រាជធានីភ្នំពេញ ៖ ស្រីម៉ុច អតីតតារាសម្តែងក្នុងបទចម្រៀង «ជីដូនកាកី» បានរងការរិះគន់ពីមហាជនចំពោះការបង្ហាញឈុតសិចស៊ីហួសហេតុក្នុងកម្មវិធីដែលរៀបចំដោយមជ្ឈមណ្ឌលកែសម្រស់មួយកាលពីពេលថ្មីៗកន្លងមក ។ ស្រីម៉ុចបានធ្វើឲ្យភ្ញៀវដែលចូលរួមក្នុងកម្មវិធីនោះមើលមិនហ៊ានព្រិចភ្នែកនៅពេលនាងដើរបង្ហាញម៉ូដរ៉ូបដ៏សិចស៊ីស្ទើរតែចេញកន្លែងសម្ងាត់ រាំអបជាមួយនឹងតារាចម្រៀងថៃខេត្រី យ៉ា អ៊ីងគ្លេស ។
ការបញ្ចេញភាពសិចស៊ីដោយមិនខ្មាសអៀនរបស់អតីតតារាសម្តែងមេម៉ាយកូន៣ស្រីម៉ុច រងការរិះគន់ខ្លាំងពីមហាជន ក្នុងពេលដែលរូបភាពរបស់នាងត្រូវគេបែងចែកចាយតាមហ្វេសប៊ុក ។ ស្ថិតក្នុងទិដ្ឋភាពដ៏អ៊ូអរនៃកម្មវិធីដែលរៀបចំដោយមជ្ឈមណ្ឌលកែសម្រស់មួយរួមមានវត្តមានតារាជាច្រើនដោយមានទាំងតារាថៃផងនោះ ស្រាប់តែមហាជនបានដាក់ការចាប់អារម្មណ៍ខ្លាំងទៅលើតារាសម្តែងស្រីចូលចិត្តសិចស៊ីសុខ ស្រីម៉ុច ព្រោះនាងបានស្លៀកពាក់ស្ទើរតែចេញកេរ្តិ៍ខ្មាសផ្នែកខាងក្រោម ។
ការបង្ហាញវត្តមានរបស់តារាថៃ ខេតទ្រីយ៉ា អ៊ីងគ្លេស បានធ្វើឲ្យ ម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលឃើញតារាខ្មែរសុទ្ធតែល្បីៗបានលើកមុខមាត់សិល្បៈជាតិ ដោយគ្រងឈុតស្អាតៗ បង្អួតសម្រស់ ដែលសូម្បីតែក្រុមការងារតារាថៃក៏ស្ងើចសរសើរពីការរីកចម្រើនរបស់សិល្បៈខ្មែរ ។ ដោយឡែកតែតារាសម្ដែងស្រីម៉ុច ដែលត្រូវគេស្គាល់ថា ជាជីដូនកាកី ស្រាប់តែធ្វើឲ្យទស្សនិកជនស្រែកហ៊ោរំពងក្នុងពិធី ដោយសារតែនាងលេងឈុតបង្ហាញខោទ្រនាប់។ ទស្សនិកជនរិះគន់ថាស្រីម៉ុចបានធ្វើឲ្យតារាថៃមាក់ងាយក្នុងនាមជាតារាបរទេសមកកម្ពុជា ។
នៅតាមហ្វេសប៊ុក មានការរិះគន់ខ្លាំងចំពោះស្រីម៉ុច ។ ភាគច្រើនសម្ដែងការហួសចិត្តដែលស្រីម៉ុចបំបាក់មុខសិល្បៈជាតិ ដោយគ្រងឈុតដូចស្លៀកខោទ្រនាប់ ហើយរាំរែកលើឆាកជាមួយតារាថៃ អ្នកនាង ខេតទ្រីយ៉ា បើទោះជាទិដ្ឋភាពនាពេលនោះការរាំរែកជាមួយអ្នកចម្រៀងថៃ ត្រូវបានគេអះអាងថា ជាកម្មវិធីច្រៀងរាំបិទទ្វារ ដែលមិនមានការអនុញ្ញាតឲ្យថតបើកទូលាយក្តី ប៉ុន្តែគេនៅតែមើលឃើញថាតារាសម្ដែងស្រីម៉ុច បានយកកេរ្តិ៍ខ្មាសមកចោលកណ្ដាលវាល ក្នុងពេលដែលនាងគឺជាតំណាងតារាខ្មែរ ដែលរមែងអួតថាខ្លួនមានវប្បធម៌រុងរឿងថ្លៃថ្នូរ និងជាម្ចាស់វប្បធម៌របស់ជនជាតិថៃ ។
នេះមិនមែនជាលើកទីមួយទេសម្រាប់តារាសម្តែងស្រីម៉ុច ដែលចូលចិត្តសម្ញែងភាពសិចស៊ីមិនខ្មាសអៀនជាសាធារណៈ តែកន្លងមកនាងត្រឹមតែបង្ហាញជារូបថតប៉ុណ្ណោះ។
ជាការកត់សម្គាល់ពាក់ព័ន្ធទៅនឹងការបង្ហាញភាពសិចស៊ីជាសាធារណៈរបស់ ស្រីម៉ុច នាពេលនេះ តំណាងប្រធានសមាគមសិល្បករខ្មែរបានអះអាងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគ្រោងនឹងកោះហៅនាងទៅសួរនាំ និងមានវិធានការចំពោះការនិយមភាពសិចស៊ីរបស់នាង ។
ស្រីម៉ុច ត្រូវមហាជនចាប់ផ្តើមស្គាល់នាងតាមរយៈការសម្តែងបទចម្រៀង កាលពីជិត១០ឆ្នាំមុន ដែលមានចំណងជើងថា «ជីដូនកាកី» ។ ប៉ុន្មានឆ្នាំចុងក្រោយនេះស្រីម៉ុចបានផ្តាច់ខ្លួនចេញពីក្នុងពិភពសិល្បៈទាំងស្រុង ដោយនាងបានទៅរស់នៅជាមួយស្វាមី នៅឯបរទេស ព្រមទាំងមានកូនប្រុសស្រីចំនួន៣នាក់ ៕
ចែករំលែកព័តមាននេះ