ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ពន្ធគយ​ពីមុខ​ទំនិញ​យានយន្ត​កើនឡើង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​លើក​ឡើង​ថា នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​​ពន្ធ​បាន​ប្រមាណ​៤​ពាន់​ប៊ី​លាន​រៀល ឬ​ប្រមាណ​១.១៧២​លាន​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​លើក​ឡើង​ថា នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​​ពន្ធ​បាន​ប្រមាណ​៤​ពាន់​ប៊ី​លាន​រៀល ឬ​ប្រមាណ​១.១៧២​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ ចំណូល​ពន្ធ​ពី​យានយន្ដ​មាន​កំណើន​៤០,៥% ដែល​កំពុង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​រួមចំណែក​ប្រមាណ​៤២%​នៃ​ចំណូល​សរុប ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គយ និង​រដ្ឋាករ​ប្រចាំឆមាស​ទី​១ កាលពី​ថ្ងៃ​ទី​១៧ កក្កដា លោក​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គ​នាយក​​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែង​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ចំណូល​សរុប​ដែល​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មាន​ប្រមាណ​​៤.៧៣៦​ប៊ី​លាន​រៀល ឬ​ប្រមាណ​ជា​១.១៧២​លាន​ដុល្លារ​អា​មេ​រិ​ក ។ តួលេខ​ចំណូល​នេះ​ត្រូវជា​ប្រមាណ ៥៦,៧% នៃ​ផែនការ​ដែល​កំណត់​ដោយ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៨​។

បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៧ ចំណូល​នេះ​កើនឡើង​ប្រមាណ​២៧,៨% ដែល​ក្នុង​នោះ ចំណូល​ពីមុខ​ទំនិញ​យានយន្ត​មាន​កំណើន ៤០,៥%, មុខទំនិញ​ប្រេង និង​ថាមពល កើនឡើង​១០,៥%, គ្រឿងសំណង់​កើនឡើង ២៦,៦% និង​មុខទំនិញ​ចម្រុះ​ផ្សេង​ទៀត​មាន​កំណើន​២៧% ។

លោក​បន្ដ​ថា ៖« កំណើន​នេះ គឺ​ដោយសារ​កត្តា​មួយ​ចំនួន ក្នុង​នោះ​កត្តា​សំខាន់ គឺ​ស្ថិរ​ភាព​​នយោបាយ​ក្នុង​ប្រទេស ដែល​ជា​មូលដ្ឋាន​គ្រឹះ​គាំទ្រ និង​ធានា​ប្រក្រតី​ភាព​នៃ​សកម្ម​ភាព​ពាណិជ្ជកម្ម វិនិយោគ ផលិតកម្ម សេវាកម្ម និង​ការ​ប្រើប្រាស់​ជា​ទូទៅ ដែល​ប្រការ​ទាំងនេះ បាន​ជំរុញ​ឲ្យ​មាន​កំណើន​ការ​នាំ​ចូល​មុខទំនិញ​ផ្សេង​ៗ ឆ្លើយ​តប​នឹង​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ក្នុងស្រុក » ។

អគ្គនាយក​ក្រុមហ៊ុន RMA លោក ង​ន សាំង បាន​មាន​ប្រសាសន៍​ថា ៖« ជា​ទូទៅ ការ​លក់​រថយន្ត​នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨​នេះ ឃើញ​ថា មានការ​កើនឡើង​គ្រប់​គ្នា ។ សម្រាប់​ខាង​ខ្ញុំ ក៏​កើនឡើង​ប្រហាក់ប្រហែល​២០% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧»។

លោក​បន្ត​ថា ការ​លក់​រថយន្ត​កើនឡើង​ប្រចាំឆមាស​ទី​១​នេះ​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា​មាន​​តម្រូវការ​ប្រើប្រាស់​រថយន្ត​កើនឡើង​, ពលរដ្ឋ​មាន​ចំណូល ឬ​មាន​សមត្ថភាព​ក្នុង​ការ​ទិញ​រថយន្ត​ថ្មី និង​ពលរដ្ឋ​កម្ពុជា​មានការ​យល់​ដឹង​ទៅ​លើ​ការ​ប្រើប្រាស់​រថយន្ត ។ កាល​ណា​​គាត់​ទិញ​យក​ទៅ​ប្រើ គឺ​ធ្វើ​ឱ្យ​គាត់​មាន​សុវត្ថិភាព​ខ្ពស់ និង​ចំណាយ​លើ​ការ​ថែទាំ​អស់ប្រាក់​តិច​ជាង​រថយន្ត​ជជុះ ។

លោក​បន្ថែម​ថា នៅ​ក្នុង​ឆមាស​ទី​១​នេះ ក្រុមហ៊ុន​សម្រេច​បានការ​លក់​រថយន្ត​ប្រហែល​១​ពាន់​គ្រឿង ហើយ​រំពឹង​ថា នៅ​ឆមាស​បន្ទាប់​នឹង​នៅ​តែ​ទទួល​បាន​កំណើន​ដូច​ឆមាស​ទី​១​ដែរ ខណៈ​ការ​លក់​រថយន្ត​កាលពីមុន ទទួល​បាន​ចំណាត់ថ្នាក់​នាំមុខ​គេ​នៅ​លើ​ទីផ្សារ​កម្ពុជា ។

តាម​របាយការណ៍​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ គិត​ត្រឹម​ដំណាច់ខែ​មិថុនា​ឆ្នាំ​នេះ ចំនួន​យានយន្ត​គ្រប់​ប្រភេទ​ដែល​កំពុង​ចរាចរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​កើនឡើង​ដល់​ជាង​២​លាន​១​សែន​៩​ម៉ឺន​គ្រឿង ។ ដោយឡែក​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ចំនួន​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ជិត​១​លាន​គ្រឿង និង​ម៉ូតូ​ប្រមាណ​ជាង​៦​លាន​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ