ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​មួយ​ចំនួន​បង្ហាញ​គន្លឹះរក្សា​ជីវភាព​កុំ​ឲ្យ​ធ្លាក់​ដុនដាប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​មើលឃើញ​ពី​ការ​លំបាក​របស់​អ្នកសិល្បៈ​ដែល​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​នោះ អ្នកសិល្បៈ​មួយ​ចំនួន​បាន​បញ្ចេញ​ទស្សនៈ និង​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ក្នុង​ការ​ត្រៀម​ទុកជា​មុន​សម្រាប់​លំនឹង​ជីវភាព​នៅ​ពេល​ដែល​ខ្លួន​បាត់បង់​អាជីព ។ តារា​ទាំងនោះ​មាន​ជីវភាព​រស់នៅ​ល្អ​ប្រសើរ ហើយ​ហាក់​មិន​ពឹងផ្អែក​ទាំងស្រុង​ទៅ​អាជីព​​​​សិល្បៈ​នេះ​ឡើយ ពោល​ពួក​គេ​ក៏​មាន​ភាព​ជោគជ័យ​លើ​អាជីព​ផ្សេង​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ ដោយសារ​មើលឃើញ​ពី​ការ​លំបាក​របស់​អ្នកសិល្បៈ​ដែល​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​នោះ អ្នកសិល្បៈ​មួយ​ចំនួន​បាន​បញ្ចេញ​ទស្សនៈ និង​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ក្នុង​ការ​ត្រៀម​ទុកជា​មុន​សម្រាប់​លំនឹង​ជីវភាព​នៅ​ពេល​ដែល​ខ្លួន​បាត់បង់​អាជីព ។

តារា​ទាំងនោះ​មាន​ជីវភាព​រស់នៅ​ល្អ​ប្រសើរ ហើយ​ហាក់​មិន​ពឹងផ្អែក​ទាំងស្រុង​ទៅ​អាជីព​​​​សិល្បៈ​នេះ​ឡើយ ពោល​ពួក​គេ​ក៏​មាន​ភាព​ជោគជ័យ​លើ​អាជីព​ផ្សេង​ផង​ដែរ ។
អ្នក​នាង ខាត់ សុ​ឃី​ម បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្នុង​នាម​ជា​អ្នក​សិល្បៈ​​មួយ​រូប​នាង​តែងតែ​គិត​ច្រើន​ចំពោះ​ជីវភាព​គ្រួសារ​នា​ពេល​អនាគត នៅ​ពេល​ដែល​នាង​មិន​អាច​សម្តែង​បាន ។ គ្រួសារ​នាង​បាន​សម្រេច​ទិញ​សេវា​ធានា​រ៉ាប់រង ព្រោះ​នៅ​ថ្ងៃ​មុខ​មិនដឹង​មាន​ហានិភ័យ​ណាមួយ​កើតឡើង​ទេ ហេតុនេះ​ប្រសិនបើ​មាន​ធានា​រ៉ាប់រង វា​អាច​ជួយ​បាន ប្រៀប​បាន​នឹង​មាន​អាវ​ភ្លៀង​ពាក់​ដែរ ។

បើ​តាម​អ្នក​នាង​ខាត់ សុ​ឃី​ម តាំងពី​តូច​មក​គឺ​នាង​តែង​មាន​បំណង​សន្សំ​លុយ​ដែល​រក​បាន​​ទោះ​តិច​ក្តី​ច្រើន​ក្តី​ដើម្បី​ទិញ​ផ្ទះ ។ ចំណែក​ការ​ហូប​ចុក​គឺ​មាន​កម្រិត ក្នុង​នោះ​នាង​មាន​ការ​ទុកដាក់​ត្រឹមត្រូវ​ទៅ​លើ​សម្ភារ​ប្រើប្រាស់ ផ្សេង​ៗ​ដែល​នាង​បាន​ប្រើប្រាស់​រួច ដើម្បី​ការពារ​នៅ​ពេល​ណា​ដែល​មានការ​ខ្វះខាត​គឺ​នាង​អាច​យក​របស់​នោះ​មក​ប្រើប្រាស់​ជា​ថ្មី​វិញ​បាន ។ ចំពោះ​ការ​ប្រើប្រាស់​របស់របរ​នេះ​គឺ​ច្បាស់​ណាស់​អ្នក​ណា​ក៏​ចង់​ប្រើ​របស់​ល្អ​ដែរ តែ​គួរតែ​គិត​នៅ​ពេល​ដែល​ខ្វះខាត តើ​របស់​នោះ​អាច​ជួយ​យើង​បាន​ដោយ​របៀប​ណា ។

អ្នក​នាង​ខាត់ សុ​ឃី​ម ថា​លុយ​ដែល​បាន​មក​នោះ​គឺ​នាង​ទិញ​មាស​ទុក ហើយ​មួយ​ផ្នែក​ទៀត​សន្សំទុក​ទិញ​ដី​ទោះ​បាន​ធំ ឬ​តូច​ក្តី ។ សំខាន់​ឲ្យ​តែ​មាន​ក្នុង​ខ្លួន​សម្រាប់​ពេល​ដែល​ខ្លួន​ទាល់ ។

អ្នក​នាង​ខាត់ សុ​ឃី​ម និយាយ​ថា «​ខ្ញុំ​សំណូមពរ​ចំពោះ​អ្នកសិល្បៈ​មួយ​ចំនួន កុំ​រំពឹង​តែ​ទៅ​​លើ​ការ​អំពាវនាវ​រក​សប្បុរសជន​ជួយ​ពេក ព្រោះ​ជា​អ្នកសិល្បៈ​មួយ​រូប​ធ្លាប់តែ​មាន​ភាព​ហ៊ឺហា ឡូយឆាយ ហើយ​បើ​យើង​ជួប​រឿង​អ៊ីចឹង វា​នាំ​ឲ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​វាយតម្លៃ​ដល់​សិល្បៈ​យើង ធ្វើ​ឲ្យ​តម្លៃ​សិល្បៈ​ចេះ​តែ​ធ្លាក់​ចុះ​»​។

តារា​កំប្លែង​លោក​ជួង ជី ហៅ​កុយ បាន​លើក​ឡើង​ថា បើ​ទោះបីជា​ពេល​នេះ​ក្រុម​របស់​លោក​​មិនសូវ​បាន​ឡើង​សម្តែង​តាម​ស្ថានីយទូរទស្សន៍​ដូច​មុន​ក៏​ពិតមែន ប៉ុន្តែ​សម្រាប់​នាយ និង​កូនក្រុម​មួយ​ចំនួន​ហាក់​មិន​មាន​ហានិភ័យ​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ដោយ​សារ​តែ​សុទ្ធតែ​មានមុខ​របរ​ផ្សេង ក្រៅពី​អាជីព​សិល្បៈ​នេះ ។ នាយ​ក៏​មាន​វង់​ភ្លេងសម័យ​ផ្ទាល់ខ្លួន ព្រម​ជាមួយនឹង​ការងារ​សិល្បៈ​ផ្សេង​ទៀត​ដូច​ជា​កាត់សក់​ការ និង​ល្ខោនបាសាក់​ជាដើម ក្រៅពី​អាជីព​កំប្លែង ។

ក្នុង​នាម​ជា​អ្នកសិល្បៈ​ជើង​ចាស់​មួយ​រូប​នាយ កុយ បាន​ស្នើ​អ្នកសិល្បៈ​ទាំងអស់​ថា​«​នៅ​ពេល​ដែល​កំពុង​ល្បី និង​រក​លុយ​បាន​ត្រូវ​សន្សំ បង្កើត​ជា​មុខរបរ​មួយ​ផ្សេង​ពី​សិល្បៈ​នេះ ដើម្បី​ទុក​ទៅ​ថ្ងៃ​អនាគត ពេល​ដែល​យើង​អស់​លទ្ធភាព​សម្តែង​»​។

ចំណែក​ពិធីការ​រិ​នី​ល្បីឈ្មោះ​អ្នក​នាង​គង់ សុ​ជាតិ និង​អ្នក​នាង យុគ​ចិន្តា ក៏​ធ្លាប់​បាន​អះអាង​ស្រ​ដៀង​គ្នា​ដែរ​ថា អ្នកសិល្បៈ​នៅ​ពេល​ដែល​កំពុង​តែ​រក​លុយ​បាន​នោះ​គួរតែ​សន្សំ​លុយ​ទុក និង​បង្កើត​មុខរបរ ផ្សេង​ៗ ដើម្បី​ឲ្យ​នឹងធឹង នៅ​ពេល​ដែល​មាន​បញ្ហា​វា​អាច​រក្សា​លំបាក​ជីវភាព​រស់នៅ​បាន​មួយ​ចំណែក​ដែរ ។

ទាំង​អ្នក​នាង​យុគ ចិន្តា និង​អ្នក​នាង​គង់ សុ​ជាតិ មិន​ត្រឹមតែ​ជោគជ័យ​លើ​ផ្នែក​សិល្បៈ​មួយ​មុខ​ទេ អ្នក​ទាំង​ពីរ​ក៏​មាន​ចំណូល​ច្រើន​ផង​ដែរ​ពី​របរ​រកស៊ី​ខាងក្រៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ