ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រូច​វ​ល្លិ៍ ឬ​ក្រូច​ផាស​សិន​មាន​ទីផ្សារ និង​តម្លៃ​ខ្ពស់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្រូច​វ​ល្លិ៍ ឬ​ក្រូច​ផាស​សិន​នៅ​ខេត្តមណ្ឌលគិរី គឺជា​ដំណាំ​ងាយស្រួល​ដាំ​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ ហើយ​មាន​តម្រូវការ​ច្រើន​រហូត​ដល់​កសិករ​រអ៊ូរ​ទ្រាំ​ថា ពិបាក​រក​ផ្លែក្រូច​ផ្គត់ផ្គង់​សម្រាប់​អតិថិជន ព្រោះ​ចម្ការ​ដំណាំ​នេះ​នៅ​មាន​កម្រិត​តិចតួច​នៅឡើយ ។ ទោះជា​យ៉ាងណា​នៅ​រដូវវស្សា​នេះ​កសិករ​ហាក់​សប្បាយចិត្ត​បន្តិច​…

ខេត្តមណ្ឌលគិរី ៖ ក្រូច​វ​ល្លិ៍ ឬ​ក្រូច​ផាស​សិន​នៅ​ខេត្តមណ្ឌលគិរី គឺជា​ដំណាំ​ងាយស្រួល​ដាំ​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ ហើយ​មាន​តម្រូវការ​ច្រើន​រហូត​ដល់​កសិករ​រអ៊ូរ​ទ្រាំ​ថា ពិបាក​រក​ផ្លែក្រូច​ផ្គត់ផ្គង់​សម្រាប់​អតិថិជន ព្រោះ​ចម្ការ​ដំណាំ​នេះ​នៅ​មាន​កម្រិត​តិចតួច​នៅឡើយ ។

ទោះជា​យ៉ាងណា​នៅ​រដូវវស្សា​នេះ​កសិករ​ហាក់​សប្បាយចិត្ត​បន្តិច​ ព្រោះ​ខែ​ភ្លៀង​ក្រូច​វ​ល្លិ៍​អាច​ហុច​ផល​ទ្វេគុណ​នឹង​អាច​ធ្វើ​ឲ្យ​កសិករ​បាន​បេះ​ផលដំណាំ​រៀងរាល់ថ្ងៃ​យក​ទៅ​លក់​លើ​ទីផ្សារ​ខុស​គ្នា​ពី​រដូវប្រាំង​ដែល​ដំណាំ​នេះ​ហុច​ផល​មិនសូវ​ច្រើន​នឹង​ពុំ​អាច​បេះ​ផ្លែ​លក់​រាល់ថ្ងៃ​នោះ​ទេ​ពោល គឺ​នៅ​រដូវប្រាំង​២​ទៅ​៣​ថ្ងៃ ទើប​អាច​បេះ​បាន​ម្ដង ។

លោក សម សុ​ភ័​ក្ក្រ ជា​ម្ចាស់​ចម្ការ​ក្រូច​វ​ល្លិ៍​នៅ​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា ដំណាំ​ក្រូច​វ​ល្លិ៍​នេះ គឺ​ចាប់ផ្ដើម​ចេញ​ផ្លែផ្កា​ច្រើន​នៅ​អំឡុង​ខែមេសា តែ​ទាមទារ​ឲ្យ​យើង​ស្រោច​ទឹក​ឲ្យ​បាន​ច្រើន ហើយ​លុះ​ចូល​មក​ដល់​ខែឧសភា នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ក្រូច​វ​ល្លិ៍​នឹង​ចេញ​ផ្លែ​មក​ច្រើន​ខ្លាំង តែ​ម្ដង​ដែល​អាច​ឲ្យ​យើង​បេះ​ទិន្នផល​របស់​វា​បាន​ប្រហែល​១០០​ទៅ​ជាង​១០០​គីឡូក្រាម​ឯណោះ ក្នុង​១​ថ្ងៃ លើ​ផ្ទៃដី​ប្រហែល​១​ហិ​កតា ។ លោក​បន្ត​ថា ដំណាំ​ក្រូ​វ​ផា​សិន​នេះ​បើ​ធៀប​រវាង​រដូវវស្សា និង​រដូវប្រាំង​ទិន្នផល​ដែល​ផ្ដល់​ឲ្យ គឺ​ខុស​គ្នា​ច្រើន​ដោយ​ក្នុង​រដូវប្រាំង​នៅ​ចម្ការ​របស់​លោក ផល ដែល​ហុច​ឲ្យ គឺ​២​ទៅ​៣​ថ្ងៃ ទើប​ប្រមូល​បាន​ម្ដង និង​ទទួល​បាន​ផល​ប្រហែល​៥០​ទៅ​៦០​គីឡូក្រាម​ប៉ុណ្ណោះ ហើយ​ក្នុង​ចន្លោះ​ខែមីនា និង​មេ​សា គឺ​ពុំ​មាន​ផ្លែ​នោះ​ទេ​ខុស​ពី​រដូវវស្សា​ដែល​ទិន្នផល គឺ​ផ្ដល់​ឲ្យ​រាល់ថ្ងៃ​តែ​ម្ដង ។

លោក​បន្ត​ថា លោក​នឹង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្ថែម​ផង​ដែរ ព្រោះ​ទិន្នផល​ក្រូច​ផា​សិន​នេះ គឺ​មាន​ទីផ្សារ​ល្អ​ខ្លាំង​ណាស់ ហើយ​អាច​លក់​បាន​ក្នុង​តម្លៃ​ថ្លៃ​គួរសម​ដែរ​ដោយ​ផ្លែក្រូច​ធំ​ៗ​ជា​ប្រភេទ​ទិន្នផល​លេខ​១​លោក​អាច​លក់​បាន​៨​ពាន់​ទៅ​១​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម ចំណែក​ផ្លែ​តូច​ៗ គឺ​អាច​លក់​បាន​ប្រហែល​៦​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ។

លោក សម សុ​ភ័​ក្ក្រ ក៏​បាន​សំណូមពរ​ដល់​កសិករ​ដាំ​ដំណាំ​ក្រូច​វ​ល្លិ៍​សូម​ខិតខំ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បន្ថែម​ទៀត ដើម្បី​ផ្គត់ផ្គង់​ទិន្នផល​ឲ្យ​គ្រប់​តាម​តម្រូវការ​ទីផ្សារ និង​ដើម្បី​ទប់ស្កាត់​ការ​នាំ​ចូល​ក្រូ​វ​វ​ល្លិ៍​នេះ​ពី​ប្រទេស​ជិតខាង ព្រោះ​បច្ចុប្បន្ន​ទិន្នផល​ក្រូច​វ​ល្លិ៍​នៅ​ខេត្តមណ្ឌលគិរី​មិន​អាច​ផ្គត់ផ្គង់​ទីផ្សារ​គ្រប់គ្រាន់​នោះ​ឡើយ ។ ម្ចាស់​ចម្ការ​ខាងលើ​បន្ថែម​ទៀត​ថា ផលដំណាំ​ក្រូច​វល្លិ​របស់​លោក​ភាគច្រើន គឺ​បាន​លក់​ទៅ​ឲ្យ​បណ្ដា​ផ្សារ​ទំនើប​មួយ​ចំនួន​នៅ​ឯ​ទីក្រុង​ភ្នំពេញ ។ លោក​ថា ដំបូង​ឡើយ​លោក​ដាំ​ក្រូច​វល្លិ​នេះ តែ​២០០​គុម្ព​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​មើលឃើញ​ថា ដំណាំ​ប្រភេទ​នេះ​មាន​ទីផ្សារ​ល្អ ងាយស្រួល​ដាំ មិន​ពិបាក​ថែទាំ​ខ្លាំង​នោះ ទើប​លោក​សម្រេចចិត្ត​ដាំ​បន្ថែម​រហូត​មក​ដោយ​បច្ចុប្បន្ន​នេះ​ដំណាំ​ក្រូច​វល្លិ​នៅ​ចម្ការ​របស់​លោក​មាន​ប្រមាណ​ជាង​២​ពាន់​គុម្ព គិត​ទាំង​ដំណាំ​ចាស់ និង​ដំណាំ​ទើប​ដាំ និង​មាន​ជាង​១​ពាន់​គុម្ព គឺ​បាន​ទទួលផល​ហើយ ។

លោក សម សុ​ភ័​ក្ក្រ បាន​លើក​ឡើង​បន្ត​ថា ដំណាំ​ក្រូច​វល្លិ​នេះ​ដាំ​ប្រើ​ពេលវេលា​តែ​០៧​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ដំណាំ​ប្រភេទ​នេះ គឺ​ត្រូវ​ថមថយ​ទិន្នផល​នៅ​រដូវប្រាំង ចំណែក​រដូវវស្សា​វិញ​ទិន្នផល​នឹង​ទទួល​បាន​ច្រើន ។

មន្ត្រី​ជំនាញ​កសិកម្ម​ធ្លាប់​បាន​ឲ្យ​ដឹង​ដែរ​ថា ដំណាំ​ប្រភេទ​នេះ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ ក្នុង​ខេត្តមណ្ឌលគិរី​ដែល​មិន​អាច​ដឹង​ពី​ទំហំ​ផ្ទៃដី​សរុប​ដាំ​នោះ​ទេ ភាគច្រើន​ដាំ​ជា​លក្ខណៈ​គ្រួសារ ។ ប៉ុន្តែ​ដំណាំ​នេះ​មាន​ទីផ្សារ​ល្អ និង​កំពុង​ពេញ​និយម​ដូច្នេះ​លោក​សូម​ជម្រុញ​ឲ្យ​កសិករ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី គួរ​ងាក​មក​ដាំ​ដំណាំ​ប្រភេទ​នេះ​ឲ្យ​បាន​ច្រើន ព្រោះតែ​ដំណាំ​នេះ​ពឹងផ្អែក​លើ​ទីផ្សារ​ក្នុងស្រុក​មាន​តម្លៃ​ថេរ កសិករ​មិន​ប្រឈម និង​ការ​ខាតបង់​ក្នុង​ការ​បង្កបង្កើន​ផល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ