ប្រទេសជប៉ុន ៖ យោងតាមទិន្នន័យផ្លូវការចេញផ្សាយនាថ្ងៃទី២៤កក្កដាថា រលកធាតុអាកាសក្ដៅខ្លាំងនៅជប៉ុន បណ្ដាលឲ្យមនុស្សស្លាប់ឡើងដល់៨០នាក់ ហើយមនុស្សប្រមាណជា៣៥.០០០នាក់ បញ្ជូនទៅមន្ទីរពេទ្យអំឡុងពេល៣សប្ដាហ៍កន្លងទៅនេះ។
ទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និងគ្រោះមហន្តរាយជប៉ុនរៀបរាប់ថា កាលពីសប្ដាហ៍មុនដែលសីតុណ្ហភាព ឡើងដល់លើសពី៣៥អង្សាសេនៅក្នុងម្លបតាមកន្លែងជាច្រើន បណ្ដាលឲ្យមនុស្សស្លាប់ច្រើនដល់ទៅ៦៥នាក់។ អ្នកស្លាប់១៥នាក់ទៀតជំរឿនឃើញកាលពី២សប្ដាហ៍មុននេះ។ ជាមួយសីតុណ្ហភាពចន្លោះពី៣៥ទៅក្បែរ៤០អង្សាសេក្នុងម្លប់ តាមទីក្រុងជាច្រើនរបស់ជប៉ុន មនុស្សម្នាពិតជាពិបាកទ្រាំណាស់។
លោកម៉ូតូអាគីតាកេកាវ៉ាអ្នកទទួលខុសត្រូវម្នាក់នៃទីភ្នាក់ងារឧតុនិយមជប៉ុន ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីយប់ថ្ងៃទី២៣កក្កដានិយាយថា យើងជួបប្រទះធាតុអាកាសក្ដៅខ្លាំងបំផុត ពុំធ្លាប់មានពីមុនមកក្នុងតំបន់ជាច្រើន។ រលកកម្ដៅពិតជាសាហាវ ហើយយើងយល់ថា នោះជាគ្រោះមហន្តរាយធម្មជាតិមួយ។ អ្នកស្លាប់ភាគច្រើនជាមនុស្សចាស់។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោកយ៉ូស៊ីហ៊ីដស៊ូហ្គាថ្លែងនាព្រឹកថ្ងៃទី២៤កក្កដាថា វិធានការបន្ទាន់ទាំងឡាយ គឺចាំបាច់ដើម្បីការពារកុមារៗ។ រដ្ឋាភិបាលនឹងជួយឧបត្ថម្ភម៉ាស៊ីនត្រជាក់ដល់គ្រឹស្ថានសិក្សាទាំងឡាយ ចាប់ពីរដូវក្ដៅខាងមុខនេះតទៅ។កាលពីថ្ងៃទី២២កក្កដា នៅភាគខាងជើងក្រុងតូក្យូ សីតុណ្ហភាពឡើងដល់៤១,១អង្សាសេ៕
ចែករំលែកព័តមាននេះ