ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ដូង​ទី​ដប់​បាត់​ស្រមោល​ នៅ​តែ​ដើម​ដូង​ទី​ដប់​ដាំ​ថ្មី​ជាទី​រំលឹក (មាន​វីដេអូ)

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បទ​ចម្រៀង​«​ម្លប់​ដូង​ទី​១០» គឺជា​ប្រវត្តិ​ស្នេហា​ពិត​របស់​អតីត​កវីនិពន្ធ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ។ ទាក់ទិន​ប្រវត្តិ​បទ​ចម្រៀង​«​ម្លប់​ដូង​ទី​១០» នេះ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន…

ខេត្តបាត់ដំបង ៖ បទ​ចម្រៀង​«​ម្លប់​ដូង​ទី​១០» គឺជា​ប្រវត្តិ​ស្នេហា​ពិត​របស់​អតីត​កវីនិពន្ធ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ។

ទាក់ទិន​ប្រវត្តិ​បទ​ចម្រៀង​«​ម្លប់​ដូង​ទី​១០» នេះ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន រៀបរាប់​ក្នុង​សៀវ​ភៅ «​កំណាព្យ​ស្នេហ៍​មាស​» របស់​លោក​ថា កាលនោះ​ឆ្នាំ​១៩៦៩ លោក​បាន​ស្រឡាញ់​គ្នា​ជាមួយ​នារី​ម្នាក់​នៅផ្ទះ​ជិតខាង​បាន​សច្ចា​ស្បថស្បែ ហើយ​បាន​ណាត់ជួប​គ្នា​នៅ​ក្រោម​​ដើម​ដូង​មាត់​ស្ទឹង​សង្កែ ដែល​មាន​កៅអី​បង់​ថ្ម នៅ​ក្រោម​ដើម​ដូង​នៅ​ចំ​ពីមុខ​វត្ត​ពោធិ​វាល ត្រើយ​ខាងលិច ។

ពេល​ណាត់​នារី​នោះ​មិន​បាន​មក​តាម​ការ​ណាត់​ទេ ពីព្រោះ​តែ​ក្នុង​ជីវភាព​របស់​លោក​ដុនដាប​មែនទែន ម្តាយ​ក៏​ត្រូវ​ស្លាប់​ចោល​នៅ​ក្រោមផ្ទះ​គេ​ទៀត ខ្លួនឯង​គ្មាន​ការងារ​ធ្វើ ។ លោក​ដឹង​ខ្លួនឯង​ថា​នារី​នោះ​បាន​ក្បត់ចិត្ត ហើយ​បាន​សរសេរ​ទុកជា​សាច់​រឿង​ពិត ទើប​តែ​មក​ទម្លាយ​ផ្សាយ​នៅ​ឆ្នាំ​១៩៧២ ដែល​មាន​លោក​ស៊ី​ន ស៊ី​សា​មុត បាន​បន្ថែម​សំឡេង​របៀប​ដង្ហក់ ខ្សឹកខ្សួល​អួល​ដើម​ក​ផង ដើម្បី​ចូលរួម​សោកស្តាយ គូរ​ស្នេហ៍​របស់​លោក​ដែល​មាន​ដើម​កំណើត​នៅ​ក្រោម​ដើម​ដូង​មាត់​ស្ទឹង​សង្កែ ហើយ​ក៏​ត្រូវ​រលាយ​ទៅ​វិញ​ក៏​នៅ​កន្លែង​ដដែល កម្សត់​តាម​សាច់​រឿង​ទៀត ទើប​ចាប់​ល្បី​តាំងពី​សម័យ​នោះ​មក ។

ក្រោយ​ពី​សម័យ​ប៉ុ​ល ពត គ្រប់ អ្វី​ៗ​ត្រូវ​បាន​រលាយ​ទាំងអស់ តែ​បទ​ចម្រៀង​ខ្មែរ​ដែល​មាន​ពី​សម័យ​មុន​មក​នោះ​ត្រូវ​បាន​នាំ​ចូល​មក​វិញ​ពី​ក្រៅប្រទេស​ខ្លះ ផ្សំ​នៅ​ក្នុងស្រុក​ខ្លះ​ដែល​បាន​បន្សល់​ទុក​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​ខេត្តបាត់ដំបង ។

នៅ​ឆ្នាំ​២០១៦ អតីត​លោក​ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​រំលឹក​ឡើង​វិញ​ចំពោះ​​អនុស្សាវរីយ៍​នៅ​បាត់ដំបង​ដែល​ល្បី​តាម​បទ​ចម្រៀង​ម្លប់​ដូង​ទី​១០ ក៏​នាំ​យក​ដើម​ដូង​មក​ដាំ​នៅ​ក្បាលស្ពាន​ប៉ែក​ខាងកើត មុខ​វត្ត​កណ្តាល​ដែល​ជា​និមិត្តរូប​តាម​សាច់​រឿង​នៃ​បទ​ចម្រៀង ។

ចំពោះ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​បាន​ទទួលមរណភាព​នៅ​ប្រទេស​ន័​រ​វែ​៉​ស​នោះ ក្រុម​គ្រួ​សារបាន​សុំ​អាជ្ញាធរ ដើម្បី​បញ្ចុះធាតុ​របស់​លោក​នៅ​វត្ត​កណ្តាល ធ្វើ​ទៅ​តាម​បណ្តាំ​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ។

យោង​តាម​ឯកសារ​បញ្ជាក់​ប្រវត្តិ​សង្ខេប​របស់​លោក​ថា លោក​បាន​កើត​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​១៩៣៩ នៅ​ភូមិ​ចំការ​ឃុំ ចំការ​សំរោង ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។ លោក​មាន​ឪពុក​ឈ្មោះ​គ​ង្គ ឈិ​ន មាន​ដើម​កំណើត​ពី​ខេត្តតាកែវ ម្តាយ​ឈ្មោះ​ម៉​រ ភឹង ជា​អ្នក​ឃុំ​ព្រែក​ហ្លួង ស្រុក​សង្កែ ខេត្តបាត់ដំបង ។

លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ចូល​រៀន​នៅ​វត្ត​ពោធិ​វាល រហូត​បន្ត​ចូល​វិទ្យាល័យ​ព្រះ​មុនី​វង្ស ហើយ​បង្ខំចិត្ត​ឈប់​រៀន​នៅ​ឆ្នាំ​១៩៥៧ ដោយ​ស្ថានភាព​ក្នុង​គ្រួសារ​ទីទ័ល​ក្រ​ពេក ។ ក្រោយ​ពេល​ឈប់​រៀន លោក​ចេះ​គូររូប​ដាក់​តាម​រោងកុន​អេ​ដែន និង​ហាប់​ឈុ​ន នៅ​ផ្សារ​បាត់ដំបង ហើយ​ពេលទំនេរ​រៀន​តែង​កំណាព្យ និង​ចេះ​លេងភ្លេង (​ចេះ​កាន់​ម៉​ង់​ដូ​លី​ន​)​សម្រាប់​កំដរ​អារម្មណ៍​ខ្លួនឯង ។ ពេលទំនេរ​លោក​តែងតែ​អង្គុយ​លេង​នៅ​មាត់​ស្ទឹង​សង្កែ​ដើម្បី​បន្ធូរ​អារម្មណ៍​តស៊ូ​ចំពោះ​ភាព​ក្រីក្រ​កើត​មាន​ចំពោះ​ខ្លួន ។

ដោយសារ​ភាព​ក្រីក្រ ហើយ​ឪពុក​បាន​ស្លាប់​ចោល​តាំងពី​នៅ​តូច ហើយ​បន្ទុក​នៅ​លើ​ម្តាយ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ខិតខំ​តែង​និពន្ធ​សៀវភៅ​ប្រលោមលោក កំណាព្យ យក​ទៅ​ជួល​គេ​បោះពុម្ព បាន​ចេញផ្សាយ​លក់​ខ្លះ និង​មិន​បាន​ចេញ​ខ្លះ រក​ផ្លូវរស់​មិន​ចង់បាន ។

មិនតែប៉ុណ្ណោះ​ត្រូវ​គេ​មិន​ទទួលស្គាល់ និង​មើលងាយ​រូប​លោក​ថែម​ទៀត​នៅ​បាត់ដំបង ដូច្នេះ​ហើយ​ទើប​លោក​សម្រេចចិត្ត​មក​ក្រុងភ្នំពេញ​សម័យ​លន់ ន​ល់ ធ្វើ​កម្មករ​សំណង់ ។ រហូត​ដល់​ឆ្នាំ​១៩៧២ ទើប​មាន​មិត្ត​របស់​លោក​ម្នាក់​ឈ្មោះ​ឱ ឌុំ បាន​ទៅ​រក​ជួប​លោក​ដោយ​ប្រាប់​ថា មាន​ក្រុមហ៊ុន​ថត​ភាពយន្ត​មួយ​ចង់​ជួប​ជាមួយ​លោក​ដើម្បី​សុំ​ទិញ​ប្រលោមលោក​រឿង​«​ពេជ្ឈឃាត​ក្រមុំ​» ដែល​លោក​បាន​សរសេរ​លក់​នៅ​បាត់ដំបង​មក​ផលិត​ជា​ខ្សែភាពយន្ត​វិញ​ដោយ​មាន​កិច្ចសន្យា​ច្បាស់លាស់​ត្រឹមត្រូវ និង​ទទួល​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​នោះ​ដោយ​មាន​ប្រាក់ខែ​ទៀត​ផង ។

នៅ​ពេល​នោះ​ចំពោះ​បទ​ចម្រៀង​ដែល​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​សរសេរ​ទាំង​ប៉ុន្មាន​នៅ​ពេលទំនេរ​មិន​ទាន់​បាន​ផ្សាយ ហើយ​បាន​ជួប​លោក​ស៊ី​ន ស៊ី​សា​មុត គ៏​ទទួលយក​កែសម្រួល​សាច់ភ្លេង ។ ដូច្នេះ​ហើយ​ទើប​ច្រើន​តែ​បទ​ចម្រៀង​និយាយ​ពី​បាត់ដំបង ដោយសារ​លោក​បាន​និពន្ធ​ទុក​គ្មាន​ទីផ្សារ​ជា​យូរ​ឆ្នាំ ៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ Chem Vichit

https://www.youtube.com/watch?v=wHGeZ58JQxQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ