ខេត្តរតនគិរី ៖ កូនស្រីអាយុ៥ខែម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឪពុកម្ដាយនិងប្អូនប្រុសបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាមរីគូទហើមមួយគ្រឿងបោះពួយយ៉ាងលឿនបុកគោយន្តកែច្នៃចតលើចិញ្ចើមផ្លូវពីក្រោយពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥នឹង៥៨នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចទល់មុខផ្ទះជាងខុម តាមបណ្តោយផ្លូវជាតិលេខ៧៨A ស្ថិតនៅភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។
មន្ត្រីនគរបាលប៉ុស្តិ៍ឯកភាពបានឱ្យដឹងថា ជនរងគ្រោះជាអ្នកបើកបរ និងអ្នករួមដំណើរដែលជិះក្នុងរថយន្តមួយគ្រឿងម៉ាកកាមរីគូទហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A-២២៥៧ រួមមាន ៖ ១-ប្តីឈ្មោះ ប៉េង សុខលី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ជាអ្នកបើកបរ បានរងរបួសស្រាល ២-ប្រពន្ធឈ្មោះ ខាំ ស្រីណុំ អាយុ១៨ឆ្នាំ ជាអ្នករួមដំណើរ បានរងរបួសធ្ងន់ ៣-ឈ្មោះ លី ស្រីពី ភេទស្រី អាយុ៥ខែ ជាអ្នករួមដំណើរ ត្រូវជាកូន បានស្លាប់ និង៤-ឈ្មោះ ខាំ សុខុម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ ជាអ្នករួមដំណើរ (ត្រូវជាប្អូនប្រុសរបស់ឈ្មោះខាំ ស្រីណុំ) បានរងរបួសធ្ងន់ ។ ជនរងគ្រោះទាំង៤នាក់រស់នៅភូមិកាតែ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ចំណែកម្ចាស់គោយន្តកែច្នៃឈ្មោះអឿ ភារុណ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួល ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។
មន្ត្រីនគរបាលប៉ុស្តិ៍ឯកភាពបានបន្តថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកកាមរីគូទហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A-២២៥៧ បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលចង្កូតទៅបុកគូទគោយន្តកែច្នៃកំពុងចតនៅលើចិញ្ចើមផ្លូវជាតិយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្សដែលជិះក្នុងរថយន្តម៉ាកកាមរីនោះស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់តែម្តង។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ក្រោយកើតហេតុ នគរបាលមូលដ្ឋានសហការជាមួយនគរបាលចរាចរណ៍ខេត្តចុះមកអន្តរាគមន៍ និងធ្វើការវាស់វែងយករថយន្ត និងគោយន្តកែច្នៃទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ចែករំលែកព័តមាននេះ