ខេត្តពោធិ៍សាត់ ៖ ម៉ូតូម៉ាកស៊ុយស៊ូគីស្មាសរីវ៉ូចំនួន៤៩គ្រឿងជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើពិធីប្រគល់ជូនទៅឲ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ សង្កាត់ ចំណុះអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៦ របស់ខេត្តពោធិ៍សាត់ ដើម្បីជាមធ្យោបាយក្នុងការបម្រើដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៦នាពេលខាងមុខនេះ ។
ពិធីនេះបានប្រារព្ធធ្វើនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ជាស្នងការ និងមានការចូលរួមពីលោក លោកស្រីជាស្នងការរង ប្រធាន អនុប្រធានការិយាល័យគ្រប់ជំនាញ លោកអធិការនគរបាលក្រុង-ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ សង្កាត់ ។
លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី មានប្រសាសន៍ថា ការផ្ដល់ម៉ូតូជូនប៉ុស្តិ៍រដ្ឋបាលទាំង៤៩ឃុំ សង្កាត់នាពេលនេះគឺជាការយកចិត្តទុកដាក់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលយើងដែលបានខិតខំបម្រើការងារកន្លងមកពិសេសដើម្បីបានជាមធ្យោបាយក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមក្នុងពេលបោះឆ្នោតខាងមុខនេះ ។
លោកស្នងការបានរំឮកផងដែរថា ការចែកជូនម៉ូតូដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងខេត្តពោធិ៍សាត់នេះគឺជាលើកទី៤ហើយដែលក្រសួងមហាផ្ទៃបានផ្តល់របបទោចក្រយានយន្ត(ម៉ូតូ) និងប្រេងសាំង១២០លីត្រ ព្រមទាំងថវិកា១លាន២សែនរៀលក្នុង១ប៉ុស្តិ៍ រយៈពេលមួយត្រីមាសដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀត ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងការបម្រើសេវាតម្រូវការ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ