ខេត្តរតនគិរី ៖ ស្ត្រីម្នាក់បានប្ដឹងចោទប្ដីរបស់ខ្លួនថា ចាប់រំលោភកូនស្រីបង្កើតដែលមានអាយុ១៦ឆ្នាំ កាលពីថ្ងៃទី២២ កក្កដា វេលាម៉ោង៧និង៣០នាទីយប់ នៅព្រៃខាងក្រោយផ្ទះ ស្ថិតនៅក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ។
បើតាមរបាយការណ៍របស់នគរបាលស្រុកបានឱ្យដឹងថា ក្រោយពីកើតហេតុ ស្ត្រីជាប្រពន្ធបានមកដាក់ពាក្យបណ្ដឹងថា ប្ដីឈ្មោះ គង់ សុផល បានចាប់រំលោភកូនស្រីរបស់ខ្លួននៅព្រៃខាងក្រោយផ្ទះ ។ បច្ចុប្បន្ន បុរសជាប្ដីកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស ។
តាមនគរបាលស្រុកអណ្ដូងមាស បានឱ្យដឹងតាមទូរស័ព្ទថា រឿងប្រពន្ធប្ដឹងប្ដី ដោយចោទពីបទចាប់រំលោភកូនស្រីរបស់ខ្លួននោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីកំណត់ឱ្យបានច្បាស់លាស់សិន ព្រោះកាលពីយប់ថ្ងៃទី២២ ខែកក្កដា ប្តីប្រពន្ធនេះឈ្លោះគ្នាយ៉ាងខ្លាំង ។ ឯរឿងស្ត្រីជាប្រពន្ធមកដាក់ពាក្យប្តឹងនោះ នគរបាលស្រុកកំពុងតាមដាន ព្រោះសមត្ថកិច្ចសង្ស័យថា ជារឿងមិនពិត ដោយសារគ្រួសារមួយនេះតែងមានរឿងឈ្លោះទាស់ទែងគ្នារៀងរាល់ថ្ងៃ ។
សមត្ថកិច្ចសង្ស័យប្រពន្ធប្រឌិតរឿងឡើង ក៏ប៉ុន្តែបុរសជាប្ដីស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាសនៅឡើយ ។ សមត្ថកិច្ចនគរបាលបញ្ជាក់ថា រឿងនេះមិនទាន់ច្បាស់លាស់ទេ មូលហេតុស្ត្រីជាប្រពន្ធម្ដងនិយាយអុីចេះម្ដងនិយាយអុីចុះ ធ្វើឱ្យសមត្ថកិច្ចឈឺក្បាល ៕
ចែករំលែកព័តមាននេះ