ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​ជា​ដៃគូ​សម្តែង​លោក​ខៃ ប្រ​សិ​ដ្ឋ នរណា​ខ្លះ​ទៅ​ណ៎!!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​ខៃ ប្រ​សិ​ដ្ឋ ជាតា​រា​មួយ​ដួង​មាន​ប្រជាប្រិយភាព​ស្ថិត​ក្នុង​ដួងចិត្ត​ទស្សនិកជន​ក្នុងអំឡុងពេល​លោក​នៅ​ចាប់​អាជីព​។ លោក​ខៃ ប្រ​សិ​ដ្ឋ ត្រូវ​អ្នកដឹកនាំ​រឿង​និយម​ផ្គូផ្គង​ឲ្យ​សម្តែង​ជាមួយ​តួឯក​ស្រី ល្បី​ៗ​ជា​ច្រើន​នាក់ ខណៈ​ពេល​បច្ចុប្បន្ន​តារា​ស្រី​មួយ​ចំនួន​កំពុង​បន្ត​អាជីព​សម្តែង​របស់​ខ្លួន និង​មួយ​ចំនួន​រស់នៅ​បរទេស​ដូច​លោក​ខៃ…

រាជធានី​ភ្នំពេញ​៖ លោក​ខៃ ប្រ​សិ​ដ្ឋ ជាតា​រា​មួយ​ដួង​មាន​ប្រជាប្រិយភាព​ស្ថិត​ក្នុង​ដួងចិត្ត​ទស្សនិកជន​ក្នុងអំឡុងពេល​លោក​នៅ​ចាប់​អាជីព​។ លោក​ខៃ ប្រ​សិ​ដ្ឋ ត្រូវ​អ្នកដឹកនាំ​រឿង​និយម​ផ្គូផ្គង​ឲ្យ​សម្តែង​ជាមួយ​តួឯក​ស្រី ល្បី​ៗ​ជា​ច្រើន​នាក់ ខណៈ​ពេល​បច្ចុប្បន្ន​តារា​ស្រី​មួយ​ចំនួន​កំពុង​បន្ត​អាជីព​សម្តែង​របស់​ខ្លួន និង​មួយ​ចំនួន​រស់នៅ​បរទេស​ដូច​លោក​ខៃ ប្រ​សិ​ដ្ឋ ដែរ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​តារា​សម្តែង​ជើង​ចាស់ និង​ជា​ផលិតករ​លោក​មុត ថា​រី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា​សម័យ​កាលនោះ​មាន​ច្រើន​ផលិតកម្ម ហើយ​តួ​ដែល​សម្តែង​ជាមួយ​ខៃ ប្រ​សិ​ដ្ធ ក៏​មាន​ច្រើន​ដែរ​ក្នុង​នោះ​មាន​អ្នក​នាង អ៊ុំ សុ​ណ្ណ​នី ,​ចាន់ តារា​ទី ,​ពិ​សិ​ដ្ធ ពិ​លី​កា ,​សុខ ស្រី​មុំ ,​គ​ង្គ មូល្លី​កា ,​ប៊ុ​ន​ឈឿ​ន សូ​រី​យ៉ា​ន ,​ដួង តារា​សី ,​ហុ​ក ល​ក្ខិ​ណា និង​ពេញ សុខ​​កញ្ញា ជាដើម ។ ទោះជា​យ៉ាង​ក៏​ដោយ​លោក​មុត ថា​រី មិន​បានដឹង​ច្បាស់​ពី​វត្តមាន​របស់​តារា​សម្តែង​ស្រី​ទាំងនោះ​កំពុង​តែ​រស់នៅ​ទីណា​ឡើយ ដោយ​លោក​គ្រាន់តែ​ដឹង​ថា ក្នុង​ចំណោម​តួ​ទាំង​អស់នោះ​មាន​អ្នកខ្លះ​បាន​ទទួលមរណភាព អ្នកខ្លះ​កំពុង​បន្ត​វត្តមាន​សម្តែង និង​មួយ​ចំនួន​ទៀត​កំពុង​រស់នៅ​ក្រៅប្រទេស ។

ជា​ការ​កត់សម្គាល់​ចំពោះ​តារា​សម្តែង​ដែល​ល្បី​ខាង​បង្ហូរទឹកភ្នែក​ក្នុង​រឿង​«​ស្រី​ណា​មិន​យំ» អ្នក​នាង ចាន់ តារា​ទី កំពុង​បន្ត​អាជីព​សម្តែង​រហូត​មក​ដល់​បច្ចុប្បន្ន​ជា​តួ​ម្តាយ ។ ដោយឡែក​អតីត​តារា​សម្តែង និង​ជា​ភរិយា​របស់​លោក ខៃ ប្រ​សិ​ដ្ឋ អ្នកស្រី​ពិសិដ្ឋ ពិ​លី​កា បាន​ទទួលមរណភាព​ទៅ​ហើយ ។

សម្រាប់​អ្នក​នាង​សុខ ស្រី​មុំ ដែល​ជា​តួអង្គ​ស្រី​មួយ​រូប​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ការ​សម្តែង​រួម​គ្នា​រវាង​នាង​ជាមួយ​លោក​ខៃ ប្រ​សិ​ដ្ឋ គឺ​មាន​ភាព​សក្តិ​សម ។ អ្នក​នាង​សុខ ស្រី​មុំ បាន​ចាក​ចេញពី​ពិភព​សិល្បៈ បន្ទាប់​ពី​បាន​រៀប​អាពាហ៍ពិពាហ៍ និង​បាន​សាង​ជីវភាព​គ្រួសារ​នៅ​អា​មេ​រិ​ក ។

អ្នក​នាង​សុខ ស្រី​មុំ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ខៃ ចាន់​តារា ហៅ​អ៊ួ​ក នៅ​ឆ្នាំ​១៩៩៣ ប៉ុន្ដែ​អ្នក​ទាំង​ពីរ​បាន​លែងលះ​គ្នា​ក្រោយ​ពី​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ប៉ុន្មាន​ឆ្នាំ​ដោយ​មានកូន​ប្រុស​ម្នាក់ ។

នៅ​ឆ្នាំ​២០០០ អ្នក​នាង​សុខ ស្រី​មុំ បាន​ជួប​ជាមួយ​ស្វាមី​ក្រោយ​ដែល​ជា​ជនបរទេស​មាន​អាជីព​ជា​ផលិតករ​ភាពយន្ដ​នៅ​សហរដ្ឋអាមេរិក​។ សព្វ​ថ្ងៃនេះ​អ្នក​នាង​សុខ ស្រ​មុំ កំពុង​រស់នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក មាន​អាយុ​ជិត​៥០​ឆ្នាំ​ហើយ ។

ចំពោះ​អ្នក​នាង​អម្ពរ ទេវី វិញ​គឺជា​តារា​មួយ​រូប​ស្ថិត​នៅ​ក្នុង​ដួងចិត្ត​ទស្សនិកជន ក្នុង​ពេល​ដែល​នាង​បាន​បង្ហាញខ្លួន​សម្តែង​យ៉ាង​សក្តិ​សម​មិន​ថា​ជាមួយ​ដៃគូ​សម្តែង​លោក​សមតា​រា លោក​ទេព រិ​ន​ដា​រ៉ូ ឬ​លោក​ខៃ ប្រ​សិ​ដ្ឋ ឡើយ​។ បើ​ទោះបីជា​ពេល​នេះ​អ្នក​នាងទេវី បាន​សាង​ជីវភាព​គ្រួសារ​ថ្មី​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ក៏​ដោយ ប៉ុន្តែ​តារា​រូប​នេះ​នៅ​តែ​នឹករលឹក​ដល់​វិស័យ​សិល្បៈ​ដដែល ដោយ​ក្នុង​នោះ​នាង​ទើបតែ​ចូលរួម​សម្តែង​ជា​ថ្មី​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​«​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​»​របស់​អ្នកដឹកនាំ​រឿង​ពាន់ ភួង​បុ​ប្ឆា ។

ដោយឡែក​អ្នក​នាង​អ៊ុំ សុវណ្ណ​នី ជាតា​រា​ស្រី​ដំបូង​គេ​បង្អស់​ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​ភាព​យន្ត​ខ្មែរ​រស់រាន​មានជីវិត​ឡើង​វិញ បន្ទាប់​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ហើយ​ក៏​ជាតា​រា​ស្រី​ដំបូង​គេ​បង្អស់​ក្នុង​ទ​សវ​តទី​៨០ ដែល​បាន​សម្ដែង​រួម​ជាមួយ​តារា​បរទេស​នៅ​ក្នុង​រឿង «​នរក​៩​ជាន់​» ជា​ខ្សែភាពយន្ត​ដែល​ធ្វើ​ឲ្យ​គាត់​មានឈ្មោះ​ល្បីល្បាញ​តាំងពី​ពេល​​នោះ​មក ។

​បច្ចុប្បន្ន​អ្នក​នាង​អ៊ុំ សុវណ្ណ​នី រស់នៅ​ក្នុង​ទីក្រុង ឡង​បិ​ច កាលី​ហ្វ៊័រ​នី​ញ៉ា សហរដ្ឋអាមេរិក និង​តែងតែ​បង្ហាញខ្លួន​ជា​ញឹកញាប់​តាម​រយៈ​ការ​រាំច្រៀង ជាមួយ​អតីត​តារា​សម្តែង​រួម​ជំនាន់​គឺ​លោក​យស បូ​វណ្ណៈ ។

ចំពោះ​តួឯក​ក្នុង​រឿង​«​ស្នេហា​មួយ​»​អ្នក​នាង ហុ​ក ល​ក្ខិ​ណា ក៏​ជា​អតីត​តារា​សម្ដែង​ដ៏​ល្បី​មួយ​រូប​ផង​ដែរ​ក្នុង​អំឡុង​ទសវត្សរ៍​៨០-៩០ ខណៈ​ដែល​បច្ចុប្បន្ន​អ្នក​នាង​បាន​បោះបង់​ចោល​អាជីព​សម្តែង​នេះ​ហើយ និង​កំពុង​រស់​ក្នុង​ប្រទេស​អូស្ដ្រាលី ។ អ្នក​នាង​ហុ​ក ល​ក្ខិ​ណា ក៏​ជា​ដៃគូ​សម្តែង​របស់​លោក​ខៃ ប្រ​សិ​ដ្ឋ ដែរ ។

ដោយឡែក​កូនស្រី​បង្កើត​របស់​កវីនិពន្ធ​គ​ង្គ ប៊ុ​ន​ឈឿ​ន គឺ​អ្នក​នាង ប៊ុ​ន​ឈឿ​ន សូ​រី​ដា ជា​តារា​សម្តែង​ដែល​មាន​ភាព​ស្រគត់ស្រគុំ​មួយ​រូប ហើយ​បាន​ចាប់​ឈោង​ភាព​ល្បី​ក្នុង​វិស័យ​ខ្សែភាពយន្ត​នា​សម័យ​នោះ​តាម​រយៈ​រឿង​«​នាង​រំសាយសក់​»​។ បច្ចុប្បន្ន​អ្នក​នាង​សូ​រី​ដា កំពុង​កសាង​ជីវិត​ថ្មី​នៅ​ក្នុង​ប្រទេស​ន័​រ​វ៉េ​សន៍ ដោយ​មាន​អាជីព​ជា​អ្នក​ថែទាំ​មនុស្ស​ចាស់​នៅ​ក្នុង​មជ្ឈមណ្ឌល​មួយ ។

ចំពោះ​អតីត​តារា​ស្រី​ផ្សេង​ទៀត​ជំនាន់​លោក​ខៃ ប្រ​សិ​ដ្ឋ គេ​មិន​បានដឹង​ទេ​ថា តើ​រស់នៅ​ទីណា និង​ចាប់​អាជីព​អ្វី​ឡើយ​ដោយ​ស្ងប់​ស្ងាត់បាត់​ដំណឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ