ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ណាស់​! រឿង​ចាប់​លែង​ៗ… អ្នក​ឡើង​បាន​តែ​បេះ ឯ​អ្នក​ប្រឡេះ​ស៊ី​បែក​ពោះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ត្រាក់ទ័រ​១​គ្រឿង ក្នុង​ចំណោម​៣​គ្រឿង​ត្រូវ​បាន​លោក​មេឃុំ​ឆ្នុកទ្រូ សហ​ការ​ជាមួយ នគរបាល ប្រជា​ការពារ កងរាជអាវុធហត្ថ ស្ទាក់​ចាប់​បាន​នៅ​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃ​ទី…

ខេត្តកំពង់ឆ្នាំង ៖ ត្រាក់ទ័រ​១​គ្រឿង ក្នុង​ចំណោម​៣​គ្រឿង​ត្រូវ​បាន​លោក​មេឃុំ​ឆ្នុកទ្រូ សហ​ការ​ជាមួយ នគរបាល ប្រជា​ការពារ កងរាជអាវុធហត្ថ ស្ទាក់​ចាប់​បាន​នៅ​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃ​ទី ១៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ព្រំប្រទល់​ភូមិ​សេះ​ស្លាប់ និង​ភូមិ​កំពង់​អួរ ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ខណៈ​ដែល ត្រាក់ទ័រ​ទាំងនោះ កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​តំបន់ ៣ ដែល​ជា​តំបន់ហាមឃាត់​។

យ៉ាង​នេះ​ក្តី លោក​មេឃុំ​ដែល​ដឹកនាំ​ការ​បង្ក្រាប​ខាងលើ​មានការ​ព្រួយបារម្ភ ខ្លាច​មានការ​ដោះ​លែង​ដូច​កាល​គ្រា​មុន​ៗ​ទៀត ។

លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​១៧​ខែកក្កដា នេះ​ថា លោក​បាន​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច នគរបាល ប៉េ​អឹ​ម ចុះ​ទៅ​ឃាត់​ចាប់​ត្រាក់ទ័រ ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​តំបន់​​ដី តំបន់​៣ ក្នុងភូមិ​សាស្ត្រ​ភូមិ​សេះ​ស្លាប់ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​សមត្ថកិច្ច​ទៅ​ដល់​អ្នក​បើក​ត្រាក់ទ័រ​ទាំងនោះ​ដឹងខ្លួន​ទាន់ បាន​បើក​រត់​អស់ តែ​ពេល​នោះ​សមត្ថកិច្ច ស្ទាក់​ចាប់​បាន​១​គ្រឿង ក្នុង​ចំណោម​ត្រាក់ទ័រ​៣​គ្រឿង​នៅ​ចំណុច​ភូមិ​កំពង់​ភូមិ​កំពង់​អួរ រួម​ជា​មួយនឹង​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ១ គ្រឿង​ទៀត ដែល​បើកបរ​ដោយ​ម្ចាស់​ត្រាក់ទ័រ​ខាងលើ និង​មាន​មន្ត្រី​បរិស្ថាន​មួយ​រូប​ទៀត​ផង​ដែរ ចំណែក​កម្មករ​បើកបរ​មានឈ្មោះ នួន សុ​ណា​ល់ ។ ក្រោយ​ពេល​ធ្វើ​សកម្មភាព​ឃាត់​បាន​ហើយ ក៏​បាន​នាំ​មក​កាន់​សាលាស្រុក​បរិបូ​ណ៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

លោក​បាន​បញ្ជាក់​ថា ម្ចាស់​ត្រាក់ទ័រ​ខាងលើ​មានឈ្មោះ ស សា​រ៉​ន ជា​កូន​របស់​ឈ្មោះ ស ប៊ុ​ន​ធឿ​ន ។ នៅ​ពេល​ចាប់​ឃាត់​ត្រាក់ទ័រ​ខាងលើ ឈ្មោះ ស សា​រ៉​ន បាន​តាំងខ្លួន​ជា​អ្នក​ភ្នាក់​ងារ​កាសែត KHMER READ (​ខ្មែរ​អាន​) ហើយ​បាន​យក​កាមេរ៉ា​ចេញពី​ក្នុង​រថយន្ត​មក​ថតរូប​លោក​ទៀត​ផង ។ តែ​យ៉ាងនេះ​ក្តី លោក​បាន​នាំ​មក​កាន់​សាលាស្រុក​បរិបូ​ណ៍ ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​ធ្វើ​កំណត់ហេតុ​សាកសួរ​តាម​នីតិវិធី ។

ទោះ​យ៉ាងនេះ​ក្តី លោក​មានការ​ព្រួយបារម្ភ​ថា ត្រាក់ទ័រ​ល្មើសច្បាប់​ខាងលើ អាច​នឹង​ត្រូវ​ធ្វើ​ការ​ដោះ​លែង​ទៅ​វិញ ដូច​កាល​គ្រា​មុន​ៗ ទៀត​។ គឺ​លើក​ទី​១ កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ លោក​បាន​ដឹកនាំ​សមត្ថកិច្ច​ចាប់​បាន​២​គ្រឿង​, លើក​ទី​២ ចាប់​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៨ ចាប់​បាន​១​គ្រឿង ។ ទាំង​ពីរ​លើក គឺ​ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ​ទាំង​អស់ ចំណែក​លើ​ទី​៣ គឺ​ចាប់​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ នេះ ។

ហេតុ​ដូចនេះ​ហើយ ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ឃុំ សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ មន្ត្រី​ជំនាញ និង​ស្ថាប័ន​តុលាការ សូម​ចាត់ការ​ម្ចាស់​ត្រាក់ទ័រ​នេះ​ទៅ​តាម​ផ្លូវច្បាប់ ។ សង្ស័យ​ផលប្រយោជន៍​ធំ​ណាស់​បានជា​ចាប់​លែង​ៗ …. ។

ព័ត៌មាន​ពិស្តា​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ