ឱ​! លោក​ម្ចាស់​ទឹក ម្ចាស់​ដី​អើយ​… (​មាន​វី​ដេ​អូ​)


ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៧ ចេញពី​ខេត្តបាត់ដំបង​ឆ្ពោះទៅ​ខេត្ត​ប៉ៃលិន ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជា​ច្រើន​នាក់ នាំ​គ្នា​រអ៊ូរទាំ​សោកស្តាយ​កូនភ្នំ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដែល​ត្រូវ​បាន​គេ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ​អស់រលីង ។

ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​រិះគន់​ឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​ដឹង​ថា ភ្នំ​តូច​ធំ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មាន​ច្រើន​គ​គោក​មិន​នាំ​គ្នា​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ បែរ​ទៅ​ជា​ទៅ​ជីក​កកាយ​ត្រង់​កន្លែង​ក្បែរ​ផ្លូវជាតិ ដែល​គេ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ទៅ​មក​ឃើញ​គ្រប់​ៗ​គ្នា​ទៅ​វិញ មើលទៅ​ដូច​ជា​មិន​សក្តិ​សម​ទាល់តែ​សោះ ។

ប្រភព​បន្ត​ទៀត​ថា គាត់​ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ដែល​កូនភ្នំ​មួយ​នេះ ជា​កេរតំណែល​តាំងពី​ដូនតា​មក ត្រូវ​បាន​ទទួល​រង​ការ​ជីក​កកាយ​ធ្វើ​ឱ្យ​បាត់បង់ និង​ខូច​ខាត​ទ្រង់ទ្រាយ ។ លើស​ពី​នេះ គួរតែ​ថែរក្សា​ឱ្យ​បាន​គង់វង្ស​ល្អ ដោយ​ដាំ​ដើមឈើ​បន្ថែម​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ឱ្យ​គេ​ចូល​មក​លេង​កាន់តែ​ច្រើន នោះ​ទើប​ចំណេញ​ដល់​ខេត្ត ប៉ៃលិន​ផង​ដែរ ប៉ុន្តែ​បែរជា​ចោលម្សៀត​។

ចំណែក​ភ្ញៀវ​ទេសចរ​ជាតិ​មួយ​ចំនួន ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៥៧​ខាងលើ បាន​រិះគន់​ថា មិន​គួរ​ណា​គេ​នាំ​គ្នា​ធ្វើការ​ជីក​កកាយ​ភ្នំ​ក្បែរ​ផ្លូវជាតិ​បែប​នេះ​ទេ គួរតែរ​កន្លែង​ណាមួយ​ដែល​នៅ​ក្នុង​ព្រៃ​លាក់បាំង​ពី​ភ្នែក​មនុស្ស​ទាំងឡាយ ។

ប្រភព​បន្ត​ទៀត​ថា ទេសភាព​ព្រៃ​ភ្នំ​ពិតជា​ស្រស់បំព្រង ហើយ​ទាក់ទាញ​ចំណាប់​អារម្មណ៍​​ភ្ញៀវ​ទេសចរ​យ៉ាង​ខ្លាំង ជា​ពិសេស​ភ្ញៀវ​បរទេស​ដែល​ធ្វើ​ដំណើរ​ចូល​ពី​ប្រទេស​ថៃ មក​លេង​ក្នុង​ប្រទេស​កម្ពុជា ។ បើសិនជា​នៅ​បន្ត​ធ្វើ​បែប​នេះ​ទៀត នៅ​ថ្ងៃ​ខាង​មុខ​ភ្ញៀវ​អន្តរជាតិ​ក៏​គេ​អាច​នឹង​ពេបជ្រាយ​ថា មិន​ចេះ​តែ​រក្សា​សម្បត្តិ​ធម្មជាតិ កែ​ច្នៃ​ឱ្យ​ក្លាយទៅជា​កន្លែង​កំសាន្ត បែរជា​នាំ​គ្នា​បំផ្លាញ​ទៅ​វិញ ។ ឱ​! លោក​ម្ចាស់​ទឹក ម្ចាស់​ដី​អើយ​… ធ្វើ​តាម​នឹកឃើញ​។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ