៍បញ្ជាក់ថា៖ «ខ្ញុំយល់ថា ទំហំនេះគឺមានទំហំធំគួរសមដែរ ដោយសារសេដ្ឋកិច្ចកម្ពុជាយើងតូច យើងមានប្រហែលជា ២០ ពាន់លានដុល្លារ »។
អ្នកនាង សាន់ យី វ័យ ៣៣ ឆ្នាំអ្នកស្រុកបវែល ខេត្តបាត់ដំបង ដែលមានឪពុកនិងឪពុកក្មេកវ័យ ៦០ និង ៧២ ឆ្នាំ ធ្លាប់ទទួលការវះកាត់ជំងឺធ្ងន់ធ្ងរនៅមន្ទីរពេទ្យមួយនាក្រុងបាងកក បានលើកឡើងថា ការព្យាបាលនៅក្រៅប្រទេសគឺពិតជាថ្លៃមែន ព្រោះអ្នកនាងត្រូវចំណាយអស់រាប់លានបាតសម្រាប់ការព្យាបាលអ្នកមានគុណទាំងទ្វេរក៏ដូចជាបងថ្លៃប្រុសដែលកើតមានជំងឺធ្ងន់ធ្ងរ ។
អ្នកនាង សាន់ យី បន្តថា៖ «បើនិយាយពីតម្លៃព្យាបាលនៅក្រៅប្រទេស គឺពិតជាថ្លៃមែន សម្រាប់ប្រជាជនខ្មែរមានជីវភាពល្មមៗគឺថ្លៃណាស់» ។ អ្នកនាងបន្តថា ឪពុកអ្នកនាងដែលវះកាត់សរសៃឈាមខួរក្បាល បានចំណាយអស់ជាង ៧០ ម៉ឺនបាត (21,098 ដុល្លារអាមេរិក) ខណៈបងថ្លៃប្រុសដែលវះកាត់សរសៃឈាមបេះដូងអស់ប្រមាណជាង ៨០ ម៉ឺនបាត (24,112 ដុល្លារ) ហើយនិងឪពុកក្មេកចំណាយអស់ជាង ១,៥ លានបាត (45,210 ដុល្លារ) សម្រាប់ជំងឺធ្ងន់ធ្ងរ ដែលត្រូវឡើងចុះទៅពេទ្យនៅបាងកកច្រើនដង ។
លោក ស៊ឹង សុភា ដែលមានតួនាទីជាអ្នកឯកទេសត្រួតពិនិត្យ និងវាយតម្លៃនៅវិទ្យាស្ថាន East-West Management Institute (EWMI) មានប្រសាសន៍ថា ការចាកចេញទៅព្យាបាលនៅក្រៅប្រទេសដូចជាប្រទេសថៃ វៀតណាម និងបណ្តាប្រទេសជឿនលឿនផ្សេងទៀត ជាដើម គឺជាការខាតបង់មួយដល់សេដ្ឋកិច្ចជាតិកម្ពុជា ។
លោកមានប្រសាសន៍បញ្ជាក់ការយល់ឃើញយ៉ាងដូច្នេះថា៖ «ពិតមែនហើយ ប្រទេស
កម្ពុជាបានបាត់បង់ប្រាក់ពន្ធលើប្រាក់ចំណូលច្រើន»។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត ថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពថា ពាក់ព័ន្ធនឹងការសម្រេចចិត្តជ្រើសរើសការព្យាបាលនៅក្រៅប្រទេស គឺជាសិទ្ធរបស់ប្រជាពលរដ្ឋខ្មែរ ។
លោកប្រធានផ្នែកមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែតថ្លែងយ៉ាងដូច្នេះថា៖ «និយាយដោយស្មោះ ក្នុងនាមជាគ្រូពេទ្យម្នាក់ខ្ញុំមិនទៅនិយាយថា មិនពេញចិត្តការជ្រើសរើសរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនោះទេ ។ ជីវិតគាត់ សិទ្ធិគាត់ គាត់ជ្រើសរើសឯណាជាសិទ្ធរបស់គាត់ ។ ខ្ញុំនិយាយឲ្យខ្លី ស្រលាញ់ពេទ្យនៅឯណា ទៅមើលនៅទីនោះចុះ។ តាមចិត្តបំណងប្រាថ្នារបស់គាត់»។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបាននិយាយបន្ថែមទៀតថា «ប្រទេសកម្ពុជាសព្វថ្ងៃ មិនមែនជាប្រទេសកម្ពុជាកាលពី ៣០ ឬ ៤០ឆ្នាំមុនទេ ។ ប្រទេសកម្ពុជាក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ឬក៏វិស័យវេជ្ជសាស្ត្រ បើទោះបីជាយើងមិនទាន់គ្របដណ្តប់បានទូទាំងប្រទេស គឺប្រសើរជាងមុន ជាពិសេសពេទ្យកាល់ម៉ែតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ យើងបានបោះមួយជំហានឡើងវែងដូចកាំជ្រួច អភិវឌ្ឍន៍បច្ចេកវិទ្យាវិទ្យាសាស្ត្រដល់កំរិតកំពូលហើយ ។ សម្រាប់ផ្នែកព្យាបាលជំងឺមហារីកគឺមានឧបករណ៍ សម្ភារៈបិរក្ខារទំនើបៗ ចំណែកក្រុមគ្រូពេទ្យក៏ស្តង់ដាអន្តរជាតិ រៀននៅក្រៅប្រទេសទាំងអស់ សញ្ញាប័ត្រអន្តរជាតិ ទោះចង់ទៅធ្វើការនៅក្រៅប្រទេសក៏បាន ។
លោកគ្រូបន្តថា៖ «យើងនៅតែធ្វើម៉េចឲ្យប្រជាជនយើងដឹងថា នៅស្រុកខ្លួនឯងមានឧបករណ៍ទំនើបនេះ ដោយប្រកាន់ខ្ជាប់គោលការណ៍របស់យើងគឺគុណភាពនិងមានសុវត្ថិភាពបំផុត» ៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
ចែករំលែកព័តមាននេះ