ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវរថយន្តធំកិនស្លាប់នៅនឹងកន្លែង ក្រោយលោតចុះពីលើម៉ូតូប្រុងរត់ពីគេ ព្រោះមានម៉ូតូធុនធំ១គ្រឿងទៀត ដេញប្រម៉ាញ់ពីក្រោយ ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងលើដងផ្លូវជាតិលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យយប់ថ្ងៃទី២២ កក្កដា ២០១៨ ។
ជនរងគ្រោះក្នុងហេតុការណ៍ម្នាក់ឈ្មោះ សាន សំណាង ភេទប្រុស អាយុ២១ឆ្នាំ (ស្លាប់នៅនឹងកន្លែង) និងម្នាក់ទៀតឈ្មោះ វឿង ភារុន ភេទប្រុស អាយុ២០ឆ្នាំ រងរបួសស្រាល(ជាអ្នកបើកបរ) ពួកគេទាំង២នាក់ មានទីលំនៅភូមិកូបធំសង្កាត់និមិត្តក្រុងប៉ោយប៉ែត ។ ប្រភពថាដំបូងជនរងគ្រោះជិះម៉ូតូចេញពីចំណុចអាងអូរខៃដន ក្នុងភូមិកើតហេតុ ក្នុងទិសដៅពីត្បូងទៅជើងលុះដល់ចំណុចក្លោងទ្វារវត្តរតនៈសុខសាន្ត ស្រាប់តែមានម៉ូតូធុនធំ១គ្រឿងមិនស្គាល់ម៉ាក និងមិនស្គាល់ទាំងអ្នកបើកបរបានតាមប្រម៉ាញ់ម៉ូតូជនរងគ្រោះពីក្រោយ ។
ដោយការភ័យខ្លាចជនរងគ្រោះក៏បើកឡើងផ្លូវជាតិបត់ទៅទិសខាងលិចចៃដន្យក៏មានរថយន្តធំ១គ្រឿងមិនស្គាល់ម៉ាកបើកមកពីទិសខាងកើត ប៉ុន្តែជនរងគ្រោះហក់ចុះពីលើម៉ូតូ សង្ស័យប្រុងរត់គេចពីការប្រម៉ាញ់ ដឹងអីត្រូវរថយន្តធំខាងលើកិនស្លាប់តែម្តង ។
អ្នករបួសស្រាលត្រូវសាច់ញាតិនាំយកទៅពេទ្យ ឯសពត្រូវសាច់ញាតិនាំយកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៎ ចំណែកម៉ូតូរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិរដ្ឋបាលសង្កាត់និមិត្ត ។ សមត្ថកិច្ចអះអាងថា កំពុងស្រាវជ្រាវរករថយន្តបង្ក និងអ្នកដែលពាក់ព័ន្ធតាមប្រម៉ាញ់ជនរងគ្រោះ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ