ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​មួយ​ចំនួន​លំបាក​ប្រមូល​ផលដំណាំ និង​តម្លៃ​ធ្លាក់​ចុះ​ខណៈ​នៅ​តែ​ភ្លៀង​ធ្លាក់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​នា​ឆ្នាំ​២០១៨​នេះ​មាន​ភ្លៀង​ធ្លាក់​តាំងពី​ដើមខែ​រហូត​មក​ដល់​ពេល​នេះ​ស្ទើរតែ​មិន​ទាន់​អស់​នៅឡើយ​ទេ ។ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​អាកាសធាតុ​ចាប់ផ្តើម​ស្រឡះ​ល្អ ហើយ​មេឃ​ក៏​រាំង​បាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ និង​១៧ ខែកក្កដា នេះ…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​នា​ឆ្នាំ​២០១៨​នេះ​មាន​ភ្លៀង​ធ្លាក់​តាំងពី​ដើមខែ​រហូត​មក​ដល់​ពេល​នេះ​ស្ទើរតែ​មិន​ទាន់​អស់​នៅឡើយ​ទេ ។ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​អាកាសធាតុ​ចាប់ផ្តើម​ស្រឡះ​ល្អ ហើយ​មេឃ​ក៏​រាំង​បាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ និង​១៧ ខែកក្កដា នេះ មេឃ​ចាប់ផ្តើម​ភ្លៀងរលឹម​វិញ​ហើយ​ជា​ហេតុ​នាំ​ឱ្យ​កសិករ​លំបាក​ក្នុង​ការ​ប្រមូល​ផលដំណាំ​ពោត រីឯ​តម្លៃ​វិញ​ក៏​មានការ​ធ្លាក់​ចុះ​ជាង​មុន​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា អាកាសធាតុ​ឆ្នាំ​នេះ ពិតជា​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​គួរ​ឱ្យ​កត់សម្គាល់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ដំណាំ​របស់​ប្រជា​កសិករ​លូតលាស់​យ៉ាង​ល្អ ។ ប៉ុន្តែ​ដំណាំ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ត្រង់​តំបន់​ទំនាប​ក៏​ទទួល​រង​ការ​ខូចខាត ព្រោះ​ទឹក​ដក់​បណ្តាល​ឱ្យ​ស្អុយរលួយ​ផង​ដែរ ។ ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​ដំណាំ​ពោត​ទុំ​នៅ​តាម​ចម្ការ ប្រជាពលរដ្ឋ​ចាប់ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ​ៗ ដោយពេល​ខ្លះ​មេឃ​រាំងភ្លៀង​ល្អ ធ្វើ​ឱ្យ​ពួក​គាត់​ងាយស្រួល​ដឹក​យក​ទៅ​លក់ដូរ​នៅ​តាម​ស្តង់​នានា​ក្នុង​ក្រុងប៉ៃលិន​ផង​ដែរ ។ តែ​ពួក​គាត់​ក៏​មានការ​ព្រួយបារម្ភ បើសិនជា​មេឃ​នៅ​បន្ត​ធ្លាក់​ភ្លៀង​ពេល​ប្រមូល​ផល​រួច អាច​បណ្តាល​ឱ្យ​ស្អុយរលួយ​ខូចខាត​អស់​ច្រើន ខណៈ​លក់​ឱ្យ​ឈ្មួញ​អត់​ទាន់​ពេល​ផង​ដែរ ។

ប្រជាពលរដ្ឋ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​តម្លៃ​ទីផ្សារ​ផ្លែ​ពោតក្រហម​មានការ​ធ្លាក់​ចុះ​ជាង​មុន​បន្តិច ដោយនៅ​ដើមរដូវ​ឈ្មួញ​ដើរ​ទិញ​ក្នុង​១​គីឡូក្រាម តម្លៃ​ជាង​៥​បាត​(​ប្រាក់​ថៃ​) ។ តែ​បច្ចុប្បន្ន​នេះ​គេ​ដើរ​ទិញ​ត្រឹមតែ​៤​បាត​ជាង​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ​មានការ​ស្ទាក់ស្ទើរ​យ៉ាង​ខ្លាំង ខណៈ​អ្នកខ្លះ​ចង់​ទុក​ឱ្យ​បាន​យូរ​បន្តិច ក្រែង​តម្លៃ​ឡើង​ខ្ពស់​ទើប​ប្រមូល​ផល ហើយ​អ្នកខ្លះ​ទោះបីជា​ថោក​ថ្លៃ​យ៉ាងណា​ក៏​ត្រូវ​បង្ខំចិត្ត​ប្រមូល ព្រោះ​ជំពាក់​បំណុល​ធនាគារ​ដែល​ខែ​ត្រូវ​បង់​ទាំង​ដើម ទាំង​ការ​ឱ្យ​គេ​ផង​ដែរ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយនៅ​ឆ្នាំ​ថ្មី​នេះ​ប្រជាពលរដ្ឋ​មិន​ដាំ​តែ​ដំឡូង ឬ​ពោត​មួយ​មុខ​នោះ​ទេ ដោយ​ម្នាក់​ៗ បាន​រំលែក​ដី​របស់​ខ្លួន​យក​ទៅ​ដាំពោត​ខ្លះ និង​ដាំដំឡូង​មី​មួយ​ចំនួន​ផង​ដែរ​ព្រោះ​ពួក​គាត់​ដាំ​តម្រូវ​ទីផ្សារ​បច្ចុប្បន្ន ខណៈ​កាលពីមុន​ពួក​គាត់​ដាំពោត​ច្រើន បែរជា​ដំឡូង​មី​ឡើងថ្លៃ​ជាង ហើយ​ពេល​ខ្លះ​ដាំដំឡូង​មី ស្រាប់ តែ​ផ្លែ​ពោត​ឡើងថ្លៃ​ជាង​ទៅ​វិញ ដែល​ធ្វើ​ឱ្យ​អ្នកខ្លះ​រត់​តាម​ទីផ្សារ​ស្ទើរតែ​មិន​ទាន់​នោះ​ឡើយ ហើយ​អ្នកខ្លះ​ទៀត​ធ្វើ​ចម្ការ​យូរ​ៗ​ទៅ​ក្លាយទៅជា​ជំពាក់​បំណុល​គេ​រហូត​ដល់​លក់​ដីធ្លី​អស់​នាំ​ប្រពន្ធ​កូន​ទៅ​ស៊ីឈ្នួល​គេ​នៅ​ប្រទេស​ថៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ