ខេត្តបន្ទាយមានជ័យ ៖ មហាជនបានធ្វើការរិះគន់យ៉ាងចាស់ដៃលើសមត្ថកិច្ចឃុំសឿ ស្រុកមង្គលបូរី ដោយសារល្បែងមួយវង់យ៉ាងធំបើកលេងយ៉ាងអាណាធិបតេយ្យក្នុងភូមិអូរសឿ គ្មានអ្នកបង្ក្រាប។
ល្បែងខាងលើនេះ គឺអាប៉ោងមួយវង់យ៉ាងធំចាក់លេងម៉ាសេរីដែលមានអ្នកបាញ់អាប៉ោងឈ្មោះស៊ីឡៃ ភេទប្រុស ជាអ្នករស់នៅក្នុងឃុំកើតហេតុ។
ប្រភពពីអ្នកស្រុកនិយាយថា ល្បែងមួយវង់នេះបើកលេងជាយូរមកហើយ ហើយអ្នកញៀនល្បែងបានចូលទៅលេងទីនោះយ៉ាងគគ្រឹកគគ្រេង មានទាំងចាស់ មានទាំងក្មេង។ ហើយអ្នកបាញ់អាប៉ោងនៅទីនោះនិយាយថា ខ្លួនបានបង់ប្រាក់ឲ្យសមត្ថកិច្ចក្នុងមូលដ្ឋានអស់ហើយ។
ជុំវិញករណីខាងលើនេះ លោកពុល សារិន មេប៉ុស្តិ៍នគរបាលរដ្ឋបាលសឿ បានប្រាប់តាមទូរស័ព្ទថា ករណីខាងលើពិតជាកើតមានមែន។ លោកថា បានដឹងដែរ ប៉ុន្តែដោយសារមួយរយៈនេះមានការងារច្រើន ខាងលោករវល់ពេក។
យ៉ាងណាក៏ដោយលោកថា នឹងចុះបង្ក្រាបនៅពេលខាងមុខនេះ មិនបណ្តោយឲ្យករណីនេះបន្តកើតមានឡើយ ព្រោះវាប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕
ចែករំលែកព័តមាននេះ