ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​កម្ពុជា​ត្រូវ​ប្រឆាំង​នឹង​ជំងឺមហារីក​មាត់ស្បូន និង​សុដន់​ដោយ​របៀប​ណា?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រូពេទ្យ​ជំនាញ​និយាយ​ថា មហារីក​មាត់ស្បូន និង​មហារីក​សុដន់ គឺជា​ជំងឺ​ដែល​កាច​សាហាវ​ដែល​វាយលុក​ចំពោះ​ស្ត្រី​។ ដូច្នេះ​ស្ត្រី​ទាំងអស់​ត្រូវ​ចេះ​មាន​វិធាន​ការ​​ដើម្បី​ប្រឆាំង​ជំងឺ​នេះ​។ លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា…

រាជធានី​ភ្នំពេញ ៖ គ្រូពេទ្យ​ជំនាញ​និយាយ​ថា មហារីក​មាត់ស្បូន និង​មហារីក​សុដន់ គឺជា​ជំងឺ​ដែល​កាច​សាហាវ​ដែល​វាយលុក​ចំពោះ​ស្ត្រី​។ ដូច្នេះ​ស្ត្រី​ទាំងអស់​ត្រូវ​ចេះ​មាន​វិធាន​ការ​​ដើម្បី​ប្រឆាំង​ជំងឺ​នេះ​។

លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា ប្រធាន​ផ្នែក​ជំងឺមហារីក និង​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និយាយ​ថា​៖ «​មហារីក​មាត់ស្បូន​បង្ក​ឡើង​ដោយ​វីរុស HPV ។ យើង​អាច​ចាក់​វ៉ាក់សាំង ដើម្បី​ប្រឆាំង​នឹង​មេរោគ ដើម្បី​ការពារ​ស្ត្រី កុំ​ឲ្យ​កើត​មហារីក​មាត់ស្បូន​» ។

តាម​រយៈ​អនុសាសន៍​របស់​អ្នកប្រាជ្ញ​ខាង​វេជ្ជសាស្ត្រ សម្រាប់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក យើង​គឺ​ត្រូវ​ចាក់​ពី​អាយុ ១០ ដល់​អាយុ ២៦ ឆ្នាំ សម្រាប់​អ្នក​នៅ​លីវ​មិន​ធ្លាប់​ឆ្លងកាត់​ការ​រួម​ភេទ​។ សម្រាប់​អ្នកមាន​អាយុ​លើស​ពី ២៦ ឆ្នាំ ក៏​ចាក់​បាន​ដែរ គ្រាន់តែ​ប្រសិទ្ធភាព​វា​អត់​បាន​ខ្ពស់​ដូច​អ្នក​នៅ​ក្មេង​ៗ​ដែល​មិន​ទាន់​ឆ្លងកាត់​ការ​រួម​ភេទ ។

សម្រាប់​ស្ត្រី​អាយុ ៤០ ឡើង​ដែល​ចង់​ការពារ​ខ្លួន​គាត់​ជំងឺមហារីក​មាត់ស្បូន ត្រូវ​ទៅ​ពិនិត្យ​​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​មាត់ស្បូន​មួយ​ឆ្នាំ ម្តង ដើម្បី​ឲ្យ​ពេទ្យ​​កោស​យក​កោសិកា​មាត់ស្បូន​ទៅ​ពិសោធន៍​មើល ។ ហើយ​បើ​មើលទៅ​ឃើញ​មាន​កោសិកា​ណា វិ​វត្ត​ចង់​ក្លាយជា​មហារីក យើង​ធ្វើការ​ព្យាបាល​ទប់ស្កាត់​មុន ។ ជា​ធម្មតា​ការ​ព្យាបាល​ទប់ស្កាត់​មុន​នាំ​ឲ្យ​ទទួល​បានការ​ជា​សះ​បាន​១០០ ភាគរយ ហើយ​វា​មិន​អាច​វិ​វត្ត​ទៅ​ជា​មហារីក​ទេ ។

ឬ​ក៏​តាម​រយៈ​ការ​កោស​យក​កោសិកា​ទៅ​ពិនិត្យ​រក​ឃើញ​មហារីក​នៅ​ដំណាក់កាល​ដំបូង​ៗ ដែល​អត់​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់ ដូច​ជា​អត់​មាន​ឈឺ​អី ឬ​អត់​មាន​ធ្លាក់​.​ស​ខុស​ប្រក្រតី ឬ​ក៏​អត់​មាន​ធ្លាក់ឈាម​អី​ទេ ។ ប៉ុន្តែ​មួយ​ឆ្នាំទៅ​ពិនិត្យ​សុខភាព ឆែក​មាត់ស្បូន​ម្តង​ជាមួយ​គ្រូពេទ្យ គេ​ឃើញ​មាន​មហារីក​មាត់ស្បូន​នៅ​ដំណាក់កាល​ទី​១ ពេល​នឹង​គឺ​យើង​ព្យាបាល​នៅ​ដំណាក់កាល​ទី​១ អត្រា​ជា​សះស្បើយ​សឹងតែ ៩៩ ភាគរយ អស់​ថវិកា​តិច មាន​ប្រសិទ្ធភាព​ខ្ពស់ ។

ចំណែក​មហារីក​សុដន់​ក៏​អាច​រក​ឃើញ​នៅ​ដំណាក់កាល​ដំបូង​ដែរ ដោយ​ថត​សុដន់​ដោយ​​ឧបករណ៍​ពេទ្យ​មួយ​ឈ្មោះ​ថា Mammogram ។ តាម​រយៈ​ការ​ថត Mammogram គឺ​អាច​រក​ឃើញ​មហារីក​សុដន់​នៅ​តូច​ៗ ដំណាក់កាល​ទី ១ ដែល​យើង​ពិនិត្យ​ធម្មតា ឬ​ស្ទាប​ទៅ​អត់​ប៉ះ ប៉ុន្តែ​តាម​រយៈ Mammogram គឺ​យើង​ថត​ឃើញ អ​ញ្ចឹ​ង​យើង​អាច​វះ​យក​វា​ចេញ​មក គឺ​អាច​ជា​សឹង​បាន​១០០ ភាគរយ ។

សម្រាប់​ករណី​នេះ គឺ​ស្ត្រី​ចាប់ពី​អាយុ ៣៥ ឆ្នាំ​ឡើង​ទៅ ព្រោះ​ក្មេង​ៗ​ឥតប្រយោជន៍​ទេ ចាំ​ទៅ​ថត​សុដន់ ២​ឆ្នាំទៅ​ថត​ដង​ម្តង​ៗ​រហូត​ដល់​អាយុ ៧០​ឆ្នាំ ឬ ៧២ ឆ្នាំ​សឹម​ឈប់​។ បើ​ដល់​អាយុ​ប៉ុណ្ណឹង យើង​អត់​អី​ទេ គឺ​យើង​រួចខ្លួន​ហើយ​៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ