ខេត្តប៉ៃលិន ៖ រហូតមកដល់រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២១០៨ នេះគេសង្កេតឃើញស្រូវប្រាំង របស់ប្រជាពលរដ្ឋជាច្រើនកន្លែងស្ថិតនៅក្នុងភូមិភ្នំស្ពុង ភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ កំពុងតែហៅម៉ាស៊ីនចុះទៅច្រូតក្នុងស្រែក ដើម្បីលក់ឱ្យឈ្មួញបានប្រាក់សងជំពាក់បំណុលគេ និងសល់ខ្លះទុកសម្រាប់ហូបក្នុងគ្រួសារ ។ តែពួកគាត់ម្នាក់ៗ មានការរអ៊ូរទាំយ៉ាងខ្លាំង ខណៈតម្លៃទីផ្សារស្រូវមានការធ្លាក់ចុះជាងខែមុន ដោយសារឈ្មួញចូលមកទិញនាំគ្នាបន្ថោកតម្លៃ ។
ប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ ដុក ចូត អាយុ៤៥ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បានរៀបរាប់ឱ្យដឹងថា គាត់បានធ្វើស្រែចំនួន២០ហិកតា ដោយជួលដីគេមួយចំនួនសម្រាប់យកមកព្រោះ ស្រូវប្រាំងមួយប្រភេទឈ្មោះស្រូវស្រងែ ហើយស្រូវនេះចាប់ព្រោះរហូតដល់ប្រមូលផលមានរយៈពេលត្រឹមតែ៤ ខែប៉ុណ្ណោះ ។ គាត់បន្តទៀតថា កាលពីជាង១ខែមុនឈ្មួញបើករថយន្តមកពីខេត្តបាត់ដំបង និងពោធិ៍សាត់ ទិញស្រូវអ្នកជិតខាងដែលទុំល្មមប្រមូលផល ក្នុង១តោនរហូតដល់ជាង១១៥០០បាត (ប្រាក់ថៃ) ហើយម្នាក់ៗសប្បាយចិត្ត ដោយសារឃើញតម្លៃទីផ្សារស្រូវមានការកើនឡើង ។
ប៉ុន្តែជាអកុសលរហូតមកដល់ពេលនេះខណៈគាត់ប្រមូលផលស្រាប់តែឈ្មួញទម្លាក់តម្លៃរហូតដល់១តោនត្រឹមតែ៨១០០ ទៅ៨២០០បាតប៉ុណ្ណោះ ដែលធ្វើឱ្យពួកគាត់ម្នាក់ៗអស់កម្លាំងល្វើយក្នុងខ្លួន ។ គាត់បញ្ជាក់ទៀតថា កាលពីឆ្នាំមុនក៏តម្លៃទីផ្សារស្រូវស្រាល ដែលពួកគាត់បង្កបង្កើនផលក៏មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ ដោយ១តោនលក់បានត្រឹមតែ៦០០០ទៅ៦៥០០បាតប៉ុណ្ណោះ ។
ចំពោះការបង្កបង្កើនផលស្រូវនេះពួកគាត់ភ្ជួររាស់ដាំដុះដោយប្រើគំនិត និងតម្រិះខ្លួនឯង ប៉ុ ណ្ណោះ ដោយមិនឃើញមានខាងមន្ទីរពាក់ព័ន្ធណាមួយចុះទៅបង្រៀន ឬអប់រំពីរបៀបធ្វើស្រែចម្ការនោះឡើយ រីឯតម្លៃវិញក៏មិនឃើញខាងមន្ទីរណាមួយជាអ្នកកំណត់នោះដែរពោល គឺតម្លៃទីផ្សារស្រេចតែនៅលើឈ្មួញជាអ្នកកំណត់ទោះបីជាថ្លៃ ឬថោកក៏គ្មានអ្នកជួយគិតគូរពីសុខទុក្ខរបស់ពួកគាត់នោះឡើយ ។ ចំណែកការទិញពូជស្រូវយកមកដាំដុះពិតជាមានការឡើងថ្លៃដូចមាសឯណោះ ដោយ១តោនរហូតដល់ជាង១ម៉ឺនបាត(ប្រាក់ថៃ)ឯណោះ ហើយមិនត្រឹមតែពូជនោះទេ ពួកគាត់ត្រូវចំណាយថវិកាទិញ ជីគីមី ទិញថ្នាំបាញ់ស្មៅ និងជួលគេភ្ជួររាស់ ច្រូតកាត់ លុះរហូតដល់ប្រមូលផល មិនចំណេញប៉ុន្មាននោះឡើយ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនបានឱ្យដឹង ថា តម្លៃទីផ្សារស្រូវប្រាំង មានការធ្លាក់ចុះជាងមុនបន្តិច ដោយឈ្មួញក្នុងស្រុក មកពីខេត្តបាត់ដំបង ពោធិ៍សាត់ជាដើម ហើយពួកគេដឹកលក់ទៅប្រទេសក្រៅផងដែរ ៕
ចែករំលែកព័តមាននេះ