នាយធុង មិនត្រឹមតែកំប្លែងទេ ចិត្តសប្បុរសធម៌ទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នាយធុង គឺជាតារាកំប្លែងវ័យក្មេងមានទម្ងន់ប្រមាណ២២០គីឡូក្រាម កំពុងតែត្រដែតខ្លួន និងកាក់កបក្នុងពិភពសិល្បៈ ។ នាយធុង ឈ្មោះពិតម៉ាត់ ចាន់ថន…
រាជធានីភ្នំពេញ ៖ នាយធុង គឺជាតារាកំប្លែងវ័យក្មេងមានទម្ងន់ប្រមាណ២២០គីឡូក្រាម កំពុងតែត្រដែតខ្លួន និងកាក់កបក្នុងពិភពសិល្បៈ ។ នាយធុង ឈ្មោះពិតម៉ាត់ ចាន់ថន…
រាជធានីភ្នំពេញ ៖ នាយធុង គឺជាតារាកំប្លែងវ័យក្មេងមានទម្ងន់ប្រមាណ២២០គីឡូក្រាម កំពុងតែត្រដែតខ្លួន និងកាក់កបក្នុងពិភពសិល្បៈ ។ នាយធុង ឈ្មោះពិតម៉ាត់ ចាន់ថន មានដើមកំណើតនៅរាជធានីភ្នំពេញ តែងតែបង្ហាញខ្លួនជាញឹកញាប់តាមឆាកតន្ត្រីនានា ជាពិសសេសតាមកម្មវិធីកំប្លែងនៅស្ថានីយទូរទស្សន៍ជាបន្តបន្ទាប់ ដ្បិតនាយទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនចំពោះមាឌធំនេះតែម្តង ។
ថ្លែងប្រាប់កោះសន្តិភាពកាលពីពេល ថ្មីៗកន្លងមក តារាកំប្លែងវ័យ២៧ឆ្នាំនាយធុងបានឲ្យដឹងថា នាយបានចាប់អាជីពសិល្បៈប្រមាណជាង៦ឆ្នាំមកហើយ ដោយសារនាយមាននិស្ស័យស្រឡាញ់ចូលចិត្តសិល្បៈតាំងពីនៅតូច ។ ការចូលសិល្បៈដំបូងរបស់នាយ គឺតាមរយៈអតីតតារាសម្តែងស្រីម្នាក់ ។
នាយធុងនិយាយថា «ពីដំបូងខ្ញុំមិនចេះកំប្លែងទេ តែគាត់បានហៅអ្នកដឹកនាំកម្មវិធី៩នាទីនៃសំណើចរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៩ ដើម្បីឲ្យខ្ញុំបានចូលនិយាយកំប្លែង ។ បន្ទាប់ពីបានចេញមុខនោះរួចមកខ្ញុំ ក៏បានចូលក្លឹបហាត់រៀនសិល្បៈ ហើយក៏មានការងារសិល្បៈ បន្តិចម្តងៗចាប់ពីពេលនោះមក »។
នាយធុង ពីដំបូងបានចូលលេងកំប្លែងជាមួយនាយសាន ម៉ៅ នាយសង់សេត និងក្រោយមកបានតាព្រីង ហៅចូលទៅធ្វើការនៅភោជនីយដ្ឋានបុប្ផាជាយដែន រយៈពេល៤ឆ្នាំ ។
នាយធុង មិនភ្លេចគុណចេះលេងកំប្លែងដោយសារបានទទួលការណែនាំ បង្ហាត់បង្រៀនពីរៀមច្បង ចាស់ៗជាច្រើននាក់ ជាពិសេសនាយសង់ ស៊ីស ដែលគាត់បានបង្ហាត់បង្រៀនមុនគេ ។
ស្នាដៃសិល្បៈរបស់នាយធុង រហូតដល់សព្វថ្ងៃនេះ មានដូចជាចូលរួមសម្តែងភាពយន្តបានប្រមាណ៦ទៅ៧រឿង ស្ប៉តពាណិជ្ជកម្មមួយចំនួន និងលែងកំប្លែងតាមបណ្តាស្ថានីយទូរទស្សន៍មួយចំនួន ។ សព្វថ្ងៃនាយធុង ជាអ្នកកំប្លែងក្នុងក្រុមជាមួយលោកខាត់ ចំរើន និងនាយស្វិត ។
នាយធុង ក្នុងនាមជាតារាកំប្លែងបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ផងដែរ តាមរយៈការចូលរួមក្នុងកម្មវិធី«មូលនិធិប្រគំតន្ត្រីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ជួយក្មេងកំព្រា និងជួយចាស់ជរា »។ នាយធុង បំពេញការងារនេះនៅតាមទីសាធារណៈនានារយៈពេល២ឆ្នាំមកហើយ ។ គេតែងតែឃើញឆាកតន្ត្រីអង្គាសប្រាក់ដែលនាយធុង ចូលរួមម្តងនៅទីនេះ ម្តងនៅទីនោះ គឺចល័តនៅក្នុងរាជធានីភ្នំពេញ ។
មហាជនដែលតែងតែឃើញវត្តមាននាយធុង អង្គាសប្រាក់សប្បុរសធម៌នៅតាមដងផ្លូវបានសម្តែងការកោតសរសើរចំពោះទឹកចិត្តរបស់នាយ និងក្រុមការងារ ៕
ចែករំលែកព័តមាននេះ