ខេត្តប៉ៃលិន ៖ ក្រុមគយ និងរដ្ឋាករចល័តសហការជាមួយការិយាល័យគយ និងរដ្ឋាករសាខាខេត្តប៉ៃលិនចុះចាប់ឥដ្ឋការពារកម្តៅថ្ងៃចំនួន៣២កេះធំៗ (១កេះទម្ងន់ជាង១តោន) ដែលគេនាំចូលមកពីក្នុងទឹកដីខេត្តប៉ៃលិនមិនទាន់មានការបង់ពន្ធត្រឹមត្រូវជូនរដ្ឋ ។
លុះបន្ទាប់ពីបែកធ្លាយសារព័ត៌មានមួយចំនួនចុះផ្សាយពាក់ព័ន្ធទៅនឹងរឿងនេះក៏ត្រូវគយ និងរដ្ឋាករចុះចាប់យកទៅរក្សាទុកនៅក្នុងផែស្ងួតរង់ចាំបង់ពន្ធតែម្តង ។ ហេតុការណ៍គយចុះចាប់ឥដ្ឋការពារកម្តៅថ្ងៃអត់បង់ពន្ធនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅការដ្ឋានកំពុងសាងសង់អគារមួយដែលមានម្ចាស់ឈ្មោះ សេង ឈុនឡេង នៅទល់មុខកាស៊ីណូ ចម្ងាយពីច្រកទ្វារប្រហែល៥០០ម៉ែត្រក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ចំពោះសកម្មភាពដកហូតឥដ្ឋ ដែលអត់បង់ពន្ធនេះគេឃើញមានការអន្តរាគមន៍ពីលោកស្រី ស៊ុំ ហ៊ាង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តផងដែរ តែមិនអាចសម្របសម្រួលបាន ដោយខាងគយយកគ្រឿងចក្រទៅចូលដឹកតាមរថយន្តទាំងយប់រហូតទាល់តែអស់ពីកន្លែងការដ្ឋានតែម្តង ។
ប្រភពព័ត៌មានពីមន្ត្រីគយ និងរដ្ឋាករចល័តមកពីភ្នំពេញបានបង្ហើបឱ្យដឹងថា បន្ទាប់ពីបែកធ្លាយព័ត៌មានមួយនេះដោយលេចឮទៅដល់ថ្នាក់លើក៏បានបញ្ជាឱ្យពួកគាត់ចុះទៅរឹបអូសយកឥដ្ឋការពារកម្តៅថ្ងៃចំនួន៣២កេះធំៗដែលមានទម្ងន់ប្រហែល៣២តោនយកទៅរក្សាទុកនៅក្នុងផែស្ងួតជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយ គឺត្រូវឱ្យម្ចាស់បង់ពន្ធជូនរដ្ឋតាមការកំណត់ផងដែរ ។
ចំណែក លោកឧកញ៉ា សេង ឈុនឡេង ជាម្ចាស់ឥដ្ឋការ៉ូខាងលើបានឱ្យដឹងថា ការនាំឥដ្ឋចូលមកក្នុងខេត្តប៉ៃលិន ដើម្បីសាងសង់អគារផ្ទះរបស់ខ្លួន កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ដោយប៉ះចំថ្ងៃសៅរ៍ ហើយខាងការិយាល័យគយ និងរដ្ឋាករសាខាខេត្តប៉ៃលិនអត់ទាន់ចុះហត្ថលេខាលើក្រដាសស្នាមបង់ពន្ធនាំចូលនោះទេឱ្យរង់ចាំដល់ថ្ងៃធ្វើការសិន ។ ស្រាប់តែខាងគយ និងរដ្ឋាករចល័តចុះទៅរឹបអូសយកទាំងអស់តែម្តង ។ លោកបន្តទៀតថា ការនាំចូលឥដ្ឋទាំងនេះមិនមែនខាងលោកគេចវេសមិនចង់បង់ពន្ធជូនរដ្ឋនោះទេសំខាន់ គឺខាងគយគេមិនធ្វើការ ហើយខាងលោកប្រញាប់ឱ្យកម្មករសាងសង់ផ្ទះព្រោះ ពួកគេម្នាក់ៗប្រញាប់នឹងចេញទៅស្រុកកំណើតធ្វើការបោះឆ្នោតនៅថ្ងៃខាងមុខឆាប់ៗនេះ ។
ដោយមានការបង្ហើបឱ្យដឹងពីក្រុមមន្ត្រីស្ថាប័នពាក់ព័ន្ធប្រចាំច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិនបានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ទី ប៊ុនឡង់ នាយការិយាល័យគយ និង រដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិព្រំ បានបើកដៃឱ្យឈ្មួញដឹកទំនិញចូលពីប្រទេសថៃដោយមិនមានការបង់ពន្ធជូនរដ្ឋ ។ គេឃើញមានរថយន្តខ្នាតយក្សចំនួនពីរគ្រឿង បានដឹកឥដ្ឋការពារកំដៅថ្ងៃ ដែលមានតម្លៃខ្ពស់ ចូលមកពីប្រទេសថៃ ដោយមិនបានបង់ព័ន្ធជូនរដ្ឋ មិនប្រាប់ថ្នាក់លើ ហើយថែមទាំងប្រាប់អ្នកបើកបររថយន្តឲ្យគេចវេស ដោយមិនចាំបាច់ចូលសាងនៅផែស្ងួតថែមទៀតផង ព្រោះខ្លាចក្រែងបែករឿង ។
ប៉ុន្តែគួរឲ្យស្តាយ ផែនការស៊ីដាច់ម្នាក់ឯង របស់លោកប្រធានការិយាល័យគយ និងរដ្ឋាករ ទី ប៊ុនឡង់ ខាងលើ ត្រូវបានបរាជ័យ ហើយគេសង្ស័យថា លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តប៉ៃលិន ក៏បានដឹងរឿងនេះដែរ ៕
ចែករំលែកព័តមាននេះ