ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ប្រវត្តិ​កម្សត់​របស់​ជា សំនៀង ក្រោយ​ល្បីឈ្មោះ​ក្នុង​អាជីព​ប្រដាល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គ្មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ណា​ម្នាក់ មិន​ស្គាល់​កីឡាករ ជា សំនៀង នោះ​ទេ ដោយសារ​តែ​លោក​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់៦៥​គីឡូក្រាម​របស់​ក្រុមហ៊ុន​មួយ​ដែល​ឧបត្ថម្ភកម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គ្មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ណា​ម្នាក់ មិន​ស្គាល់​កីឡាករ ជា សំនៀង នោះ​ទេ ដោយសារ​តែ​លោក​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់៦៥​គីឡូក្រាម​របស់​ក្រុមហ៊ុន​មួយ​ដែល​ឧបត្ថម្ភកម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ ប៉ុន្តែ​នៅ​ពីក្រោយ​ភាព​ជោគជ័យ និង​កេរ្តិ៍ឈ្មោះ​ដែល​ទទួល​បាន​នេះ គេ​មិនដឹង​ពី​ដំណើរ​ជីវិត​លើ​វិ​ថី​ប្រដាល់​របស់​លោក​ជួបប្រទះ​រឿង​អ្វីខ្លះ​នោះ​ទេ ទើប​លោក​សម្រេចចិត្ត​លាតត្រដាង​ដោយ​មិន​លាក់លៀម​តាម​រយៈសារព័ត៌មាន​កោះសន្តិភាព​ ។

លោក ជា សំនៀង អ្នក​ប្រដាល់​មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ បាន​ថ្លែង​បញ្ជាក់​ថា លោក​មាន​ប្រវត្តិ​ឡើង​ប្រកួត​តាំងពី​អាយុ​២៧​ឆ្នាំ​ម្លេ​៉ះ ដោយសារ​តែ​ពេល​នោះ​លោក​ស្រឡាញ់​ពេក​ក៏​បាន​ចូល​ប្រកួត​នៅ​លើ​សង្វៀន​ក្នុងភូមិ​ដែល​ខ្លួន​រស់នៅ​ឯ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដោយ​ក្នុង​ពេល​នោះ​លោក​ត្រូវ​គេ​វាយ​ចង់​ងាប់​លើ​រេញ ហើយ​ទទួល​បាន​លុយ​តែ​៨​ពាន់​រៀល​ប៉ុណ្ណោះ ។ លោក​ថា ការ​ប្រកួត​នៅ​ក្នុង​ពេលនោះ ខ្លួន​មិន​បាន​ហ្វឹកហាត់​នោះ​ទេ តែ​ដោយសារ​តែ​ភាព​ក្លាហាន​ទើប​លោក​សម្រេចចិត្ត​ឡើងរេញ ។ បើ​ទោះជា​ក្នុង​ពេល​នោះ លោក​ទទួល​បរាជ័យ​ក៏​គ្រូបង្វឹក​ប្រចាំ​ភូមិ​មួយ​រូប​ជួយ​ណែនាំ​ឱ្យ​បាន​ឡើង​រេញ​ជា​បន្តបន្ទាប់ ។

ក្រោយមក​លោក​ក៏​ត្រូវ​បាន​លោក​ហង្ស សឺ​ន គ្រូបង្វឹក​ប្រចាំ​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ពេញចិត្ត​ឱ្យ​លោក​ក្លាយជា​សិស្ស ហើយ​យក​មក​បង្វឹក​ឱ្យ​បាន​ឡើង​សង្វៀន​ទូរទស្សន៍​រហូត​មានឈ្មោះ​បោះ​សំឡេង ។ លោក​ថា សប្បាយចិត្ត​ដែល​ការ​តស៊ូ​ទទួល​បាន​ជោគជ័យ ហើយ​ពេល​ទៅ​ណា​ម្ដង​ៗ ក៏​មាន​តែ​អ្នក​សរសើរ និង​គាំទ្រ ដែល​កាន់តែ​ធ្វើ​ឱ្យ​លោក​មាន​កម្លាំងចិត្ត​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់ ជា​ពិសេស​ក្រោយ​ពី​បាន​ទទួល​ខ្សែក្រវាត់​ជើងឯក​កាលពី​ប៉ុន្មាន​ខែ​មុន​គឺ​ធ្វើ​ឱ្យ​លោក​កាន់តែ​មាន​ទីផ្សារ​តែ​ម្ដង ។ លោក​ថា សោកស្ដាយ​ដែល​ក្នុង​ពេល​នេះ​លោក​មាន​វ័យ​៣៥​ឆ្នាំទៅ​ហើយ ដែល​ពិបាក​ឱ្យ​លោក​បន្ត​ការ​ប្រដាល់​បាន​ច្រើន​ឆ្នាំ​សម​នឹង​ចិត្ត​ស្រឡាញ់​ពេញចិត្ត ។ ទោះបី​យ៉ាងណា លោក​នឹង​ប្រឹង​តស៊ូ​នៅ​ក្នុង​អាជីព​មួយ​នេះ​រហូត​ដល់​អស់កម្លាំង​គាំទ្រ ដោយសារ​តែ​អាជីព​ប្រដាល់​គឺជា​អ្វី​ដែល​លោក​ស្រឡាញ់​ពេញចិត្ត​តាំងពី​តូច​ក្រូចឆ្មារ​។
លោក ជា សំនៀង បាន​រៀបរាប់​ពី​ប្រវត្តិ​របស់​ខ្លួន​ថា លោក​គឺជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​៣​នាក់ ប៉ុន្តែ​បងប្អូន​ទាំង​៣​របស់​លោក គឺ​សុទ្ធតែ​ជា​អ្នក​ដែល​មាន​ម្ដាយ​តែ​មួយ ឪពុក​ដទៃ ដោយសារ​តែ​ម្ដាយ​របស់​លោក​ជា​ស្ដ្រី​មេម៉ាយ​យក​ស្វាមី​ក្រោយ​ក៏​បាន​រូប​លោក ។ លោក​ថា ក្នុង​ចំណោម​បងប្អូន​របស់​លោក​អត់​មាន​ខ្សែ​អ្នក​ប្រដាល់​ទេ ប៉ុន្តែ​ឪពុក​ធ្លាប់​ប្រដាល់​ខ្លះ​ដែរ ទើប​លោក​យល់​ថា​ប្រហែលជា​មាន​ចំណូលចិត្ត​ដូច​ឪពុក​សម្រាប់​ការ​ប្រដាល់​របស់​ខ្លួន ។ លោក​ទទួល​បានការ​សិក្សា​ត្រឹមតែ​ថ្នាក់​ទី​៦​ប៉ុណ្ណោះ ក៏​ដើរ​ស៊ីឈ្នួល​គេ​រក​លុយ​មក​ជួយ​គ្រួសារ និង​ចិញ្ចឹម​ខ្លួន ដោយ​លោក​បញ្ជាក់​ថា ស្ថានភាព​រស់នៅ គឺ​មាន​សភាព​លំបាក​ខ្លាំង ។

មុន​ពេល​ចាប់​អាជីព​ជា​កីឡាករ​ប្រដាល់​លោកធ្វើ​ជា​កម្មករ​សំណង់ និង​ជា​កម្មករ​ដាំដំឡូង​នៅ​ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។ ក្រោយមក​ក៏​ចេះ​តែ​រសាត់អណ្ដែត​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ទម្រាំ​បាន​ត្រឡប់​មក​ស្រុក​វិញ ហើយ​បាន​ក្លាយជា​អ្នក​ប្រដាល់ ។ លោក​ថា ក្រោយ​ពេល​ប្រដាល់​បាន​មួយ​រយៈ លោក​ស្ថិត​ក្នុង​ស្ថានភាព​បាក់ជើង ហើយ​ក៏​ស​ម្រ​ច​ចិត្ត​ចូល​ធ្វើការ​រោងចក្រ ក្នុង​ពេល​ប្រកួត​អត់​កើត ខណៈ​ភរិយា​របស់​លោក​បាន​ទទូច​មិន​ឱ្យ​លោក​ចូល​ប្រដាល់​ទៀត​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​លោក​ស្រឡាញ់​ទើប​ត្រឡប់​មក​វិញ​។
លោក​បាន​រៀប​ការ​ជាមួយនឹង​ភរិយា​ដែល​បច្ចុប្បន្ន​ជា​កម្មការិនី​រោងចក្រ កាលពី​ឆ្នាំ​២០០៧ ដោយ​ទទួល​បានកូន​២​នាក់​ទុកជា​ចំណងដៃ គឺ​កូនស្រី​ច្បង​អាយុ​១១​ឆ្នាំ និង​កូនប្រុស​ពៅ​អាយុ​៣​ឆ្នាំ ។ មក​ទល់​ពេល​នេះ លោក​គឺជា​មន្ត្រី​ក្របខ័ណ្ឌ​ក្នុង​កងទ័ព​ឆត្រយោង​៩១១​ខាង​ផ្នែក​ប្រដាល់ ដោយ​ក្រៅពី​ប្រដាល់​លោក​ត្រូវ​អង្គភាព​ហៅ​មក​បំពេញការងារ​ជា​រឿយ​ៗ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រាក់ខែ និង​ប្រាក់​កម្រៃ ហើយ​ពេល​អត់​អ្វី​ធ្វើ គឺ​ទៅ​ជួយ​ធ្វើស្រែ​ម្ដាយ នៅ​ខេត្តកំពង់ស្ពឺ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ