ខេត្តព្រះវិហារ ៖ បុរសម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តប៉ះជាមួយគោយន្តកន្ត្រៃ កាលពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវកែងស្រះទឹក តាមបណ្តោយផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិត្មាតប៊ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាមការឲ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាក HILUX REVO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-5282 បើកបរក្នុងល្បឿនលឿន ទើបជ្រុលមកបុកគោយន្តកន្ត្រៃពីក្រោយពេញមួយទំហឹង បណ្តោលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ចំណែក៣អ្នកទៀតរងរបួសធ្ងន់ ត្រូវបានគេដឹកយកទៅជួយសង្គ្រោះភ្លាមៗ នៅមណ្ឌលសុខភាពតាកឹង ស្ថិតក្នុងស្រុកគូលេន ខេត្តព្រះវិហារ។
សមត្ថកិច្ចបញ្ជាក់ថា បុរសដែលស្លាប់នៅនឹងកន្លែងមានឈ្មោះ ហ៊ោ ណេង ភេទប្រុស អាយុ៤៥ឆ្នាំ រីឯអ្នករងរបួសទី១-ឈ្មោះ យៀប ថី ភេទស្រី អាយុ៣៧ឆ្នាំ ទី២-ឈ្មោះ ណេង ស៊ីនុត ភេទប្រុស អាយុ៥ឆ្នាំ ទី៣-ឈ្មោះ ថុល ថក់ ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំងអស់រស់នៅភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ចំណែកម្ចាស់រថយន្តបង្ក ក្រោយពីបង្កហេតុក៏បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកចោលរថយន្តនៅនឹងកន្លែង ហើយសមត្ថកិច្ចបានស្រាវជ្រាវ រកមុខសញ្ញាម្ចាស់រថយន្តដែល រត់គេចខ្លួននោះ ដើម្បីឲ្យចូលខ្លួនមកធ្វើការដោះស្រាយតាមផ្លូវច្បាប់។ ចំណែកឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅមណ្ឌលសុខភាពតាំកឹង រង់ចាំសាច់ញាតិ ទៅទទួលយកមកធ្វើបុណ្យទៅតាមប្រពៃណី៕
ចែករំលែកព័តមាននេះ