ខេត្តកំពង់ឆ្នាំង ៖ សពបុរម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកទន្លេនៅចំណុចមុខវត្តសិរីមង្គល ស្ថិតនៅក្នុងភូមិឪម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។
សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងដូចខាងលើប្រជាពលរដ្ឋបានប្រទះឃើញសពអណ្ដែតទឹកពីខាងត្បូងមកជើង ក៏បានរាយការប្រាប់សមត្ថកិច្ច ហើយពេលអណ្តែតមកដល់ចំណុចមុខវត្ត ត្រូវសមត្ថកិច្ចក៏បានចាប់អូសយកមកច្រាំង និងលើកឡើងគោក ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានពិនិត្យធ្វើកោសល្យវិច្ច័យលើសព ឃើញសពមានសភាពហើមរលូយ និងមិនឃើញមានអ្វីគួរឱ្យកត់សំគាល់នោះឡើយ ។ ដោយទទួលបញ្ជាពីអធិការនគរបាលស្រុក ក៍ដូចជាស្នងការនគរបាលខេត្ត ក៏បានលើកសពបុរសខាងលើទៅបូជានៅក្នុងវត្តសិរីមង្គលតែម្ដង ។
សមត្ថកិច្ចបានបញ្ជាក់ថា សពបុរសខាងលើមិនមានសម្លៀកបំពាក់នោះទេ មានកម្ពស់ប្រហែលប្រមាណ១,៦០ម៉ែត្រ និងស្លៀកខោលីអូពណ៌ខ្មៅ ។
ជាមួយគ្នានោះ សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋបើសិនមានបាត់សមាជិកក្នុងគ្រួសារសូមមកធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរនៅកន្លែងកើតហេតុ ដើម្បីទទួលយកអដ្ឋិធាតុសពទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ