ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានគេចាក់នឹងដែកឆាបដួលស្លាប់ភ្លាមៗ ពេលកំពុងផឹកស៊ីបានទាស់សម្តីគ្នាជាមួយជនដៃដល់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៨ ចំណុច ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ទុំ ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ អុី វាសនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ ។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ដែកឆាបចំនួន១ដើម ( ផ្លែដែកចុងស្រួចដងឫស្សី) និងម៉ូតូមួយគ្រឿង ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ ។
សាក្សីដែលបានឃើញហេតុការណ៍បានប្រាប់អោយដឹងថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យកំពុង
អង្គុផឹកស្រានៅក្បែរផ្ទះរបស់ឈ្មោះទូច ផល ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ដោយមានគ្នាចំនួន២នាក់ផ្សេងទៀត ក្នុងនោះ១-ឈ្មោះឃួន សុភ័ក្ត្រា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ និង២-ឈ្មោះម៉ៅ ហេឡូ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមសាក្សីឃើញហេតុការណ៍បានបន្តទៀតថា ពេលកំពុងអង្គុយផឹកស្រានោះ ជនរងគ្រោះបានដើរមកដល់រួចឈរផឹកស្រាជាមួយជនសង្ស័យបានមួយកែវ ពេលនោះជនសង្ស័យនិងជនរងគ្រោះក៏បានឈ្លោះប្រកែកគ្នា រួចក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក ពេលនោះឈ្មោះ ម៉ៅ ហេឡូ បានចូលទៅឃាត់ហើយបំបែកចេញពីគ្នា ។ ជនសង្ស័យបានឡើងជិះម៉ូតូចេញទៅបានចំងាយ១០ម៉ែត្រក៏ឈប់ម៉ូតូរួចស្ទុះចូលទៅរកជនរងគ្រោះម្តងទៀត ដោយយកដែកឆាបពីចង្កេះទៅចាក់លើជនរងគ្រោះចំដងខ្លួន ក្រោមក្លៀកខាងឆ្វេង បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ ។
ក្រោយពីចាក់ជនរងគ្រោះរួចហើយ ជនសង្ស័យបានបោះចោលដែកឆាបនៅក្បែរកន្លែងកើតហេតុ រួចឡើងជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក តែដោយសាររបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់មុនពេលបញ្ជូនមកដល់មន្ទីរពេទ្យ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កំលាំងប៉ុស្តិ៍សហការជាមួយកំលាំងជំនាញបានចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ