ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​ខ្មែរ​ត្រូវ​ប្រយ័ត្ន​នៅ​ក្នុង​ការ​ជ្រើសរើស​អ្នកបកប្រែ នៅ​ពេល​ទៅ​ពិនិត្យ និង​ព្យា​បាល​​​ជំងឺ​នៅ​បរទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

បាងកក ៖ អ្នកជំនាញ​បាន​និយាយ​ថា ប្រជាជន​ខ្មែរ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ក្រៅ​ប្រទេស​ត្រូវ​ប្រយ័ត្ន​នៅ​ក្នុង​ការ​ជ្រើសរើស​អ្នកបកប្រែ ពីព្រោះ​ការ​ទំនាក់ទំនង​មិន​យល់​ច្បាស់​អំពី​ស្ថានភាព​ជំងឺ​និង​របៀប​ព្យា បាល​អាច​ធ្វើ​អោយ​មាន​បញ្ហា​ដល់​ការ​សម្រេចចិត្ត និង​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​។ ការ​យល់​ច្បា​ល់​ពី​បញ្ហា​របស់​អ្នកជំងឺ​នឹង​ជួយ​ដល់​គ្រូពេទ្យ​នៅ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ ហើយ​​ការ​យល់​ច្បាស់​អំពី​ដំណើរការ​ព្យាបាល…

បាងកក ៖ អ្នកជំនាញ​បាន​និយាយ​ថា ប្រជាជន​ខ្មែរ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ក្រៅ​ប្រទេស​ត្រូវ​ប្រយ័ត្ន​នៅ​ក្នុង​ការ​ជ្រើសរើស​អ្នកបកប្រែ ពីព្រោះ​ការ​ទំនាក់ទំនង​មិន​យល់​ច្បាស់​អំពី​ស្ថានភាព​ជំងឺ​និង​របៀប​ព្យា បាល​អាច​ធ្វើ​អោយ​មាន​បញ្ហា​ដល់​ការ​សម្រេចចិត្ត និង​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​។

ការ​យល់​ច្បា​ល់​ពី​បញ្ហា​របស់​អ្នកជំងឺ​នឹង​ជួយ​ដល់​គ្រូពេទ្យ​នៅ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ ហើយ​​ការ​យល់​ច្បាស់​អំពី​ដំណើរការ​ព្យាបាល និង​ការ​ផ្តល់​យោបល់​ពី​គ្រូពេទ្យ​នឹង​ជួយ​ដល់​ការ​សម្រេចចិត្ត​របស់​អ្នកជំងឺ​និង​ជួយ​ដល់​អោយ​ការ​ព្យាបាល​កាន់តែ​មាន​ប្រសិទ្ធ​ភាព​តាម​រយៈ​ការ​អនុវត្តន៍​ពេញលេញ​រាល់​ការ​ផ្តល់​យោបល់​ដោយ​គ្រូពេទ្យ​។ ដូច្នេះ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​មាន​ប្រសិទ្ធភាព​រវាង​គ្រូពេទ្យ និង​អ្នកជំងឺ​គឺ​មាន​សារសំខាន់​ណាស់​។ ក្នុង​ន័យ​នេះ អ្នកបកប្រែ​នឹង​ដើរតួ​នាទី​សំខាន់​សម្រាប់​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស​។

ដើម្បី​ជួយ​ឲ្យ​លោក​អ្នក​ធ្វើ​ដំណើរ​ទេសចរណ៍​សុខភាព​កាន់តែ​រីករាយ ទទួល​បាន​នូវ​ភាព​កក់ក្តៅ ការ​ចំណាយ​ត្រូវ​ទិស​ដៅ​ប្រកបដោយ​ប្រសិទ្ធភាព និង​បានដឹង​ច្បាស់​ពី​ស្ថាន​ភាព​ជំងឺ​និង​វិធី​ដែល​គ្រូពេទ្យ​ជំនាញ​ព្យាបាល ការ​បំបាត់​ចោល​រនាំង​ភាសា (language barricade) គឺជា​ការ​ចាំបាច់​បំផុត ។

ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​ជួយ​សម្រួល និង​ទាក់ទាញ​ទេសចរណ៍​សុខភាព​ពី​បរទេស​ក៏​ដូច​ជា​អ្នកទេសចរ​សុខភាព (Medical Tourists) ពី​ប្រទេស​កម្ពុជា មន្ទីរពេទ្យ​ឈាន​មុខ​ជា​ច្រើន​នៅ​ប្រទេស​ថៃ ជា​ពិសេស​ទីក្រុង​បាងកក បាន​បង្កើត​ជា​សេវាកម្ម​ពិសេស ដោយ​មាន​ក្រុម​គ្រូពេទ្យ និង​ជនជាតិ​ខ្មែរ បម្រើ​ការ​ជា​អ្នកបកប្រែ​ភាសា​ខ្មែរ​-​ថៃ ប្រចាំ​មន្ទីរពេទ្យ​របស់​ខ្លួន​តែ​ម្តង ដែល​ក្នុង​នោះ​គឺ​មាន​ដូច​ជា​មន្ទីរពេទ្យ​សណ្ឋាគារ​លំដាប់​ផ្គា​យ ៥ Bumrungrad International Hospital, មន្ទីរពេទ្យ​បាងកក (Bangkok Hospital), មន្ទីរ​ពេទ្យ Central General Hospital (CGH), មន្ទីរពេទ្យ Phyathai 3 Hospital, មន្ទីរពេទ្យ ចូឡា​រ៉ាត់ 3 ( Chularat 3 International Hospital) ជាដើម​។ កោះសន្តិភាព​សូម​ណែនាំ​គ្រូពេទ្យ និង​អ្នកបកប្រែ​ភាសា​ខ្មែរ​-​ថៃ​ប្រចាំ​នៅ​មន្ទីរពេទ្យ​មួយ​ចំនួន​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ ។

១- លោក​វេជ្ជបណ្ឌិត ជាង ច័ន្ទ​ដា​រិ​ទ្ធ ៖ បច្ចុប្បន្ន​បម្រើ​ការ​នៅ​មន្ទីរពេទ្យ Bumrungrad International Hospital ក្នុង​តួនាទី​ជា​អ្នកសម្របសម្រួល (Coordination Physician) ។ លោក​វេជ្ជបណ្ឌិត ជាង ច័ន្ទ​ដា​រិ​ទ្ធ ថ្លែង​ឲ្យ​ដឹង​ថា នៅ​មន្ទីរពេទ្យ Bumrungrad International Hospital បាន​រៀបចំ​ការិយាល័យ​មួយ​ដែល​មានឈ្មោះ​ថា Medical Coordination Office (MCO) ឬ​ការិយាល័យ​សម្របសម្រួល​វេជ្ជសាស្ត្រ​សម្រាប់​អ្នកជំងឺ​អន្តរជាតិ ។

សម្រាប់​មន្ទីរពេទ្យ Bumrungrad International Hospital គឺ​មាន​វេជ្ជបណ្ឌិត​ខ្មែរ ១ រូប (វេជ្ជបណ្ឌិត ជាង ច័ន្ទ​ដា​រិ​ទ្ធ​) អ្នកសម្របសម្រួល​មួយ​រូប និង​អ្នកបកប្រែ​ជា​ជនជាតិ​ខ្មែរ ១១ រូប​ដូច្នេះ​សរុប​មាន ១២ រូប​ដែល​បម្រើ​ការ​នៅ Bumrungrad International Hospital ។

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា​៖ «​ទាក់ទង​នឹង​ការងារ​របស់ខ្ញុំ​នោះ គឺ​ទាក់ទង​នឹង​ការ​សម្រប​សម្រួល​ដល់​អ្នកជំងឺ​ខ្មែរ​ដែល​មក​មន្ទីរពេទ្យ Bumrungrad ។ គឺ​បាន​ន័យ​ថា ក្នុង​ករណី​ដែល​​អ្នកជំងឺ​គាត់​មិន​យល់​ច្បាស់​ពី​ជំងឺ​គាត់ ដោយសារ​ទាក់ទង​នឹង​ភាសា ឬ​ក៏​ដោយ​សារ​​តែ​បញ្ហា​ទាក់ទង​នឹង​បច្ចេកទេស អ​ញ្ចឹ​ង​ខ្ញុំ​ត្រូវ​ពន្យល់​អ្នកជំងឺ​ឲ្យ​យល់​ច្បាស់​ទាក់ទង​នឹង​ជំងឺ​របស់​គាត់ ជា​ពិសេស​គឺ​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ឲ្យ​គាត់​ត្រូវ​សម្រាក​ពេទ្យ​»​។ លោក​និយាយ​ទៀត​ថា ជា​ទូទៅ​អ្នកជំងឺ​ដែល​ត្រូវ​សម្រាក​ពេទ្យ នឹង​ត្រូវ​គ្រូពេទ្យ​ពន្យល់​ច្បាស់​អំពី​ជំងឺ ការ​ព្យ​បាល និង រយ​:​ពេល​នៃ​ការ​ព្យាបាល​។

២- លោក ម៉ា​ន់ ធី​រិ​ទ្ធិ​៖ បម្រើ​ការ​នៅ​មន្ទីរពេទ្យ​ឈានមុខ Bumrungrad International Hospital ជាង ១១​ឆ្នាំ ដែល​បច្ចុប្បន្ន​រូប​លោក គឺ​មាន​តួនាទី​ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​អ្នកជំងឺ​បរទេស ។ រៀបរាប់​ប្រាប់​កោះសន្តិភាព​ពី​ទីកន្លែង​ដែល​លោក​បម្រើ​ការងារ លោក ម៉ា​ន់ ធី​រិ​ទ្ធិ បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​ពេល​រូប​លោក​ដាក់​ពាក្យ​មក​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​ឈានមុខ​គេ​នៅ​បាងកក​នេះ គឺ​រូប​លោក​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ច្រើន ព្រោះ​ខាង​មន្ទីរពេទ្យ​តម្រូវ​ឲ្យ​ចប់​បរិញ្ញាប័ត្រ​យ៉ាងតិច ឬ​ចេះ​ភាសា​មួយ​ច្បាស់លាស់ (​ភាសា​ថៃ ឬ​ភាសា​អង់គ្លេស​) ហើយ​បើសិនជា​មាន background ធ្លាប់​សិក្សា​ខាង medical គឺ​កាន់តែ​ប្រសើរ ។

បុរស​ខ្មែរ​រូប​នេះ​បាន​បន្ត​ទៀត​ថា មុន​មក​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ Bumrungrad International Hospital លោក ម៉ា​ន់ ធី​រិ​ទ្ធិ ជា​អតីត​គ្រូបង្រៀន​ភាសា​ថៃ​នៅ​ភ្នំពេញ​ជាង ៥ ឆ្នាំ​។ បន្ទាប់​ពី​លោក​ដាក់​ពាក្យ​មក​ធ្វើការ​នៅ Bumrungrad International Hospital លោក​ត្រូវ​បាន​ខាង​មន្ទីរ​ព​ទ្យ​បណ្តុះបណ្តាល​បន្ថែម​ទៀត​លើ​ជំនាញ «​ពាក្យពេចន៍​វេជ្ជ​សាស្ត្រ​» ដែល​ហៅ​ថា Medical Terms របស់​ពេល ៤ ខែ​។ វគ្គ​បណ្តុះបណ្តាល​បំពាក់​បំប៉ន នេះ​ទៀត​សោត មិនមែន​សម្រាប់​តែ​រូប​លោក​ម្នាក់​នោះ​ទេ មាន​ន័យ​ថា​គ្រប់​អ្នក​បក​ប្រែ​ភាសា​ទាំងអស់​ទាំង​បារាំង និង​ភាសា​អា​រ៉ាប់​ជាដើម មិន​ថា​ភាសា​ខ្មែរ​-​ថៃ​នោះ​ទេ គឺ​ត្រូវ​ទទួល​ការ​បណ្តុះបណ្តាល​វគ្គ Medical Terms ហើយ​ក៏​ត្រូវ​ប្រឡង​ឲ្យ​ជាប់​វគ្គ​បណ្តុះ​ប​ណ្តាល​នេះ​ផង​ដែរ ដើម្បី​ឲ្យ​អ្នកបកប្រែ​យល់​ច្បាស់​ពី​ពាក្យ​គន្លឹះ​នៃ​វិស័យ​វេជ្ជសាស្ត្រ ការ​វិភាគ​លើ​រាង​កាយ​មនុស្ស រៀន​ពី​ជំងឺ លក្ខណៈ​នៃ​ជំងឺ ដើម្បី​ឲ្យ​ការ​បកប្រែ​ភាសា​ជូន​អ្នកជំងឺ គឺ​ចំ​ៗ​ជំងឺ មិនមែន​មិន​ច្បាស់លាស់​នោះ​ទេ ។

​លោក ម៉ា​ន់ ធី​រិ​ទ្ធិ បញ្ជាក់​ថា ការ​បណ្តុះបណ្តាល​បំប៉ន​ដល់​អ្នកបកប្រែ​នូវ​វគ្គ Medical Term រយៈពេល ៤ ខែ និង​មានការ​ចេញ​នូវ Certificate បញ្ជាក់​នេះ គឺជា​លក្ខណៈ​ពិសេស​របស់​មន្ទីរពេទ្យ Bumrungrad International ។​

៣- លោក ថាវ ថា​ច ៖ លោក ថាវ ថា​ច ហៅ Mac មាន​វ័យ ២៨ ឆ្នាំ កំពុង​បម្រើ​ការ​ជា​ប្រចាំ​នៅ​មន្ទីរពេទ្យ Phyathai 3 Hospital ប្រមាណ​ជាង ១ ឆ្នាំ​មក​ហើយ​។ សម្រាប់​បុរស​វ័យ​ក្មេង​ដែល​មាន​តួនាទី​ជា​អ្នកបកប្រែ​ភាសា​ខ្មែរ​-​ថៃ ជា​ប្រចាំ​នៅ​មន្ទីរពេទ្យ Phyathai 3 Hospital បាន​ឲ្យ​ដឹង​ថា រូប​លោក​បាន​បម្រើ​ការងារ​ជា​អ្នក​ប្រែភាសា​នៅ​មន្ទីរពេទ្យ​ជា​ច្រើន​​ឆ្នាំ​មក​ហើយ សម្រាប់​ទីកន្លែង​បច្ចុប្បន្ន​ដែល​ប្អូន​បម្រើ​ការងារ គឺជា​មន្ទីរពេទ្យ​ទី​៣ ។ ការងារ​ស្នូល​របស់​លោក គឺ​ត្រូវ​ជួយ​សម្រប​ស្រួល​បកប្រែ​ជូន​បងប្អូន​ខ្មែរ ឲ្យ​បានដឹង​អំពី​ប្រភេទ​ផ្សេង​ៗ​នៃ​សុខភាព​ដែល​បងប្អូន​ត្រូវ​ពិនិត្យ ក៏​ដូច​ជា​ជួយ​សម្រួល​ឯកសារ និង​ស្ថានភាព​ជំងឺ​។ ជា​ពិសេស​ប្រសិនបើ​បងប្អូន​មាន​បញ្ហា​លើ​តម្លៃ​នៃ​ការ​ពិនិត្យ និង​ព្យាបាល​គឺ​រូប​លោក​ជួយ​សម្រួល​ខាង​មន្ទីរពេទ្យ​ដើម្បី​បាន​ទទួល​ការ​បញ្ចុះតម្លៃ​ផ្នែក​ណាមួយ ។

៤- លោក ភាព សុ​ផា ៖ ប្រធាន​គ្រប់គ្រង​អភិវឌ្ឍន៍​ផ្នែក​ទីផ្សារ​កម្ពុជា​នៃ​មន្ទីរពេទ្យ​ចូឡា​រ៉ាត់ ៣ ដែល​ជា​មន្ទីរពេទ្យ​ឯកជន​មួយ​មា​នទី​តាំងនៅ​ជាយក្រុង​បាងកក ឬ​ចម្ងាយ​ប្រមាណ​​ត្រឹម ២០ គីឡូម៉ែត្រ​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សុវណ្ណ​ភូមិ បាន​ឲ្យ​ដឹង​ថា នៅ​មន្ទីរពេទ្យ​របស់​លោក គឺ​មាន​ជនជាតិ​ខ្មែរ ២ រូប​បម្រើ​ការងារ​ជា​អ្នកបកប្រែ​ភាសា​ខ្មែរ​-​ថៃ ជូន​អតិថិជន​ពី​ប្រទេស​កម្ពុជា ដែល​អ្នកជំងឺ​ពី​កម្ពុជា​ភាគច្រើន គឺ​កើត​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា ជំងឺ​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល ជំងឺ​ស្ទះ​សរសៃឈាម​បេះ និង​ជំងឺ​ក្រពះ ពោះវៀន ។

មានស្រុក​កំណើត​នៅ​ស្រុក​មោងឫស្សី នៃ​ទឹកដី​ខេត្តបាត់ដំបង លោក ភាព សុ​ផា បាន​វិ​វត្ត​ខ្លួន​ពី​អ្នកបកប្រែ​ភាសា​ខ្មែរ​-​ថៃ​ទៅ​ជា​ប្រធាន​គ្រប់គ្រង​អភិវឌ្ឍន៍​ផ្នែក​ទីផ្សារ​កម្ពុជា​នៃ​មន្ទីរពេទ្យ​ចូឡា​រ៉ាត់ ៣ ទីកន្លែង​ដែល​លោក​បាន​បំពេញការងារ​ជួយ​បកប្រែ​ជូន​បងប្អូន​ខ្មែរ​ទៅ​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​លោក​បម្រើ​ការងារ​រាប់រយ​នាក់​មក​ហើយ ។ សម្រាប់​មន្ទីរពេទ្យ​លោក​បម្រើ​ការ គឺ​មាន​អ្នកបកប្រែ​ភាសា​ខ្មែរ​-​ថៃ​ចំនួន ២ រូប គឺ​រូប​លោក​ផ្ទាល់ និង​អ្នក​នាង ផល សោ​ភ័​ណ្ឌ ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គិលានុបដ្ឋាយិកា​នៅ​ប្រទេស​ថៃ​បម្រើ​ការងារ​នៅ​ទីនោះ​ក្នុង​តួនាទី​ជា​ជំនួយការ​ពេទ្យ និង​អ្នកបកប្រែ​ភាសា​ខ្មែរ​-​ថៃ ជូន​អ្នកជំងឺ​ខ្មែរ​នៅ​មន្ទីរពេទ្យ​ចូឡា​រ៉ាត់ ៣ ។

លោក ភាព សុ​ផា មាន​ប្រសាសន៍​ផ្តាំផ្ញើ​បងប្អូន​ខ្មែរ​ដែល​ចង់ទៅ​ទទួល​ការ​ពិនិត្យ​ព្យា​បាល​​នៅ​ក្រៅប្រទេស​ថា កន្លង​មក​គឺ​មាន​បញ្ហា​មួយ​ចំនួន​នៃ​ការ​ចាយវាយ​អស់​ច្រើន​លើ​សេវាកម្ម​អ្នក​បក​ភាសា​ខ្មែរ​-​ថៃ ជា​លក្ខណៈ​ឯកជន មិនមែន​ជា​អ្នកបកប្រែ​ប្រចាំ​មន្ទីរ​ពេទ្យ ។ ដូច្នេះ​ការ​មក​ពិនិត្យ និង​ព្យាបាល​នៅ​ក្រៅប្រទេស ជា​ពិសេស​ប្រទេស​ថៃ បង​ប្អូន​ខ្មែរ​គួរ​ទាក់ទង​ផ្ទាល់​មក​កាន់​មន្ទីរពេទ្យ ព្រោះ​មន្ទីរពេទ្យ​ភាគច្រើន​សុទ្ធតែ​មាន​អ្នក​បកប្រែ​ភាសា​ខ្មែរ​-​ថៃ​ប្រចាំ​នៅ​មន្ទីរពេទ្យ​នីមួយ​ៗ បើសិនជា​ទាក់ទង​យក​អ្នក​ប្រែ​ពី​ខាង​ក្រៅ​បងប្អូន​អាច​ត្រូវ​អ្នកបកប្រែ​គិតថ្លៃ​សេវាក​បកប្រែ​ភាសា​បន្ថែម ខណៈ​ការ​បកប្រែ​ភាសា​ខ្មែរ​-​ថៃ​ដោយ​អ្នកបកប្រែ​ប្រចាំ​មន្ទីរពេទ្យ គឺ​មិន​មាន​គិត​សេវា​ខាងក្រៅ​ទេ គឺ​មាន​ក្នុង​កញ្ចប់​ពិនិត្យ​សុខភាព និង​ព្យាបាល​សុខភាព​តែ​ម្តង​។

លោក រ៉ា​តា​ពង្ស អាម​ផា​ន​វង្ស ( Ratapong Ambhanwong) អនុប្រធាន​មន្ទីរពេទ្យ Bangkok Hospital ដែល​ជា​មន្ទីរពេទ្យ​កម្រិត​ខ្ពស់​មួយ​នៅ​ចំ​កណ្តាល​ក្រុង​បាងកក មាន​ប្រសាសន៍​ថា សម្រាប់​បងប្អូន ដែល​ធ្វើ​ដំណើរ​កំសាន្ត​ទេសចរណ៍​សុខភាព​កម្ពុជា​ទៅ​ប្រទេស​ថៃ គឺ​មិន​ចាំបាច់​ជួល​អ្នកបកប្រែ​ភាសា​នោះ​ទេ ដោយសារ​តែ​មន្ទីរពេទ្យ​របស់​លោក គឺ​មាន​ជនជាតិ​ខ្មែរ​បម្រើ​ការងារ​ជា​អ្នកបកប្រែ​ភាសា​ខ្មែរ​-​ថៃ ចំនួន ១០ នាក់ ឬ​ចំនួន​សរុប ១៥០ នាក់​សម្រាប់​ការ​បកប្រែ ៣៦ ភាសា​ប្រចាំ​នៅ​មន្ទីរពេទ្យ Bangkok Hospital ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ