ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បើក​គណនី​របស់​ស្ថាប័នរដ្ឋ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​NBC​កើនឡើង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ស្ថាប័នរដ្ឋ​, គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ បាន​បើក​គណនី​នៅ​ក្នុង​ធនាគារជាតិ​នៃ​កម្ពុជា (NBC) មាន​ចំនួន​ជាង​១.០០០​គណនី បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ស្ថាប័នរដ្ឋ​, គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ បាន​បើក​គណនី​នៅ​ក្នុង​ធនាគារជាតិ​នៃ​កម្ពុជា (NBC) មាន​ចំនួន​ជាង​១.០០០​គណនី បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ កើនឡើង​ជាង​៦០​គណនី ។

កំណើន​នេះ ដោយសារ​នៅ​តាម​ស្ថាប័នរដ្ឋ គឺ​តម្រូវ​ឲ្យ​អនុវត្ត​គម្រោង និង​ទទួល​ថវិកា​ផ្ទាល់​ពី​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ គួប​ផ្សំ​នឹង​កំណើន​គណនី​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ជា​ពិសេស គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​ប្រាក់ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ ដែល​ត្រូវ​បើក​គណនី ដើម្បី​តម្កល់​ប្រាក់​តាម​ខ្លឹមសារ​នៃ​ប្រកាស​ថ្មី​ៗ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ។ នេះ​បើ​តាម​របាយការណ៍​ប្រចាំឆមាស​ទី​១ របស់​ធនាគារជាតិ​នៃ​កម្ពុជា ។របាយការណ៍​បាន​បង្ហាញ​ថា ៖« ក្នុង​ឆមាស​ទី​១ កន្លង​ទៅ​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​គ្រប់គ្រង​គណនី​សរុប​១.៤៩៨ ក្នុង​នោះ​ស្ថាប័នរដ្ឋ​៨២៥, គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ៦៤០ និង​គណនី​ផ្សេង​ៗ​មាន​ចំនួន​៣៣ បើ​ធៀប​នឹង​ឆមាស​ទី​១​ឆ្នាំ​២០១៧ កើនឡើង​៦៣​គណនី​» ។

តាម​អគ្គនាយករង​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា ចំនួន​គណនី​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​គ្រប់គ្រង ក៏​ដូច​ជា​កាន់​គណនី​ជូន​រាជរដ្ឋាភិបាល និង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នេះ គឺ​បង្ក​លក្ខណៈ​ងាយស្រួល​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ធនាគារកណ្តាល ឬ​ទិញ​-​លក់ រូបិយប័ណ្ណ ឬ​ផាត់ទាត់​ជាមួយ​ធនាគារ​ផ្សេង​ទៀត​បាន ។

លោក ឃូ វុ​ឍ្ឍី អគ្គនាយករង​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ថា ៖« គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​មាន​គណនី​នៅ​ធនាគារជាតិ​នៃ​កម្ពុជា គឺ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ធនាគារកណ្តាល ដូច​ជា ការ​ទិញ​-​លក់​លុយ​, រូបិយប័ណ្ណ ឬ​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ ផាត់ទាត់​ជាមួយ​ធនាគារ​ផ្សេង​ទៀត » ។ លោក​បន្ដ​ថា ៖« ការ​ដែល​មាន​គណនី​ជាមួយ​ធនាគារជាតិ អាច​ផ្ទេរ​លុយ​នៅ​ក្នុង​និង​ក្រៅប្រទេស​បាន ។ ចំពោះ​ភ្នាក់ងារ​ប្តូរ​ប្រាក់​ក៏​អីចឹង​ដែរ អ្នក​ដែល​មាន​អាជ្ញាប័ណ្ណ​នៅ​ធនាគារជាតិ ពេល​គាត់​ចង់​ទិញ ឬ​លក់​លុយ ពួក​គាត់​មាន​ភាព​ងាយស្រួល » ។

បើ​តាម​នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គ្រឹះស្ថាន​ដែល​បាន​បើក​គណនី​នៅ​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ពិតជា​ងាយស្រួល​នៅ​ពេល​ធ្វើ​ប្រតិបត្តិការ ហើយ​គ្រឹះស្ថាន​ត្រូវ​មានការ​ដាក់​ប្រាក់​តម្កល់​មួយ​ចំនួន​ទៅ​តាម​ប្រភេទ​អាជីវកម្ម ដើម្បី​បង្ហាញ​ថា គ្រឹះស្ថាន​មាន​លទ្ធភាព​គ្រប់គ្រាន់ ។ លោក យុន សុ​វ​ណ្ណា នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​ប្រសាសន៍​ថា ៖ « ធនាគារ និង​ហិរញ្ញវត្ថុ ប្រើប្រាស់​សេវា​របស់​ធនាគារជាតិ ដើម្បី​ធ្វើ​ប្រតិបត្តិការ​អន្តរ​ធនាគារ ហើយ​គាត់​ក៏​ត្រូវ​ដាក់​ប្រាក់​តម្កល់​មួយ​ចំនួន​ទៅ​តាម​ប្រភេទ​អាជីវកម្ម ក្នុង​នាម​គាត់​ជា​អ្នក​ផ្តល់​សេវា​ហិរញ្ញវត្ថុ ហើយ​ការ​ដាក់​ប្រាក់​តម្កល់​នេះ ដើម្បី​បង្ហាញ​ថា គ្រឹះស្ថាន​មាន​លទ្ធភាព​គ្រប់គ្រាន់ » ។

បើ​តាម​អគ្គនាយករង​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា គណនី​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​គ្រប់គ្រង​នេះ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ឬ​ក្រុមហ៊ុន សហគ្រាស ពុំ​អាច​បើក​គណនី​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ទេ គឺ​មាន​តែ​ក្រសួង​ស្ថាប័នរដ្ឋ​, គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ឬ​ស្ថាប័ន​អន្តរជាតិ​ធំ​ៗ ដូច​ជា ធនាគារកណ្តាល​មួយ​ចំនួន​នៅ​ក្នុង​តំបន់​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ