ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សំណូមពរសូម​ជួយ​កសាង​ផ្លូវ​១​ខ្សែ សាលា​១​ខ្នង និង​ស្ពាន​១​កន្លែង​ក្នុងភូមិ​ស្ទឹង​ស្ងួត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​នៅ​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច​បាន​ត្រៀមខ្លួន​ជា​ស្រេច សម្រាប់​ការ​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី ៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ ២០១៨​ខាង​មុខ​នេះ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​នៅ​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច​បាន​ត្រៀមខ្លួន​ជា​ស្រេច សម្រាប់​ការ​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី ៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ ២០១៨​ខាង​មុខ​នេះ ហើយ​សង្ឃឹមថា រាជរដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ដោយ​ប្រជាពលរដ្ឋ​នឹង​ជួយ​កសាង​ផ្លូវ ស្ពាន និង​សាលារៀន ក្នុងភូមិ ឃុំ របស់​ពួក​គាត់​ជា​ពុំខាន ។


លោក គង់ ថុ​ន អាយុ​៦៥​ឆ្នាំ ជា​ជន​ពិការ និង​ជា​អតីត​កម្មករ​រថភ្លើង រស់នៅ​ភូមិ​ខ្លា​គ្រហឹម ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច​បាន​និយាយ​ថា លោក​បាន​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ការ​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ខាង​មុខ​នេះ ដោយ​ក្នុង​នោះ​លោក​បាន​ត្រៀម​នូវ ឯកសារ​អត្តសញ្ញាណប័ណ្ណ​និង​ប័ណ្ណ​ព័ត៌មាន សម្រាប់​ការ​ទៅ​បោះ​ឆ្នោត ងាយស្រួល​ក្នុង​ការ​រក​ឈ្មោះ ។ លោក​បាន​បញ្ជាក់​ថា ទោះជា​រដ្ឋាភិបាល​ថ្មី​មក​ពី​គណបក្ស​ណា​ក៏​ដោយ សំខាន់​ឲ្យ​តែ​ចេះ​ជួយ​កសាង​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន ជា​ពិសេស​សូម​ជួយ​អភិវឌ្ឍ​ភូមិ​ឃុំ របស់​លោក​ឱ្យ​មានការ​រីក​ចម្រើន ។


ជាមួយ​គ្នា​នេះ​បងស្រី សំ សា​រ៉េ​ន ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ទឹង​ស្ងួត​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ផ្លូវ​មួយ​ខ្យែ​នៅ​ក្នុង​ឃុំ​អំពិលទឹក​មានការ​លំបាក​ខ្លាំង​ណាស់ ។ ផ្លូវ​នេះ គឺ​បើ​មាន​ភ្លៀង​ម្តង​ៗ ជិះ​ម៉ូតូ​កង់​ដួល​ប្រឡាក់​ខោអាវ​សិស្ស ហើយ​ក្រៅពី​រអិល​ផ្លូវ​នេះ​មាន​ក្រឡុក​ច្រើន​មិន​អាច​ធ្វើ​ដំណើរ​បាន​ស្រួល​ឡើយ ។ ក្រៅពី​នោះ​ស្ពាន​ឆ្លងកាត់​ព្រែក​មួយ​កន្លែង​នៅ​ភូមិ​ស្ទឹង​ស្ងួត​មាន​ប្រវែង​ជាង​១០០​ម៉ែត្រ​ក៏​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ណាស់​ដែរ ព្រោះ​ជា​ស្ពានឈើ ទ្រុឌទ្រោម​ខ្លាំង​ដែល​ត្រឹម​បណ្តើរ​ម៉ូតូ​បាន​តែ​ប៉ុណ្ណោះ ។ ហេតុនេះ​ហើយ​គាត់​ចង់ឱ្យ​រាជរដ្ឋាភិបាល​ថ្មី​សូម​ជួយ​កសាង​ផ្លូវ​មួយ​ខ្សែ​ជា​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ក្នុង​ឃុំ​អំពិលទឹក និង​ស្ពាន​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​ស្ទឹង​ស្ងួត​នេះ​ផង ។

ដោយឡែក​លោក ហេង ចំរើន ក៏​បាន​មាន​ប្រសាសន៍​ថា ក្រៅពី​ផ្លូវ និង​ស្ពាន​នៅ​ក្នុង​ឃុំ​អំពិលទឹក​ដែល​កំពុង​ជួប​ការ​លំបាក​ខ្លាំង​នេះ​នៅ​ភូមិ​គៀន​ឃ្លាំង​ក៏​កំពុង​ខ្វះខាត​សាលា​បឋម​សិក្សា​១​ខ្នង​ផង​ដែរ ។ សិស្ស​ក្នុងភូមិ​នេះ​ត្រូវ​បង្ខំចិត្ត​ទៅ​រៀន​នៅ​សាលា​ឆ្ងាយ​ដល់​ឃុំ​លង្វែក ។ ក្នុង​នាម​លោក​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​អំពិលទឹក​សំណូមពរ ដល់​រាជរដ្ឋាភិបាល​ថ្មី សូម​ជួយ​កសាង​សាលា​បឋម​សិក្សា​១​ខ្នង ក្នុងភូមិ​គៀន​ឃ្លាំង ឃុំ​អំពិលទឹក​នេះ​ផង​ដែរ ។

សូម​បញ្ជាក់​ថា ឃុំ​អំពិលទឹក គឺជា​ឃុំ​មួយ​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ពី​ផ្លូវជាតិ​ត្រូវ​ឆ្លងកាត់​ទន្លេ​២ ហើយ​ឃុំ​នេះ​ជាប់​ព្រំប្រទល់​ខេត្តកំពង់ចាម និង​ខេត្តកណ្តាល​ម្លោះ​ហើយ​ការ​ធ្វើ​ដំណើរ​ត្រូវ​ជួប​ការ​លំបាក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឃុំ​មួយ​នេះ​ពុំ​សូវ​មានការ​អភិវឌ្ឍ​ខ្លាំងក្លា​ដូច បណ្តា​ឃុំ​ដែល​មាន​មាន​ផ្លូវថ្នល់​ខ្វាត់ខ្វែង និង​ឃុំ​ដែល​ជិត​ទីប្រជុំជន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ