ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​ប្រឡាក់​ស្រមក​ក៏​ដោយ​ក៏​អ្នក​ភូមិ​នៅ​តែ​សប្បាយ​ក្នុង​ការ​រក​ដែរ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ទិញ​ម្ហូបអាហារ និង​ត្រី​សាច់​នៅ​ឯ​ផ្សារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នាំ​គ្នា​ដើរ​ចាប់​ត្រី កំពឹស ក្តាម នៅ​តាម​ដីស្រែ​ភក់​ៗ ដែល​គេ​កំពុង​បើកបរ​ម៉ាស៊ីន​ច្រូតស្រូវ ហើយ​ក៏​មាន​អ្នកខ្លះ​ចាប់​បានជា​ច្រើន ដើម្បី​យក​ទៅ​ធ្វើ​ម្ហូបអាហារ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ…

ខេត្ត​ប៉ៃលិន ៖ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ទិញ​ម្ហូបអាហារ និង​ត្រី​សាច់​នៅ​ឯ​ផ្សារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នាំ​គ្នា​ដើរ​ចាប់​ត្រី កំពឹស ក្តាម នៅ​តាម​ដីស្រែ​ភក់​ៗ ដែល​គេ​កំពុង​បើកបរ​ម៉ាស៊ីន​ច្រូតស្រូវ ហើយ​ក៏​មាន​អ្នកខ្លះ​ចាប់​បានជា​ច្រើន ដើម្បី​យក​ទៅ​ធ្វើ​ម្ហូបអាហារ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

ការ​ដើរ​ចាប់​ត្រី​នៅ​តាម​វាលស្រែ​ដែល​រីង​ទឹក​តិច​ៗ​នេះ​បាន​កើតឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ សុខ វី អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ភ្នំ​ស្ពុង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ដល់​ពេល​គេ​ប្រមូល​ផល​ស្រូវប្រាំង​ម្តង​ៗ គាត់​តែងតែ​នាំ​កូន​របស់​ខ្លួន​ដើរ​ចាប់​ត្រី​នៅ​តាម​ចង្អូរ​ម៉ាស៊ីន​ច្រូតស្រូវ ដោយ​មានទឹក​ភក់​ៗ ហើយ​ក៏​មាន​កំពឹស ត្រី​ក្រាញ់ ត្រី​ឆ្លូញ ត្រី​ផ្ទក់ ក្តាម ខ្យង​ជាដើម ។ គាត់​បន្ត​ទៀត​ថា កន្លែង​ខ្លះ​យក​កូនកញ្ច្រែង​ទៅ​ចូក​បានជា​ច្រើន អ្នកខ្លះ​បាន​កន្លះ​ធុង ខ្លះ​ទៀត​បាន​១​ធុង ដើម្បី​យក​ទៅ​ធ្វើ​ម្ហូបអាហារ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ ដែល​ចៀសវាង​ទៅ​ទិញ​ម្ហូបអាហារ​នៅ​ឯ​ផ្សារ​ផង​ដែរ ។

នៅ​ក្នុង​ផ្សារ​សាលា​ក្រៅ​ត្រី​១​គីឡូ​ឈ្មួញ​លក់​តម្លៃ​១២០០០​រៀល ទៅ​១៤០០០​រៀល​ឯណោះ ដោយ​ពួក​គាត់​មួយ​ចំនួន​មិនសូវ​មាន​ថវិកា​ចាយវាយ​គ្រប់គ្រាន់​ឱ្យ​តែ​មាន​គេ​ចុះ​ច្រូត​នៅ​តាម​ស្រែប្រាំង​ម្តង​ៗ ពួក​គាត់​ពិតជា​សប្បាយ​រីករាយ​ក្នុង​ការ​ដើរ​ចាប់​ត្រី​ពុល​នៅ​តាម​ទឹក​រាក់​ៗ​នៅ​ក្នុង​ស្រែ ។ មិនមែន​តែ​គាត់​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​អ្នក​ភូមិ​ផ្សេង​ៗ​ក៏​នាំ​គ្នា​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​យក​កញ្ច្រែង ធុង ដើរ​ចាប់​ប្រសាច​ពេញ​វាលស្រែ​ពេល​រថយន្ត​កំពុង​ច្រូតស្រូវ ដែល​ម្នាក់​ប្រឡាក់​ភក់​ស្រមក តែ​ក៏​មានការ​សប្បាយ​រីករាយ ។ មិន​ត្រឹមតែ​ត្រី​តូច​ៗ​នោះ​ទេ កន្លែង​ខ្លះ​ទៀត​ក៏​មាន​ត្រី​ធំ​ៗ​ប៉ុន​.​កដៃ​មនុស្ស​ចាស់​ជា​ច្រើន​ក្បាល​នៅ​ក្នុង​ស្រែ​ផង​ដែរ ។

គាត់​បញ្ជាក់​ថា ត្រី​ស្រែ​មិន​មាន​សារធាតុ​គីមី​នោះ​ឡើយ គឺ​មាន​រសជាតិ​ធម្មជាតិ​សុទ្ធសាធ ហើយ​ពេល​ធ្វើ​ម្ហូប​ដូច​ជា ស្ងោរ ស្ល និង​អាំង​ហូប​ម្តង​ៗ មាន​រស់ជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​ផ្អែមមាត់ មិន​ដូច​ត្រី​ងាប់​ដែល​គេ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​នោះ​ទេ ។

ចំណែក​ម្ចាស់​ស្រែ​ម្នាក់​ឈ្មោះ ម៉ៅ ភេទ​ប្រុស បានឱ្យ​ដឹង​ថា មិន​ត្រឹមតែ​អ្នក​ភូមិ​ដើរ​ចាប់​ត្រី ពេល​គាត់​ច្រូតស្រូវ​ម្តង​ៗ​នោះ​ទេ សូ​ម្បី​តែ​ប្រពន្ធ​កូន​របស់​គាត់​ក៏​នាំ​គ្នា​ដើរ​ចាប់​ត្រី​យក​ទៅ​ធ្វើ​ម្ហូប​ទទួលទាន​ផង​ដែរ ដោយ​មើលទៅ​ពួក​គេ​នាំ​គ្នា​ដេញចាប់​ត្រី​រត់​ពេញ​វាលស្រែ​ហាក់ដូចជា​សប្បាយ​រីករាយ និង​បាន​ម្ហូប​ថែម​ទៀត ។ ប៉ុន្តែ​ត្រូវ​មាន​ឧបករណ៍​ចាប់​ត្រី​ដូច​ជា កញ្ច្រែង​ជ័រ កញ្ច្រែង​ឫស្សី​ជាដើម ព្រោះ​ក្នុង​ស្រែ កន្លែង​ខ្លះ​នៅ​មានទឹក​ជ្រៅ​ៗ ពិបាក​ក្នុង​ការ​ចាប់​នឹង​ដៃ​ផ្ទាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ