រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានត្រូវអាណាព្យាបាលក្មេងស្រីចាប់ឃាត់ខ្លួន នាំទៅប្រគល់ឱ្យនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ កក្កដា កន្លងទៅ ពីបទយុវជនរូបនេះ យករូបអាសអាភាសរបស់ស្រីស្នេហ៍ទៅចែកចាយជាសាធារណៈដល់មិត្តភក្តិរបស់ខ្លួន បន្ទាប់ពីការហៅនាងមកជួប តែត្រូវនាងបដិសេធ ។
យុវជនជាប់ចោទឈ្មោះ ប៉ុន សុខពិសិដ្ឋ អាយុ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ៦៩៩G២ ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ចំពោះស្រីស្នេហ៍ដែលរងគ្រោះមានអាយុ១៤ឆ្នាំ ជាសិស្សរៀននៅសាលាជាមួយគ្នា ។
ទាក់ទិននឹងការឃាត់ខ្លួនយុវជនខាងលើនេះ ត្រូវបានប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ ឱ្យ
ដឹងថា យុវជនប៉ុន សុខពិសិដ្ឋ បានស្គាល់ក្មេងស្រីតាំងពីខែតុលា ឆ្នាំ២០១៧ ។ ពួកគេបានចាត់ទុកគ្នាជាគូសង្សារ និងដើរលេងជាមួយគ្នាញឹកញាប់ ។ លុះមកដល់ខែមីនា ឆ្នាំ២០១៨ ក៏បបួលគ្នាទៅមើលកុននៅរោងខ្នាតតូចមួយជិតផ្សារ៧មករា ខណ្ឌទួលគោក ។ នៅក្នុងរោងកុនតូចចង្អៀតនោះ មានសភាពងងឹតឈឹងនិងស្ងាត់ទៀតផង ហើយឆ្លៀតឱកាសនោះ ពួកគេក៏បបួលគ្នាឡើងឋានសួគ៌រហូតជោគជ័យទៅដល់ឋានព្រះ
ច័ន្ទ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ក្រោយពីពួកបានឡើងឋានសួគ៌ដល់ឋានព្រះចន្ទ១លើកហើយ ប្រមាណ១សប្តាហ៍ក្រោយមក ក៏ទៅទីនោះម្តងទៀត ដែលពួកគេគិតថា គ្មានអ្វីប្រសើរជាងពួកគេចាប់ដៃគ្នារួមរ័កនៅក្នុងទីងងឹតនោះឡើយ ។ ដោយសារតែភាពពុះកញ្ជ្រោលនឹងល្បែងស្នេហ៍ទុំមុនស្រគាលនេះ យុវជននិងក្មេងស្រី ក៏បានទៅលេងឋានសួគ៌នៅកន្លែងដដែលម្តងទៀត និងបានសម្រេចដល់គោលដៅជាលើកទី២ ។
ក្រោយមក ខាងប្រុសចេះតែអន្ទងនាងទៅដើរលេង និងចុងក្រោយបបួលទៅរកសេចក្តីសុខទៀត ប៉ុន្តែលើកនេះ ខាងស្រីប្រកែកក៏ខកខានមិនបានតាមសំណូមពរខាងប្រុស ដូចកាលពី២លើកមុននោះទេ ។
ដោយសារការខកខាន ធ្វើឱ្យបេះដូងខាងប្រុសមានភាពអន្ទះអន្ទែង ដោយមានគំនិតថា បើមិនបានកៀកកើយប្រាណ សូមឱ្យសង្សារជាទីស្រឡាញ់ថតរូបអាក្រាត ផ្ញើមកឱ្យគេបានមើលផង បើមិនដូច្នោះទេ គេពិតជាដេកមិនលក់បក់មិនល្ហើយឡើយ ។ ដោយសារតែក្មេងមិនបានគិតវែងឆ្ងាយថា វានឹងហុចលទ្ធផលបែបណានោះ នាងក៏បានយល់ព្រមថតរូបខ្លួនឯងអាក្រាតកាយ ហើយផ្ញើមកឱ្យយុវជនកំហូចជាសង្សារនោះតាមសំណូមពរ ។
ប្រភពព័ត៌មានបន្តថា ជនជាប់ចោទពេលបានរូបថតអាក្រាតរបស់នាងដល់ដៃហើយ ក៏តែងតែគំរាមនាងណាត់ជួបនិងនាំឡើងឋានសួគ៌ទៀត តែដោយនាងគិតថា ទង្វើនេះពិតជាចាញ់បោកប្រុសព្រាន នាងក៏ឈប់ធ្វើតាមអ្វីដែលសង្សារចង់បាន ។ ប្រការនេះ ធ្វើឱ្យជនជាប់ចោទខឹងនាង ហើយបានពោលពាក្យម្តងៗថា គេ
នឹងយករូបអាក្រាតរបស់នាងចែកចាយជាសាធារណៈឱ្យគេឃើញគ្រប់ៗគ្នា ។ ក្រោយពីការគំរាម យុវជនក៏បានយករូបអាក្រាតរបស់នាងចែកចាយឱ្យមិត្តភក្តិបានឃើញដូចអ្វីដែលគេបានព្រមានមែន ។ ទង្វើបែបនេះក៏ត្រូវបានអាណាព្យាបាលខាងស្រីដឹង និងចាប់យកវត្ថុតាង ហើយឃាត់ខ្លួននាំទៅឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។
ប្រភពព័ត៌មានបន្តថា នារសៀលថ្ងៃទី២៦ ខែកក្កដា តំណាងអយ្យការបានធ្វើការចោទប្រកាន់យុវជនជាប់ចោទជាផ្លូវការហើយ ក្រោមបទរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ និងបទចែកចាយរូបភាពអាសអាភាស និងចាត់បញ្ជូនទៅចៅក្រមសើុបសួរដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕
ចែករំលែកព័តមាននេះ